ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ ដើម្បី​រៀបចំ​សណ្តាប់ របៀបរៀបរយ រដ្ឋបាលខេត្ត​បាត់ដំបង បានដាក់​ឱសានវាទ រយ​:​ពេល​មួយឆ្នាំ តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង ឃ្លាំង​ស្តុក​ទំនិញ​នានា ផ្លាស់ប្តូរ​ទីតាំង ចេញពី​ទីប្រជុំជន​ក្រុង​។​

​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក សឿ​ម ប៊ុន​អភិបាល អភិបាលរង និង​ជា​អ្នកនាំពាក្យ សាលាខេត្ត​បាត់ដំបង បាន​ជូនដំណឹង​ជា​សាធារណៈ កាលពី​ថ្ងៃទី​២ ឧសភា កន្លងមក ថ្មីៗ​នេះ​ថាៈ ដើម្បី​ចូល​រូ​មរ​ក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព​សាធារណៈ និង​ការពារ​ថែរក្សា ផ្លូវថ្នល់ ឱ្យបាន​យូរអង្វែង រដ្ឋបាលខេត្ត​បាត់ដំបង បានសម្រេច​តម្រូវ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​នានា ដែលមាន​ទីតាំង នៅក្នុង​ទីប្រជុំជន​ក្រុង​ទាំងអស់ បញ្ឈប់​រាល់​ការចេញ ចូល ឆ្លងកាត់​រថយន្ត​ដឹកជញ្ជូន ធុន​ធ្ងន់ ចូលក្នុង​ក្រុង​បាត់ដំបង ដោយ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់ ត្រូវ​ផ្លាស់ប្តូរ​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​របស់ខ្លួន ទៅកាន់​តំបន់ ផ្លូវ​ក្រៅ​ក្រុង​វិញ​។​

​សេចក្តីជូនដំណឹង​ជា​សាធារណៈ​ខាងលើ បាន​បញ្ជាក់ដែរថាៈ ការស្នើសុំ​ឲ្យ​ម្ចាស់​ឃ្លាំង ទាំងឡាយ ចូលរួម​ផ្លាស់ប្តូរ​ទីតាំង ស្តុក​ទំនិញ​នេះ អនុវត្ត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ និង​ទុក​រយ​:​ពេល​យ៉ាងយូរ ១​ឆ្នាំ រហូតដល់​បំណាច់​ខែមេសា ឆ្នាំ​២០២៣ ។​

​កន្លងមក មាន​បងប្អូន​អាជីវករ ពាណិជ្ជករ និង​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ បាន​ឆ្លងកាត់ រថយន្ត​ធុន​ធ្ងន់ ដឹកជញ្ជូន​ទំនិញ លើស​ទម្ងន់​កំណត់ ហើយ​ចេញចូល​ក្នុង​ទីប្រជុំជន​ក្រុង បណ្តាលឱ្យ​ខូចខាត​ផ្លូវថ្នល់ និង​រង​ការរិះគន់ មកលើ​អាជ្ញា​ធរមាន​សមត្ថកិច្ច ពី​សំណាក់ ប្រភព​ផ្សេងៗ ហេតុដូចនេះ​រដ្ឋបាលខេត្ត តម្រូវ​មាន​វិធានការ​ផ្លូវច្បាប់ លើ​ករណី​ខាងលើនេះ ដោយ​ម៉ឺងម៉ាត់​បំផុត​។​

​រដ្ឋបាលខេត្ត​បាត់ដំបង បាន​បន្ថែមថាៈ ក្នុង​រយៈពេល​ទុក​ឱកាស ឲ្យ​ប្តូរ​ទីតាំង​ឃ្លាំង ចេញទៅ​កាន់​តំបន់​ក្រៅ​ក្រុង​នេះ ម្ចាស់​ឃ្លាំង​ស្តុក​ទំនិញ​ទាំងអស់ ត្រូវ​ផ្ទេរ​ទំនិញ ពី​រថយន្ត ធុន​ធ្ងន់ មក​រថយន្ត​ធុន​តូច តាមតែ​អាចធ្វើ​ទៅបាន ក្រៅពី​រថយន្ត ដែលមាន​ទម្ងន់ លើសពី ១៦ តោន ធ្វើ​ចរាចរណ៍​ចូលក្នុង​ក្រុង​៕/V​