ដោយ:ពៅនិមល/ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េមួយ មានឈ្មោះ GADOSH បានឲ្យដឹងថា ត្រូវការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។

លោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH បានធ្វើឡើងដូច្នេះ ក្នុងជួបពិភាក្សាការងារជាមួយលោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនៅទីស្តីការក្រសួង ដើម្បីពិភាក្សា លើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសមាគមអ្នកនាំចូលកូរ៉េ ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏ល្អ រវាងសមាគម និងក្រសួងពាណិជ្ជកម្មនាពេលកន្លងមក។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរជន និងវិនិយោគិនដែលមកវិនិយោគនៅកម្ពុជា។

លោកបានបន្តទៀតថា ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ជាពិសេសក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី។ជាងនេះលោកក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេកជាដើម បន្ថែមពីលើស្វាយ ព្រមទាំងលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េមកបង្កើតរោងចក្រកែឆ្នៃកសិផល ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានាផងដែរ។

នៅក្នុងឱកាសនោះ លោកអនុប្រធានសមាគមអ្នកនាំចូលកូរ៉េ បានឲ្យដឹងថា សមាគមអ្នកនាំចូលកូរ៉េមានសមាជិកប្រមាណ ១៥,០០០ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យ។

មុនពេលបញ្ចប់ភាគីទាំងពីរបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សកម្មភាពធុរកិច្ចលើវិស័យសក្តានុពលនានានៅកម្ពុជា សំដៅជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕សរន