ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោតជាង ១០លានសន្លឹក សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹង ប្រព្រឹត្តទៅនៅ ថ្ងៃទី៥ ខែ មិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះ បើតាមការបញ្ជាក់របស់មន្ត្រី ជាន់ខ្ពស់ គ.ជ.ប ថ្លែង ប្រាប់ AMS នៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។


ទាក់ទងនឹងការ បោះពុម្ពសន្លឹក ឆ្នោតនេះ នៅព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំកម្មវិធីបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅ ទីតាំងរោងពុម្ព សួន វឌ្ឍនៈ ស្ថិតនៅផ្ទះលេខ ៩ ផ្លូវលេខ ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ។ នេះ បើយោងតាមសេចក្តី ជូនដំណឹង របស់ គ.ជ.ប នៅថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២២។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានជូនដំណឹងដល់គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមក្នុងការរៀបចំកម្មវិធីបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ផងដែរ។

សូមជម្រាបថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ មានគណបនក្សនយោបាយចំនួន ១៧ ដែលបានចុះឈ្មោះចូលរួម ប្រកួត ប្រជែង មានដូចជាៈ ១. គណបក្ស ប្រជាជន កម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១.៦៥២/១.៦៥២ ឃុំ សង្កាត់ ។ ២. គណបក្សភ្លើងទៀន ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១.៦២៣/១.៦៥២ ឃុំ សង្កាត់ ។ ៣. គណបក្សហ៊្វុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៦៨០/១.៦៥២ ឃុំ សង្កាត់ ។ ៤. គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៥៩៦/១.៦៥២ ឃុំ សង្កាត់ ។ ៥. គណបក្សខ្មែរស្រឡាញ់ជាតិ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៣១៥/១.៦៥២ ឃុំ សង្កាត់ ។ ៦. គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ២៤៥/១.៦៥២ ឃុំ សង្កាត់។ ៧. គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១១៤/១.៦៥២ ឃុំ សង្កាត់។ ៨. គណបក្សកែទម្រង់កម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៥៩/១.៦៥២ ឃុំ សង្កាត់។ ៩. គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៥៨/១.៦៥២ ឃុំ សង្កាត់។ ១០. គណបក្សកម្ពុជានិយម ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៣៨/១.៦៥២ ឃុំ សង្កាត់។ ១១. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៣២/១.៦៥២ ឃុំ សង្កាត់។ ១២. គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៣០/១.៦៥២ ឃុំ សង្កាត់។ ១៣. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ២៣/១.៦៥២ ឃុំ សង្កាត់។ ១៤. គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១៩/១.៦៥២ ឃុំ សង្កាត់។ ១៥. គណបក្សឯកភាពជាតិខ្មែរ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១៤/១.៦៥២ ឃុំ សង្កាត់។ ១៦. គណបក្សរស្មីខេមរា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៦/១.៦៥២ ឃុំ សង្កាត់។ ១៧. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៤/១.៦៥២ ឃុំ សង្កាត់៕ (ប្រភព AMS)

រូបថតៈការចាប់លំដាប់លេខរៀងគណបក្សនយោបាយលើសនឹ្លកឆ្នោតនៅតាម ឃុំ សង្កាត់ សម្រាប់ការ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២ (រូបថតៈ គជប)