​ដោយៈមុនីរ័ត្ន/ភ្នំពេញ​៖​លោក គឹម សន្តិភាព និង លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ទទួល​ជួបពិភាក្សា​ការងារជាមួយ​លោក ស៊ុន ឆ័យ តំណាង​គណបក្ស​ភ្លើងទៀននៅ​ទីស្តីការ​ក្រសួងយុត្តិធម៌​។

​ជំនួបនេះបានប្រព្រឹត្តិទៅ​នា​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២២​នេះ។ លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹងថា ក្នុងជំនួបនេះតំណាង​គណបក្ស​ភ្លើងទៀន​បានស្នើ​សុំ​ចំនួន​ពីរ​ចំណុច ៖
១. ស្នើសុំ​ឱ្យមាន​ការទម្លាក់​បទ​ចោទ និង​ការដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ចំពោះ​សកម្មជន​គណបក្ស​ភ្លើងទៀន​ដែល កំពុងស្ថិត​ក្នុង​ដំណើរ​នីតិវិធីតុលាការ​និង២.​ស្នើសុំ​ឱ្យមាន​ការពន្យា​នីតិវិធីតុលាការ​លើ​សក​ម្ម​ជន​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​ស្ថិតក្នុង​ចំណាត់ការ​របស់​តុលាការ ដោយ​កុំឱ្យ​មានការ​កោះហៅ​ក្នុងអំឡុងពេល​រៀបចំ​ការបោះឆ្នោត​ឃុំ​-​សង្កាត់ ខាងមុខនេះ​។​

លោក ជិន ម៉ាលីន (ខាងឆ្វេង) លោក គឹម សន្តិភាព (ខាងស្តាំ)( រូបភាព ហ្វេសប៊ុកលោក ជីន ម៉ាលីន)

​ជាការ​ឆ្លើយតប​តំណាង​ក្រសួង​ក្រសួងយុត្តិធម៌​បានបញ្ជាក់​ជូន​ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​ចំនួន​ពីរចំណុច​ដូចខាងក្រោម​៖
​ទី​១-​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ឱ្យមាន​ការទម្លាក់​បទ​ចោទ និង​ការដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ចំពោះ សកម្មជន​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​ស្ថិតក្នុង​ដំណើរការ​នីតិវិធីតុលាការ​៖​តំណាង​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់ថា តាម​គោលការណ៍​ច្បាប់ ការទម្លាក់​ចោល​បទ​ចោទ ឬ​ការដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ជា​សមត្ថកិច្ច​របស់​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ​ដោយ​ផ្អែកលើ​អង្គហេតុ​និង​អង្គច្បាប់​ហើយ​ក្រសួងយុត្តិធម៌​ដែលជាស្ថាប័ន​នីតិប្រតិបត្តិ​ពុំមាន​សមត្ថកិច្ច និង​សិទ្ធ​អំណាច​ក្នុងការ​ជ្រៀតជ្រែក​កិច្ចការ​របស់​តុលាការ​នោះទេ​។​

​តំណាង​ក្រសួងយុត្តិធម៌​បានបញ្ជាក់​បន្ថែមថា មានតែ​ការចូលរួម​នៅក្នុង​ដំណើរការ​នីតិវិធី​របស់ តុលាការ​ទេ ដែលជា​មធ្យោបាយ​ខាង​ផ្លូវច្បាប់​តែមួយគត់​ក្នុងការ​ការពារ​ខ្លួន​ដោយ​គួរ​ពឹងពាក់​មេធាវី​ក្នុង​ការជួយ​ការពារ​ក្តី​នៅក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ​។​

​ទី​២-​ពាក់ព័ន្ធ​ការស្នើសុំ​ឱ្យមាន​ការពន្យា​រ​នីតិវិធីតុលាការ​លើ​សក​ម្ម​ជន​គណបក្ស​ភ្លើងទៀន​ដែល​កំពុង​ស្ថិតក្នុង​ចំណាត់​ការ​របស់​តុលាការ ដោយ​កុំឱ្យ​មានការ​កោះហៅ​ក្នុងអំឡុងពេល​រៀបចំ​ការបោះឆ្នោត​ឃុំ​- សង្កា ត់ ខាងមុខនេះ​, ក្រសួងយុត្តិធម៌​ពុំមាន​សមត្ថកិច្ច​ក្នុងការ​បង្គាប់បញ្ជា​ទៅ​តុលាការ​នោះទេ​។​កន្លងមក​ក្រសួងយុត្តិធម៌​ពុំដែល​ណែនាំ​ឱ្យមាន​ការពន្យារ​នីតិវិធីតុលាការ​នោះទេ​គឺ​មានតែ​ផ្តល់​គោលការណ៍​ណែនាំ​ឱ្យ​ព​ន្លឿ​ន​ដំណើរការ​នីតិវិធី​សំណុំរឿង​ដោយ​ផ្អែកទៅលើ​ផ្លូវច្បាប់​។​ដូចជា​ក្នុង​យុទ្ធនាការ​នៃ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ជាដើម​ដើម្បី​ដោះស្រាយ​ការកកស្ទះ សំណុំរឿង និង​ភាព​ចង្អៀត​ណែន​នៅតាម​ពន្ធនាគារ​។​

​លោក ជិន ម៉ា​លីន បានបញ្ជាក់ថា តំណាង​ក្រសួងយុត្តិធម៌​បាន​ទទួលយក​សំណើ​របស់​តំណាង​គណបក្សភ្លើងទៀន​ដើម្បី​ពិនិត្យ​និង​ពិចារណា​ទៅតាម​សមត្ថកិច្ច​របស់​ក្រសួង​ដែល​ច្បាប់​អនុញ្ញាត​និង​បានស្នើ​ទៅ​តំណាង​គណបក្ស​ភ្លើងទៀន​ឱ្យជួយ​ធ្វើការ​ណែនាំ​ទៅ​សកម្មជន​របស់ខ្លួន​ក្នុង​ការគោរព​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន​ប្រសិនបើ​មិន​ចង់ឱ្យមាន​ការអនុវត្ត​ច្បាប់​៕សរន
លោក សុន ឆ័យ តំណាងគណបក្សភ្លើងទៀន(រូបទី២ ខាងស្តាំ)