ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ គិត​ក្នុង​រយៈពេល​បួន​ខែ ដើមឆ្នាំ​២០២២​នេះ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​បាន​ចំនួន​ជាង ៣ ៣២០​ប៊ី​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​ជិត ៨១៩​លាន​ដុល្លារ​អាម៉េរិក គឺ​សម្រេចបាន​ប្រមាណ ៣១,៦៧​ភាគរយ នៃ​ផែន​ការដែល​កំណត់ដោយ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ។​

រូបថត៖លោក​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា

​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការប្រមូល​ពន្ធ​លើ​យានយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល ដែលមាន​ស្រាប់​ក្នុងប្រទេស កាលពី​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២​នេះ លោក​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែងថា ការប្រមូល​ចំណូល​ក្នុងឆ្នាំនេះ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​លើ​អ្វីដែល​មានចែង​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​និង​ការ​គៀគរ​ចំណូល​រយៈពេល​មធ្យមរ​បស់​រាជរដ្ឋាភិបាល​ធ្វើយ៉ាងណា​ខិតខំ​ប្រមូល​ចំណូល​ឲ្យ​អស់​លទ្ធភាព តាម​ផែន​ការដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​។

​លោក​បណ្ឌិត​ថ្លែងបន្តថា ចំពោះ​ការអនុវត្ត​ប្រមូល​ចំណូល​ពន្ធ​និង​អាករ ប្រចាំ​ខែមេសា ឆ្នាំ​២០២២​នេះ អគ្គនាយកដ្ឋាន​ប្រមូលបាន​ប្រមាណ​ជាង ៨៩១​ប៊ី​លាន​រៀល ឬ​ប្រមាណ​ជាង ២២០​លាន​ដុល្លារ ស្មើនឹង ៨,៥០​ភាគរយ​។​

លោក​បន្ថែមថា សម្រាប់​ផែនការ​នៃ​ការប្រមូល​ពន្ធ​របស់​អគ្គ​នាយកដ្ឋាន​គយ​ក្នុង​ឆ្នាំ​២០២២ មាន​ស្ថានភាព​ទាប​ជាង​ឆ្នាំ​២០២១​ដោយសារ​ការរៀបចំ​ផែនការ​ក្នុងអម្លុង​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​១៩​មានការ​លំបាក​។ ក្រៅពី​បញ្ហា​នេះ ក៏មាន​បញ្ហា​តានតឹង​មួយទៀត គឺ​ការ​ផ្ទុះឡើង​នៃ​សង្គ្រាម​រវាង​អ៊ុយ​ក្រែ​ន និង​រុស្សី ដែល​ជះ​ឥ​ទ្ធ​ពល​អវិជ្ជមាន​ច្រើន​នៅ​តំបន់​អឺរ៉ុប និង​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ទូទាំង​ពិភពលោក ធ្វើឱ្យ​ប្រេងសាំង និង​ទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត​ឡើងថ្លៃ​។

​ទាក់ទង​នឹង​ការប្រមូល​ចំណូល​ក្នុង​ឆ្នាំ​២០២២​នេះ លោក​បណ្ឌិត គុណ ញឹម បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​គយ​នឹង​ប្រឹងប្រែង​អនុវត្ត​នូវ​អ្វីដែល​បានចែង​ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ សកម្មភាព​យុទ្ធសាស្ដ្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យមរ​បស់​រាជរដ្ឋាភិបាល ប៉ុន្ដែ​ទោះជា​យ៉ាងនេះ​ក្ដី សេដ្ឋកិច្ចកម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​។​

​គិត​ត្រឹម​ដំណាច់ឆ្នាំ​២០២១ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​បាន​ចំនួន​ជាង ៩ ២៩៥​ប៊ី​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ​ជាង ២ ២៩៥​លាន​ដុល្លារ​អាម៉េរិក ពោល​បាន​ថយចុះ​ប្រមាណ ៥,១​ភាគរយ បើ​ធៀប​នឹង​ចំណូល​ប្រមូលបាន​ក្នុង​ឆ្នាំ​២០២០៕​សរន