ដោយៈ មុនី​រ័ត្ន​,​ប​.​ជ័យ​/​ភ្នំពេញៈ មនុស្ស​ចំនួន​បីនាក់ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន សព្វាវុធ​ដោយ​ខុសច្បាប់​ឆ្លងដែន​ទៅ​ថៃ នៅត្រង់ចំណុច​រង្វង់​មូល​យាយជី​ច្រូតស្រូវ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ក្រោក​ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​។​ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុងតែបន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​ការចាប់ខ្លួន​ពួកគេ​ទាំងបី​នាក់​បាន​ធ្វើឡើង​ដោយ​កម្លាំង​អាវុធហត្ថ​ស្រុក​បរវេល​ខេត្តបាត់ដំបង​សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ស្រុក​មង្គល​បូរី កាលពី​ថ្ងៃទី​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០២២​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ ផ្ទៃ​ប្រទេស​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​៣​ខែឧសភា​នេះ​ថា​“​ចំពោះ​ករណីនេះ​ប្រតិបត្តិការ​មិនទាន់​ចប់ នៅឡើយ​ទេ​។​ដំណើរ​រឿងហេតុ​ដំបូង​គឺ​ចេញ​មកពី​ការត្រួតពិនិត្យ​ការឆ្លង​ដែន​របស់​សម​ត្ថ​កិច្ច​ថៃ​ដោយ​សមត្ថកិច្ច​ថៃ​បាន​ត្រួត ពិនិត្យ​មើលទៅ​នៅក្នុង​កេស​មួយ​មាន​បង់​កាំភ្លើង និង​បាន​ចាប់យក​វត្ថុតាង​ស្រាវជ្រាវ​នៅ​ខាង​ភាគី​ថៃ ហើយ​ក៏បាន​សហការ​ជាមួយ​ខាង​អាវុធហត្ថ ដោយបាន​បញ្ជូន​ព័ត៌មាន​មក​យើង​ថា គាត់​បាន​រកឃើញ​បង់​កាំភ្លើង​ដែល​ដាក់​នៅ​ខាងក្នុង​កេស​ឆ្លងដែន​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​។ កងរាជអាវុធហត្ថ​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ក៏បាន​រកឃើញ​មាន​កាំភ្លើង មាន​គ្រាប់​បែប គ្រាប់កាំភ្លើង …. ”​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់​ទៀតថា “​ជំហាន​ដំបូង​រឿងនេះ គឺជា​រឿង​ពិត​ហើយ គឺមាន​ការជួញដូរ​កាំ​ភ្លើង គ្រាប់ ហើយ​ត្រូវបាន​រកឃើញ​ដោយ​កងរាជអាវុធហត្ថ​ពិតប្រាកដ​មែន​នៅ​ខេត្តបាត់ដំបង​”​។​

វត្ថតាងដែលសមត្ថកិច្ចរកឃើញ(រូបថត BTV)

​សូមជម្រាបថា កាលពី​រសៀល​ថ្ងៃទី​០២ ខែឧសភា​កន្លង កម្លាំង​អាវុធហត្ថ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​មង្គល​បូរី បាន​សហការ​ចុះ​ស្រាវជ្រាវ​ករណី​រក្សាទុក និង​ដឹកជញ្ជូន​សព្វាវុធ​ដោយ​ខុសច្បាប់ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​បីនាក់​នៅត្រង់ចំណុច​រង្វង់​មូល​យាយជី​ច្រូតស្រូវ ស្ថិតក្នុង​ភូមិ​ឬ​ស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

បន្ទាប់ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី និង​ដោយមាន​ការសម្របសម្រួល​និតិ​វិធី ពី​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កម្លាំង​អាវុធហត្ថ​បាន​ឈានទៅដល់​ធ្វើការ​ឆែកឆេរ​លំនៅដ្ឋាន​អ៊ំ​របស់​ជនសង្ស័យ​ដែល​នៅក្បែរ​ផ្ទះ​ជនសង្ស័យ (​ផ្ទះ​ទុក​ទំនេរ​ម្ចាស់​ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ​) រកឃើញ​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ គ្រាប់បែកដៃ​ប្រមាណ​ជា ៥០​គ្រាប់ និង​កាំភ្លើងខ្លី រួមទាំង​វត្ថុតាង​មួយចំនួនទៀត​៕srn