ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ អង្គជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា (​អ​.​វ​.​ត​.​ក​) កាលពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២២ បាន​ប្រារព្ធ​ពិធី​បើក​សិក្ខាសាលា ស្តីពី «​ជនរងគ្រោះ និង​ការផ្សព្វផ្សាយ របាយការណ៍​ប្រឹក្សា ស្តីពី​សកម្មភាព​នានា ពាក់ព័ន្ធ​នឹង​ជនរងគ្រោះ របស់ អ​.​វ​.​ត​.​ក នៅក្នុង​អំឡុង​ដំណាក់កាល ដែល​នៅ​សេសសល់​»​។​

​សិក្ខាសាលា​នេះដែរ ត្រូវ​រៀបចំឡើង រយៈពេល​បី​ថ្ងៃ ពោលគឺ ចាប់ពី​ថ្ងៃទី​៣ រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ Hyatt Regency រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា បន្ទាប់ពី​មាន​សំណើសុំ​ពី សហ​ចៅក្រម របាយការណ៍ គឺ​លោក ចៅក្រម យូរ ឧត្តរា និង​លោកស្រី ចៅក្រម Claudia Fenz ដើម្បី​ចាប់ផ្តើម ដំណើរការ ប្រឹក្សា​ជា​ចំហរ ក្នុងការ​បង្កើតឡើង នូវ​សកម្មភាព​នានា ពាក់ព័ន្ធ នឹង​ជនរងគ្រោះ នៅមុន​ពេល និង​នៅពេល​ចាប់ផ្តើម​ការងារ ដែល​នៅ​សេស សល់​នោះ អ​.​វ​.​ត​.​ក បានសម្រេច​ថា ជំហាន​ដំបូង​បំផុត គឺ​ការរៀបចំ​សិក្ខាសាលា រយៈពេល​បី​ថ្ងៃ ជាមួយ​ជនរងគ្រោះ អ្នកតំណាង​របស់​ពួកគាត់ នៅក្នុង​សង្គម ស៊ីវិល និង​នៅ​សាល​សវនាការ ព្រមទាំង​អ្នកពាក់ព័ន្ធ សំខាន់ៗ​ផ្សេងទៀត​។​

​ដោយសារតែ អ​.​វ​.​ត​.​ក កាន់តែ​ខិតជិត ដល់​ការបំពេញ​ការងារ នៅ​សេសសល់ រយៈពេល បី​ឆ្នាំ​របស់ខ្លួន ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ របស់​ជនរងគ្រោះ នៃ​របប​ខ្មែរក្រហម និង​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​ដំណើរការ​យុត្តិធម៌​អន្តរកាល ជូន​ដល់​សាធារណជន​នោះ សិក្ខាសាលា​នេះ បានចាប់ផ្តើម​ដំណើរការ ដ៏​មានតម្លៃ និង​ទាន់ពេលវេលា ក្នុង​គោលបំណង ដើម្បី​បង្កើត​កម្មវិធី​ថ្មី និង​ពង្រឹង​ទៅលើ​កម្មវិធី ដែលមាន​ស្រាប់ ឬ​មាន​ពីមុន ដែល​ផ្តោត​ជា​ចម្បង ទៅលើ​តម្រូវការ​ជនរងគ្រោះ​។​

​ពិធី​បើក​កាលពី​ព្រឹក​ម្សិលមិញ គឺមាន​ការចូលរួម​ជាពិសេស នូវ​សុន្ទរកថា ស្វាគមន៍ របស់ លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី អ​.​វ​.​ត​.​ក លោក Jacques PELLET ឯកអគ្គរដ្ឋទូត​បារាំ​ង និង​ជា​សហប្រធាន​ក្រុម​មិត្ត​របស់ អ​.​វ​.​ត​.​ក និង លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ប្រធាន​គណៈ កម្ម​ការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​ក្រុមការងារ​រាជ រដ្ឋាភិបាល ទទួលបន្ទុក អ​.​វ​.​ត​.​ក​។​

​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ Stanford គឺ​បណ្ឌិត David J. COHEN ដែល​ដើរតួនាទី​ជា​អ្នក សម្របសម្រួល សិក្ខាសាលា​រយៈពេល បី​ថ្ងៃនេះ បានចាប់ផ្តើម​ថ្លែង ដោយ​សង្ខេប ហើយ បន្ទាប់មក បានបង្ហាញ​នូវ​សារ តាមរយៈ​ខ្សែ​វីដេអូ របស់លោក​ស្រី បណ្ឌិត Beth VAN SCHAACK ឯកអគ្គរដ្ឋទូត​គោចរ​សហរដ្ឋអាមេរិក ទទួលបន្ទុក​យុត្តិធម៌​ព្រហ្មទណ្ឌ​សាកល ផ្ញើជូន​អ្នកចូលរួម​សិក្ខាសាលា​ទាំងអស់​។​

​នៅក្នុង​ការ​ថ្លែង​ដោយ​សង្ខេប តាម​វីដេអូ​នោះ លោកជំទាវ​ឯកអគ្គរដ្ឋទូត បានកត់សម្គាល់​ថាៈ «​ការបង្កើត​នូវ​មុខងារ ដែល​នៅ​សេសសល់ របស់ អ​.​វ​.​ត​.​ក រួមជាមួយ​ការជំរុញ​លើកទឹកចិត្ត ដែល​បាន​គូសបញ្ជាក់ នៅក្នុង​អនុសាសន៍ របាយការណ៍​ប្រឹក្សា អស់លោក លោកស្រី នឹង​ទទួលបាន​ឱកាស​ដ៏​កម្រ​មួយ ក្នុងការ​ធានាថា ការខិតខំ​ប្រឹងប្រែង នឹងមាន​ជា​បន្តទៀត ដើម្បី​ព្យាបាល ស្នាមរបួស អ្នក​ទាំងឡាយណា ដែល​បាន​ទទួលរង​ការឈឺចាប់​»​។
​ខ្សែ​វីដេអូ​នៃ​សុន្ទរកថា​ទាំងស្រុង របស់លោក​ស្រី ឯកអគ្គរដ្ឋទូត VAN SCHAACK មាន​នៅលើ​គេហទំព័រ​យូ​ធូប របស់ អ​.​វ​.​ត​.​ក នៅៈ https://youtu.be/8PW14gKl_WY ។​

​នៅក្នុង​កម្មវិធី នាពេល​រសៀល ម្សិលមិញ អ្នកចូលរួម​ប្រមាណ ៩០ នាក់ រួមមាន ដើមបណ្តឹង រដ្ឋប្បវេណី មេធាវី និង​ភាគី​នានា នៃ អ​.​វ​.​ត​.​ក តំណាង​របស់​អង្គការ មិនមែន​រដ្ឋាភិបាល អង្គការ​អន្តរជាតិ និង​អ្នកសិក្សា​ស្រាវជ្រាវ ដែល​ត្រូវបាន បែងចែក ជា​ប្រាំបី​ក្រុម​ពិភាក្សា ដោយ​ផ្តោតទៅលើ​ផ្នែក​ផ្សេងៗ​គ្នា​នៃ​បញ្ហា រួមជាមួយ​ឱកាស​ក្នុងការ​បង្កើត និង​ពង្រឹង​ទៅលើ កម្មវិធី ដែល​ផ្តោត​សំខាន់ លើ​ជនរងគ្រោះ​៕/V​-PC