ដោយៈ មុនី​រ័ត្ន​/ភ្នំពេញ ៖ សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ​បាន​ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​ជូន​សមាជិក​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន ក្នុង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២២ នេះ​។​


​លោក ឃឹម វិសាល សមាជិកសមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ និង​ជា​អ្នកសារព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍​ថោ​ន ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ថ្ងៃទី​២ ខែឧសភាកន្លងទៅនេះ។​

​លោក ជុង សុជាតិ អនុប្រធាន​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ជា​តំណាង​លោក ទូច វណ្ណៈ ប្រធាន​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ នៅ​រសៀល​ថ្ងៃទី​៣ ខែឧសភា បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​របស់​សមា​គម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យចំនួនមួយ​លាន​រៀលប្រគល់ជូន​លោក ឃឹម វិសាល សមាជិកសមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ និង​ជា​អ្នកសារព័ត៌មាន​របស់​ស្ថានីយទូរទស្សន៍​ថោ​ន ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ ។​

​ក្នុងឱកាស​នោះ លោក ជុង សុជាតិ ក្នុងនាម​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ បាន​សម្តែង​នូវ​ការសោកស្តាយ​ចំពោះ​គ្រោះថ្នាក់​ដែល​បានកើត​ឡើងលើ​លោក ឃឹម វិសាល និង​សូម​ជូនពរ​ឲ្យ​លោក​ឆាប់​បានជា​សះស្បើយ​ផងដែរ ។​

​ចំណែក​លោក ឃឹម វិសាល បាន​សម្តែង​នូវ​ការថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​ទាំង​ថវិកា ឧបត្ថម្ភ​ដល់​រូបលោក ។ លោក​បន្តថា សកម្មភាព​នេះ​គឺជា​កាយវិការ​ដ៏​ប្រពៃ​ថ្លៃថ្លា ប្រកបដោយ​ការយកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ​សមាជិក សមាជិកា របស់​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ។

​សូមជម្រាបថា សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ បង្កើតឡើង​ដោយ​ក្រុម​បញ្ញវន្ត និង​ជា​អ្នកសារព័ត៌មាន ក្នុង​គោលដៅ​ចងក្រង​អង្គភាព​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​នានា ជា​សម្ព័ន្ធដោយ​ឈរលើ​មូលដ្ឋាន​ឯករាជ្យ ពង្រឹងគុណភាព និង​ការផ្សព្វផ្សាយ រួមគ្នា​ថែរក្សា ការពារ និង​អភិវឌ្ឍ​ប្រទេសជាតិ ឱ្យកាន់តែ​សំបូរ​រុងរឿង ក្រោម​ដំបូល​នៃ​សន្តិភាព​តែមួយ​។​
​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ ត្រូវបាន​ចុះបញ្ជី​ដោយ​ក្រសួងមហាផ្ទៃ លេខ​១០៥៩ ប្រក​. ចុះ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២២ និង​កំពុង​រៀបចំ​ឯកសារ​ចុះបញ្ជី​ស្នើសុំ​កិច្ចសហការ​ពី​ក្រសួង​ព័ត៌មាន ។​
​បច្ចុប្បន្ន​សមាគម​សម្ព័ន្ធ​សារព័ត៌មាន​ឯករាជ្យ មាន​អង្គភាព​សារព័ត៌មាន ចំនួន ២៣​អង្គភាព ជា​សមាជិក មាន​អង្គការ សមាគមចំនួន ៨ និង​ក្រុមហ៊ុន​ឯកជនចំនួន ៦ ជា​ដៃគូ​សហការ និង​មាន​អ្នកសារព័ត៌មានជាច្រើន​នាក់ ជា​សមាជិក​៕​សរន