ប្រែ​សម្រួលៈ​បំណង​(ST)៖ ចាប់ពី​អេត្យូ​ពី​ខាងត្បូង ដល់​គេ​ន​យ៉ា​ខាងជើង​និង​សូ​ម៉ាលី ទឹកដី​ធំ​ល្វឹងល្វើយ​នៅ​ទូទាំង​តំបន់​ស្នែង​អាហ្វ្រិក​(Horn of Africa)​កំពុង​ជួប​គ្រោះរាំងស្ងួត​ដ៏​ហិនហោច​​មួយ ដែល​បាន​រុញ​មនុស្ស​ប្រមាណ​២០​លាន​នាក់​អោយ​ប្រឈម​ការអត់​អាហារ​។​

​នៅ​ទូទាំង​តំបន់ មនុស្ស​១​លាន​នាក់​ត្រូវ​បង្ខំ​អោយ​ចាកចោល​ផ្ទះ​សម្បែង​ដោយសារ​អត់​ទឹក​និង​វាលស្មៅ​

​សន្និសីទ​ផ្តល់ជំនួយ​មួយ​កាលពី​សប្តាហ៍​មុន​​ប្រមូល​បាន​ប្រាក់​១,៤​ពាន់​លាន​ដុល្លារ​សំរាប់​តំបន់​ដែល​អង្គការសហប្រជាជាតិ​និយាយថា កំពុង​ប្រឈម​ភាពរាំងស្ងួត​ខ្លាំង​បំផុត​នៅ​រយៈពេល​៤០​ឆ្នាំ​មកនេះ​។​​នៅ​តំបន់​រងគ្រោះ​នេះ ប្រជាជន​រស់​ដោយការ​ចិញ្ចឹម​សត្វនិ​ង​ការដាំដុះ​បន្ទាប់បន្សំ​។​តែ​ពួកគេ​ជួប​ភាពរាំងស្ងួត​អស់​បួន​រដូវវស្សា​ជាប់ៗគ្នាមកហើយ​ចាប់តាំងពី​ចុងឆ្នាំ​២០២០​និង​ស្ថានភាព​កាន់តែ​អាក្រក់​ឡើង​​ដោយសារ​តែ​ហ្វូង​កណ្តូប​បំផ្លាញ​ដំណាំ​រវាង​ឆ្នាំ​២០១៩​និង​២០២១​។​

​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ​(WFP)​បាន​និយាយ​កាលពី​ខែ​មុន​ថា​«​ចំនួន​មនុស្ស​អត់ឃ្លាន​ដោយសារ​ភាពរាំងស្ងួត​អាច​កើន​ថេរ​ពី​ចំនួន​ប្រមាណ​១៤​លាន​នាក់​នៅ​ពេល​​បច្ចុប្បន្ន​ដល់​២០​លាន​នាក់​នៅ​ឆ្នាំ​២០២២នេះ»​។​

​ប្រជាជន​សូ​ម៉ាលី​ប្រមាណ​៦​លាន​នាក់ ប្រមាណ​៤០​ភាគរយ​នៃ​ប្រជាជន​របស់​ប្រទេស​នេះ កំពុង​ប្រឈម​ការខ្វះខាត​ស្បៀង​ខ្លាំង​បំផុត និង​«​ពិតជា​ប្រឈម​ការ​អត់​ឃ្លាំង​ខ្លាំង​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​»​បើ​​សិន​ជា​ស្ថានភាព​បច្ចុប្បន្ន​នៅតែ​មាន នេះ​បើ​តាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​សហប្រជាជាតិ​មួយ​។​

​ទីភ្នាក់ងារ​ដដែល​បាន​បន្ថែមថា មនុស្ស​ប្រមាណ​៦,៥​លាន​នាក់​ទៀត​នៅ​អេត្យូ​ពីក៏​ជួប​អសន្តិសុខ​ស្បៀង​ស្រួចស្រាល់​ផងដែរ​និង​ប្រមាណ​៣,៥​លាន​នាក់​នៅ​គេ​ន​យ៉ា​។​

​នៅ​ទូទាំង​តំបន់ មនុស្ស​ប្រហែល​មួយ​លាន​នាក់​ត្រូវបាន​បង្ខំ​អោយ​ចាកចោល​ផ្ទះ​សម្បែង​ដោយសារ​ខ្វះ​ទឹក​និង​វាលស្មៅ និង​យ៉ាងតិច​សត្វ​ពាន​ហនៈ​៣​លាន​ក្បាល​បាន​ងាប់​ដោយ​រាំងស្ងួត​។​

​ពួក​អ្នកជំនាញការ​និយាយថា​ហេតុការណ៍​អាកាសធាតុ​អាក្រក់​ខ្លាំង​កំពុង​កើតមាន​ញឹកញាប់​ទៅ​និង​កាន់តែ​ខ្លាំង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។​ស្ថានភាព​អាក្រក់​នៅ​តំបន់​ស្នែង​អាហ្វ្រិក​កាន់តែ​ធ្វើ​​អោយ​ធ្ងន់ធ្ងរ​ទៅ​ដោយសារ​សង្គ្រាម​នៅ​អ៊ុ​យក្រែន ដែល​នាំ​ដល់​ការ​ឡើងថ្លៃ​ស្បៀង និង​ប្រេង ។​

​នាយក​អង្គការ​យូ​នី​សេ​ហ្វ​(Unicef)​បាន​និយាយថា កុមារ​១០​លាន​នាក់​នៅ​ជី​បូ​ទី អេត្យូ​ពី គេ​ន​យ៉ានិ​ង​សូ​ម៉ាលី ត្រូវការ​ជំនួយ​សង្គ្រោះ​ជីវិត​បន្ទាន់​ដោយសារតែ​វិបត្តិ​នេះ​។​

​ភាគ​រាំងស្ងួត​ក៏​គំរាម​ពិភព​សត្វព្រៃ និង​សត្វពាហនៈ​ដោយ​បង្ខំ​អោយ​សត្វព្រៃ​ចេញ​កាន់តែ​ឆ្ងាយ​ពី​ជម្រក​របស់វាដើម្បី​ស្វែងរក​ទឹក​និង​ចូល​កាន់​កានតែ​កៀក​នឹង​តំបន់​មនុស្ស​រស់​នៅ​៕

​នៅ​សូ​ម៉ាលី នៅពេល​ភាពរាំងស្ងួត​អូសបន្លាយ ទឹក​រីងស្ងួត​អស់ នាំ​អោយ​សត្វពាហនៈ​និង​ដំណាំ​ងាប់​