ដោយ​: ដេប៉ូ​/​ភ្នំពេញ​: ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​អង្គការ ហេ​ទ្បែ​ន ខេ​ល​ល័​រ អន្តរជាតិ និង​ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​រួមគ្នា​អនុវត្ត​នូវ​គម្រោង​សាកល្បង​លើកកម្ពស់​សុខភាព អាហារូបត្ថម្ភ ដល់​ទារក និង​កុមារ​នៅតាម​រោងចក្រ​សហគ្រាស​។​

​កិច្ចសហប្រតិបត្តិការ​រួមគ្នា​នេះ​ធ្វើឡើង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MOU )​ដែល​បាន​រៀបចំឡើង​នា​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២ នា​ទីស្តីការក្រសួង​ការងារ​។​ការអនុវត្ត​គម្រោង​នេះដែរ មាន​សុពលភាព​រយៈពេល ១៥​ខែ ដែល​ត្រូវបាន​ចុះហត្ថលេខា​រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោកស្រី​បណ្ឌិត ហ្គ្វី​ណេ​ត ខុ​ត​ស៍ (Gwyneth Cotes) នាយិកា​ប្រចាំ​ប្រទេស​អង្គការ Helen Keller និង​លោក ហ្វា​រីដ ស៊ែ​ល​មី (Farid Selmi) នាយក​គម្រោង MUSEFO ។​

​ក្នុង​គម្រោង​មួយ​នេះដែរ​បាន ផ្ដោតលើ​រោងចក្រ​ចំនួន ១៨​កន្លែង ដែលមាន​អ្នកធ្វើ​ការសរុប​ចំនួន ២១.១៦៦​នាក់​។ ដោយ​ផ្តល់​ការបណ្តុះបណ្តាល ស្តីពី​សារៈសំខាន់​នៃ​ការលើកកម្ពស់​សុខភាព អាហារូបត្ថម្ភ និង​ការចិញ្ចឹម​ទារក និង​កុមារ​ដល់​និយោជក ឬ​តំណាង​របស់ខ្លួន កម្មករ កម្មការិនី​ក្នុង​វ័យ​បន្ត​ពូជ និង​កម្មការិនី​កំពុងមាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​។​

​លោកស្រី ហ្គ្វី​ណេ​ត ខុ​ត​ស៍ បញ្ជាក់ថា បច្ចុប្បន្ន​អង្គការ​ហេ​ទ្បែ​ន ខេ​ល​ល័​រ កំពុង​រៀបចំ​ដំណើរការ​សាកល្បង​គម្រោង​លើកកម្ពស់​សុខភាព និង​អាហារូបត្ថម្ភ​ដល់​ស្ត្រី និង​កុមារ​នៅតាម​រោងចក្រ​មួយចំនួន តាមរយៈ​ការគាំទ្រ​ថវិកា​របស់​គម្រោង GIZ-MUSEFO ដើម្បី​រួមគ្នា​លើកកម្ពស់​សុខភាព ផលិតភាព​ការងារ និង​សេដ្ឋកិច្ចកម្ពុជា​។ កម្មវិធី​នេះ បាន​ផ្តោតទៅលើ​ការអប់រំ​ដល់​បុគ្គលិក កម្មករ កម្មការិនី​អំពី​សារៈសំខាន់​នៃ​សុខភាព និង​អាហារូបត្ថម្ភ ដូចជា​៖ ១. សារៈសំខាន់​នៃ​អាហារូបត្ថម្ភ​ក្នុងការ​លើកកម្ពស់​សុខ​ភាព និង​ការពារ​ពី​ជំងឺ​ផ្សេងៗ ២. អត្ថប្រយោជន៍​ការបរិភោគ​អាហារ​ចម្រុះ​ដែលមាន​សារជាតិ​ចិញ្ចឹម​ខ្ពស់​ដើម្បី​សុខភាព និង​ថាមពល​មាំមួន ៣.​ការថែទាំ​សុខភាព​ពេល​លំហែ​មាតុភាព និង​ក្រោយ​សម្រាលកូន និង ៤.​ការអប់រំ ស្តីពី​ការចិញ្ចឹម​ទារក និង​កុមារ​តូច​ក្នុង​កំ​ទ្បុ​ង​ពេលធ្វើ​ការងារ​ដើម្បីឱ្យ​កូនៗ​របស់​ពួកគេ​មាន​សុខ​ភាពល្អ និង​ក្លាយជា​ពលរដ្ឋ​មាន​សក្តានុពល​ប្រកបដោយ​ផលិតភាព​ខ្ពស់​ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​នាពេល​អនាគត​។

​លោកស្រី នាយិកា លើកឡើងថា គម្រោង​នេះ នឹង​ផ្តល់ជូន​នូវ​សម្ភារ​អប់រំ​ផ្សព្វផ្សាយ​ព្រមទាំង​បំពាក់​នូវ​ឧបករណ៍​មួយចំនួន​ដូចជា​៖ ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹក​ដោះ កន្សែង​ជូត​ដៃ និង​សាប៊ូ​លាងដៃ​ជាដើម ដល់​បន្ទប់​បំបៅ​ដោះ​កូន​ដែលមាន​ស្រាប់​នៅតាម​រោងចក្រ​គោលដៅ​នីមួយៗ​។​

​លោកស្រី បាន​ថ្លែងអំណរគុណ​ដល់ លោក​រដ្ឋមន្ត្រី និង​សហការី ដែល​បាន​សហការ​យ៉ាង​ជិតស្និត ដើម្បី​រៀបចំ​ឲ្យ​មាន MOU នេះ​ឡើង ដែល​បានផ្តល់​អាទិភាព​ចំពោះ​បញ្ហា​សុខភាព​ទៅដល់​កម្មករនិយោជិត​។ លោកស្រី សង្កត់ធ្ងន់ថា សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​បាន​គាំទ្រ​លើ​គម្រោង នឹង​សម្រេចបាន​ចំនួន ៨៥​ភាគរយ សម្រាប់​អាហារូបត្ថម្ភ និង​៨៥​ភាគរយ​ទៀត​សម្រាប់​ការ​បំបៅ​ដោះ​កូន​នៅតាម​រោងចក្រ សហគ្រាស នៅក្នុង​ឆ្នាំ​២០៣០​ខាងមុខនេះ​។

​លោក អ៊ិត សំហេង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គការ​ហេ​ទ្បែ​ន ខេ​ល​ល័​រ ដែល​បាន​បង្កើត​នូវ​កម្មវិធី​ពាក់ព័ន្ធ នឹង​អនាម័យ អាហារ​រូប​ត្ថ​ម្ភ កុមារ នៅតាម​រោងចក្រ សហគ្រាស ជាពិសេស​ជា​ស្ត្រី ឲ្យ​ស្របទៅនឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​កំពុងតែ​អនុវត្ត​នៅតាម​បណ្តា​រោងចក្រ​សហគ្រាស​នានា​ក្នុងប្រទេស​កម្ពុជា​។

​ជាមួយនេះ លោក​រដ្ឋមន្ត្រី បាន​អរគុណ​ដល់​រដ្ឋាភិបាល​អាល្លឺម៉ង់ តាមរយៈ​គម្រោង​GIZ ដែល​បានផ្តល់​ការគាំទ្រ​យ៉ាងសកម្ម​ក្នុងការ​ចូលរួម​អនុវត្ត​នូវ​គម្រោង​នេះ​៕​