​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋធានី​ប៉េកាំង​បាន​បិទ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​និង​ផ្លូវ​រថយន្តក្រុង​រាប់សិប​កន្លែង​នៅ​ថ្ងៃ​ពុធ​ទី​៤ ឧសភា​នេះ​ក្នុង​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​បញ្ឈប់​ការរីក​រាល​​ដាល​នៃ​កូវី​ដ​១៩​និង​ចៀសវាង​ជោគវាសនា​ដូច​ទីក្រុង​សៀង​ហៃ កន្លែង​ដែល​អ្នកស្រុក​រាប់លាន​នាក់​បាន​ស្ថិតក្រោម​ការបិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​អស់​រយៈពេល​ជាង​មួយខែ​។​

​ភស្តុតាង​ថ្មី​បានបង្ហាញ​ថា ការប្រយុទ្ធ​មិនចេះចប់​របស់​ចិន​ប្រឆាំងនឹង​មេរោគ​កូរ៉ូណា​កំពុង​ធ្វើ​ឱ្យ​ខូចខា​តដល់​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន និង​ក្រុមហ៊ុន​អន្តរជាតិ ដែល​វិនិយោគ​នៅ​ទីនោះ​។​

​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទីក្រុង​មួយ​ផ្សេងទៀត​បាន​ប្រកាស​អំពី​ការ​ធ្វើ​ការងារ​ពី​ផ្ទះ​និង​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩​ផ្សេង​ទៀត​សម្រាប់​សប្តាហ៍​ខាងមុខនេះ​។ ទីក្រុង​ចេងចូវ​នៅ​ភាគ​កណ្តាល​ដែល​មាន​ប្រជាជន​​ចំនួន ១២,៦ លាន​នាក់​និង​រោងចក្រ​ផលិត iPhone របស់​ក្រុមហ៊ុន Apple​ឈ្មោះ Foxconn បាន​ចូលរួម​ជាមួយ​ទីក្រុង​ធំៗ​ជាច្រើន​ក្នុង​ការបិទ​ខ្ទប់​ទាំងស្រុង​ឬ​ដោយ​ផ្នែក​។​

​អ្នកផ្តល់​សេវាកម្ម​បាន​និយាយថា ទីក្រុង​ប៉េកាំង​បាន​បិទ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ជាង ៤០ កន្លែង គឺ​ស្មើ​ប្រហែល​មួយ​ភាគ​ដប់​នៃ​បណ្តាញ​របស់ខ្លួន និង ផ្លូវ​ឡានក្រុង​ចំនួន ១៥៨ ខ្សែ​។​ស្ថានីយ​និង​ផ្លូវ​ដែល​​ផ្អាក​ភាគច្រើន​គឺ​នៅក្នុង​សង្កាត់​ចាវ​យ៉ាង ដែល​ជា​ចំណុចកណ្តាល​នៃ​ការផ្ទុះកូ​វីដ​ក្នុង​រដ្ឋធានី​។​

​ជាមួយ​នឹង​ករណី​ថ្មី​រាប់សិប​ក្នុង​មួយថ្ងៃ ទីក្រុង​ប៉េកាំង​កំពុង​ព្យាយាម​បញ្ចៀស​ការបិទ​ខ្ទប់​ទាំងស្រុង​ដូច​ដែល​ទីក្រុង​សៀង​ហៃ​បានធ្វើ​ដំបូង ដោយ​សង្ឃឹម​ថា​ការ​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំ​នឹង​រកឃើញ​និង​ដាក់​​ឱ្យ​អ្នកជំងឺ​នៅ​ដាច់​ដោយឡែក​ពី​គេ មុន​ពេល​វា​អាច​រីក​រាលដាល​។​

​ទីក្រុង​ដែល​មាន​ប្រជាជន ២២​លាន​នាក់​នេះ​បាន​បិទ​សាលារៀន​ក៏ដូចជា​អាជីវកម្ម​នានា​និង​អគារ​លំនៅដ្ឋាន​មួយចំនួន​នៅក្នុង​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​ហើយ​មនុស្ស​ជាច្រើន​កំពុង​ស្តុក​ទុក​​ចំណីអាហារ​ក្នុងករណី​ដែល​ការបិទ​ខ្ទប់​ពេញលេញ​កើតឡើង​៕

ទីក្រុង​ប៉េកាំង​បាន​បិទ​ស្ថានីយ​រថភ្លើង​ក្រោម​ដី​ជាង ៤០ កន្លែង និង ផ្លូវ​ឡានក្រុង​ចំនួន ១៥៨ ខ្សែ​

ប្រជាជនក្រុងប៉េកាំងរង់ចាំការធ្វើតេស្តិ៍រកកូវីដ១៩