ដោយ:ស រិទ្ធ/ភ្នំពេញ៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទីន៤ ខែឧសភា បានបញ្ជូនខ្លួនលោកស្រី ឈិន ដាណា ថៅកែក្រុមហ៊ុនទិញ-លក់ដី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញក្រោមបទសង្ស័យពាក់ព័ន្ធបទល្មើសឆបោក និងចេញសែកគ្មានប្រាក់។

សូមជម្រាបថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី០៤ ខែឧសភាបានឃាត់ខ្លួនលោកស្រីម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ និងចេញសែកគ្មានសាច់ប្រាក់ឲ្យអតិថិជន ក្នុងរឿងទិញ–លក់ដីខ្យល់។ជនត្រូវចោទឈ្មោះ ឈិន ដាណា អាយុ ៤៧ឆ្នាំស្នាក់នៅបុរីឌឺផ្លរ៉ា ផ្ទះលេខ០៣ វិថីឌឺផ្លរ៉ា១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនលោកស្រី ឈិន ដាណាធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់ ឆបោក និងមិនបំពេញកាតព្វកច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

សមត្ថកិច្ច បញ្ជាក់ថា នៅអំឡុងចុងឆ្នាំ២០២០ លោកស្រី ឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំបីហិកតា ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងតម្លៃ ៦០ម៉ឺនដុល្លារ ឲ្យទៅជនរងគ្រោះម្នាក់។ ដោយមានការជឿជាក់លើលោកស្រី ដាណា នោះជនរងគ្រោះ បានបង់ប្រាក់ថ្លៃដីគ្រប់ចំនួន ឲ្យទៅលោកស្រី។ ក្រោយពីបានលុយអស់ហើយបែរជាលោកស្រីគ្មានដីទៅវិញ។

លោកស្រី ឈិន ដាណា បានព្យាយាមគេចវេះមិនជួប និងដោះស្រាយបញ្ហាលក់ដីខ្យល់ឲ្យជនរងគ្រោះ និងចុងក្រោយបានចេញសែកគ្មានសាច់ប្រាក់ឲ្យទៅជនរងគ្រោះដើម្បីដោះខ្លួន។

ប្រភពដដែលបន្តថា ដោយសារតែ លោកស្រី ឈិន ដាណា មានឆន្ទៈបោកប្រាស់ម្ដងហើយម្ដងទៀត ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ ប៉ុន្តែលោកស្រី ឈិន ដាណា នៅតែបន្តគេចវេះមិនព្រមចូលខ្លួនឆ្លើយតាមដីកាកោះរបស់តុលាការ ទើបឈានដល់ការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកស្រី ឈិន ដាណា យកទៅប្រគល់ជូនតុលាការតែម្ដង។

ជនត្រូវចោទត្រូវបានបញ្ជូនមកដល់សាលា ដំបូងរាជធានីភ្នំពេញ ហើយកំពុងក្នុងដំណាក់កាលចៅក្រមស៊ើបសួរ៕សរន