​ដោយៈ ពៅ​និមល​/​ភ្នំពេញៈ ជាថ្មី​ម្តងទៀត ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ជូនដំណឹង​ដល់​សាធារណៈជន​ឱ្យបាន​ជ្រាបថា ក្រសួង​ធ្វើការ​ពន្យា​រទទួល​ពាក្យស្នើសុំ​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​ប្រកួតប្រជែង​កម្ពុជា ហៅ​កាត់ (​គ​.​ប​.​ក​.) ដែលជា​បុគ្គល​ឯករាជ្យ​សម្រាប់​អា​ណិ​ត្ត​ដំបូង រហូតដល់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២២​។​

​ប្រភពពី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) នៃ​ក្រសួងពាណិជ្ជកម្ម នៅ​រសៀល​ថ្ងៃទី​៤ ខែឧសភា​នេះ បាន​ឲ្យ​ដឹងថា គ​.​ប​.​ក​. ដែលជា​បុគ្គល​ឯករាជ្យ​សម្រាប់​អា​ណិ​ត្ត​ដំបូង ក្រសួងពាណិជ្ជកម្ម​មាន​តម្រូវការ​ចំនួន ៥​រូប ដែល​រួមមាន​៖ អតីត​ចៅក្រម​មួយរូប​, បុគ្គល​ដែលមាន​ចំណេះដឹង និង​បទពិសោធ​ផ្នែក​ច្បាប់​ពីររូប និង​បុគ្គល​ដែលមាន​ចំណេះដឹង និង​បទពិសោធ​ផ្នែក​សេដ្ឋកិច្ច​ចំនួន​ពីររូប​។ ក្រសួង​បន្ថែមថា ចំពោះ​លក្ខខណ្ឌ​នៃ​ការដាក់​ពាក្យស្នើសុំ​នេះ បេក្ខជន​ទាំងអស់​ត្រូវមាន​សញ្ជាតិ​ខ្មែរ អាយុ​យ៉ាងតិច ៣៥​ឆ្នាំ​, មិនដែល​មានទោស​ពីបទ​មជ្ឈិម ឬ​បទឧក្រិដ្ឋ​ណាមួយ​,​ត្រូវមាន​បរិញ្ញាបត្រ​ផ្នែក​ច្បាប់ ឬ​មាន​សញ្ញាបត្រ​កម្រិត​លើសពីនេះ​ពាក់ព័ន្ធ​នឹង​ផ្នែក​ច្បាប់​សម្រាប់​សមាជិក​គណៈ​ក​ម្មា​ធិ​ការប្រកួតប្រជែង​កម្ពុជា ដែលជា​បុគ្គល​ឯករាជ​ដែលមាន​ចំណេះដឹង និង​បទពិសោធ​ផ្នែក​ច្បាប់ និង​មាន​អតីត​ភាពជា​ចៅក្រម សម្រាប់​សមាជិក​គណៈកម្មាធិកា​រ​ប្រកួតប្រជែង​កម្ពុជា ដែលជា​បុគ្គល​ឯករាជ្យ​ដែលជា​អតីត​ចៅក្រម​ជាដើម​-​ល​-​។​

​ទាក់ទង​នឹង​ដំណឹង​ខាងលើនេះ បេក្ខជន​ដែលមាន​បំណង​ដាក់ពាក្យ គឺអាច​ធ្វើការ​ទំនាក់ទំនង​បាន នៅ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ដែល​ស្ថិតនៅ​ផ្លូវ​លេខ​១៨ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ឬ​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ដែលមាន​ភ្ជាប់​ក្នុង​សេចក្តីជូនដំណឹង ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០២២៕​