ដោយ​៖ អេង វ​ណ្ណី​កា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម /ភ្នំពេញ៖​ខ្ញុំ​កើត​នៅក្នុង​គ្រួសារ​កសិករ​មួយ នៅ​ឆ្នាំ​១៩៥១ នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ខ្ញុំ​មាន​ម្តាយ​ឈ្មោះ អេង ណ​យ​ស្រ៊ឹ​ម និង​ឪពុក​ឈ្មោះ ប៊ុន ណា​ល់ ដែល​ត្រូវបាន​ខ្មែរក្រហម​សម្លាប់​នៅ​ឆ្នាំ​១៩៧៧​។ ខ្ញុំ​គឺជា​កូនច្បង​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ទាំងអស់​ចំនួន​៦​នាក់​។ ខ្ញុំ​រៀន​នៅ​សាលាបឋមសិក្សា​គគរ រហូតដល់​ថ្នាក់​ទី​៩​ចាស់​។ ខ្ញុំ​ចេះ​អាន និង​សរសេរ​បាន​បន្តិចបន្តួច​។ ក្រោយមកទៀត ខ្ញុំ​ឈប់រៀន ដោយសារ​ជីវភាព​ក្រីក្រ​។ ខ្ញុំ​ជួយ​ឪពុកម្ដាយ​ត្បាញ​ក្រមា​លក់ និង​ធ្វើ​កិច្ចការងារ​ផ្ទះ​។ នៅពេលដែល​ខ្ញុំ​ត្បាញ​ក្រមា​បាន​ប្រហែល​២០ ឈ្មួញកណ្ដាល​តែងតែ​ចុះមក​ទិញ​យកទៅលក់​បន្ត​។

រូប៖ប៊ុន ចាន់ថុល (រូបថតបណ្ណសាមជ្ឈមណ្ធលឯកសារកម្ពុជា)

​ខ្ញុំ​ដឹង​អំពី​រដ្ឋប្រហារ​នៅ​ខែមីនា ឆ្នាំ​១៩៧០ តាមរយៈ​វិទ្យុ​។ បន្ទាប់ពី​រដ្ឋប្រហារ​កើតឡើង​បាន​១​ខែ ខ្ញុំ​ឃើញ​អ្នកភូមិ​ជាច្រើន​ធ្វើបាតុកម្ម​ដង្ហែ​តាមផ្លូវ​ចេញពី​ភូមិ​ឆ្ពោះទៅ​ទី​រួម​ខេត្តកំពង់ចាម​។ ខ្ញុំ​មិនបាន​ចូលរួម​ធ្វើបាតុកម្ម​នោះទេ​។ ខ្ញុំ​បន្ត​ត្បាញ​ក្រមា​ដូច​ធម្មតា​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក បាតុករ​ទាំងអស់​បាន​ដង្ហែរ​ឆ្លងកាត់​ភូមិ​ម្ដងទៀត​ក្នុងទិសដៅ​មកកាន់​ទីក្រុង​ភ្នំពេញ​។ នៅ​ឆ្នាំ​១៩៧១ កងទ័ព​រំដោះ​ខ្មែរក្រហម បាន​ចូល​មកដល់ និង​បាន​សុំ​អ្នកភូមិ​ស្នាក់នៅ​។ វត្តមាន​របស់​កងទ័ព​រំដោះ​ខ្មែរក្រហម​នៅក្នុង​ភូមិ​គឺជា​សញ្ញា​នៃ​ការ​ផ្ទុះឡើង​ការប្រយុទ្ធ​គ្នា​នាពេលខាងមុខ​។

​នៅ​ចុងឆ្នាំ​១៩៧១ ទាហាន លន់ នល់ ជាច្រើន​ត្រូវបាន​បញ្ជូនមក​ឈរជើង​នៅ​បន្ទាយ​កោះ​រកា និង​រកា​គយ​។ បន្ទាប់មក​ទាហាន លន់ នល់ បើក​ការវាយប្រហារ​ទៅលើ​កងទ័ព​រំដោះ​ខ្មែរក្រហម​។ ទាហាន លន់ នល់ បញ្ជូន​កងទ័ពអាកាស​ទៅ​ទម្លាក់​គ្រាប់បែក និង​បាញ់ប្រហារ​មកលើ​កងទ័ព​រំដោះ​ខ្មែរក្រហម​។ ដើម្បី​សុវត្ថិភាព ខ្ញុំ និង​ក្រុមគ្រួសារ​រត់​ភៀសខ្លួន​ចេញពីផ្ទះ​ទៅ​ស្នាក់នៅ​បណ្តោះអាសន្ន​ជាមួយ​ពូ​នៅ​ជី​ហ ដែលជា​តំបន់​រំដោះ​ខ្មែរក្រហម ស្ថិតនៅ​ត្រើយម្ខាង​នៃ​ទន្លេមេគង្គ​។

រូប៖​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​(រូបថតបណ្ណសាមជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅ​ឆ្នាំ​១៩៧២ ខ្ញុំ​រៀបការ​ប្ដី​ឈ្មោះ ឈិន ហុក ដែល​ធ្វើការ​នៅ​កង​យុវជន​។ នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ​បង្កើតបាន​កូនប្រុស​ម្នាក់​។ នៅក្នុង​ឆ្នាំ​១៩៧៣​ដដែល ប្តី​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​ជំងឺ​។ ខ្ញុំ​ចិញ្ចឹម​កូន​តែម្នាក់ឯង​។
​គ្រួសារ និង​ខ្ញុំ បន្ត​ស្នាក់នៅ​ជី​ហែ រហូតដល់​កងទ័ព​រំ​ដោះ​ខ្មែរក្រហម​បាន​វាយ​កាន់កាប់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥​។ ខ្ញុំ​បានដឹង​ដំណឹង​នេះ​ពី​អ្នកភូមិ​ថា កងទ័ព​រំដោះ​ខ្មែរក្រហម​បាន​វាយយក​ទីក្រុង​ភ្នំពេញ​ហើយ​។ ខ្ញុំ និង​គ្រួសារ​ត្រឡប់មក​ភូមិ​វិញ​។ ប៉ុន្មាន​ខែក្រោយ​មក ប្រធាន​សហករណ៍ បង្កើត​ក្រុមសាមគ្គី​ដែល​ក្រោយមក​បាន​ប្តូរ​ទៅជា “​សហករណ៍​”​។ វេលា​នោះ​គឺជា​ការចាប់ផ្ដើម​ធ្វើការ​ងារ​នៅក្នុង​សហករណ៍​។ កូន​របស់ខ្ញុំ​គឺ​នៅ​ជាមួយ​ម្ដាយ​របស់ខ្ញុំ​មើលថែ​។ នៅក្នុង​ភូមិ កងចល័ត​ត្រូវបាន​បែងចែក គឺ ៖ ទី​១) កងកុមារ គឺ​ចាប់ពី​អាយុ​៦​ឆ្នាំ​ដល់​១១​ឆ្នាំ​។ ទី​២) កងចល័ត​យុវជន គឺ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​លើស​២០​ឆ្នាំ​។ ទី​៣) គឺ កង​៣ សម្រាប់​អ្នក​ដែល​បាន​រៀបការ​រួចហើយ (​ឬ​ក្រុមមនុស្ស​វ័យ​កណ្ដាល​)​។ ទី​៤) កង​វ័យ​ជរា គឺ​សម្រាប់​អ្នក​ដែលមាន​វ័យ​ចំណាស់ និង​មិន​អាចធ្វើ​ការងារ​ធ្ងន់​បាន​។ ខ្ញុំ​ត្រូវបានចាត់តាំង​ធ្វើការ​នៅ​កងចល័ត គឺ «​កង​៣» ដែលមាន​សមាជិក​ប្រហែល​៣០០​នាក់​។ សម​មិត្ត វ៉ាត គឺជា​ប្រធាន​កង​៣​។ ខ្ញុំ​ត្រូវបាន​ចាត់​ឲ្យ​គាស់​គល់ឈើ និង​ជីកដី​នៅ ទំនប់​ល្ពា​ក​, វាល​ទួល​ស្រែ និង​ទំនប់​ត្រួយ​ចេក​។ ខ្ញុំ​ធ្វើការ​ពី​ព្រលឹម​ទល់​ព្រលប់​ជា​រៀងរាល់ថ្ងៃ និង​ទទួលបាន​របប​អាហារ​តិចតួច​ប៉ុណ្ណោះ​។ ខ្ញុំ​គ្មាន​ពេល​មើល​ថែកូន និង​ឪពុកម្ដាយ​ឡើយ​។ ចាប់ពី​ឆ្នាំ​១៩៧៧ ដល់​ឆ្នាំ​១៩៧៨ ការកាប់សម្លាប់​បានចាប់ផ្តើម​កើតឡើង​នៅក្នុង​ភូមិ​។ ដំណាក់កាល​ទី​១ គឺ នៅ​ខែកក្កដា ឆ្នាំ​១៩៧៧ កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​បានមក​ដល់​ភូមិ និង​ចាប់ផ្ដើម​គ្រប់គ្រង​។ កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី ចាប់ផ្តើម​ស្វែងរក និង​ចាប់ខ្លួន​កម្មាភិបាល​មូលដ្ឋាន​យកមក​សម្លាប់​។ ដំណាក់កាល​ទី​២ គឺ នៅ​ខែកញ្ញា ឆ្នាំ​១៩៧៧ បន្ទាប់ពី​សម្លាប់​កម្មាភិបាល​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​រួច កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​បន្ត​ដាក់​គោលដៅ​កំណត់ និង​ចាប់ផ្ដើម​ចាប់ខ្លួន​អ្នកភូមិ​។ នៅក្នុង​រយៈពេល​នេះ ប្រជាជន​ខ្មែរឥស្លាម​ប្រហែល​៥០​គ្រួសារ ដែល​កំពុង​រស់នៅ​ភូមិ​ចំការ​សាមសិប​ត្រូវបាន​ខ្មែរក្រហម​ចាប់ និង​ដឹក​យកទៅ​សម្លាប់​ទាំង​គ្រួសារ​។ ទីតាំង​សម្លាប់​នោះ​គឺ​នៅក្នុង​ឡថ្នាំ​ជក់ និង​នៅក្រោយ​ភូមិ​។
រូប៖​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​(រូបថតបណ្ណសាមជ្ឈមណ្ឌលឯកសារកម្ពុជា)

​នៅ​ចុងឆ្នាំ​១៩៧៨ នៅពេលដែល​ខ្ញុំ​កំពុងធ្វើការ​នៅ​ទំនប់​ត្រួយ​ចេក ខ្ញុំ​បានឮ​សំឡេង​ផ្លោង​គ្រាប់បែក និង​ការបាញ់​កាំភ្លើង​នៅ​សមរភូមិ​។ ខ្ញុំ​បាន​រត់​ត្រឡប់មកផ្ទះ​វិញ​។ នៅពេលដែល​កងទ័ព​វៀតណាម​ចូលមក​ជិត​ដល់​ភូមិ កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​បាន​ប្រមូល​អ្នកភូមិ​ដើរទៅ​ទំនប់​ត្រួយ​ចេក​។ គោលបំណង​នៃ​ប្រមូល​អ្នកភូមិ​យកទៅ​ទីតាំង​ខាងលើនេះ គឺ​ដើម្បី​សម្លាប់ចោល​។ ខ្ញុំ និង​គ្រួសារ មិនបាន​ទៅ​ទេ និង​បាន​រួច​ផុតពី​ការសម្លាប់​របស់​ខ្មែរក្រហម នៅពេលដែល​កងទ័ព​វៀតណាម​ចូលមក​នៅ​ខែមករា ឆ្នាំ​១៩៧៩​។ នៅ​ឆ្នាំ​១៩៨២ ខ្ញុំ និង​គ្រួ​សារបាន​ដាំ​បន្លែ និង​ត្បាញ​ក្រមា​លក់​ដើម្បី​រក​ចំណូល​ចិញ្ចឹមជីវិត​រហូតមកដល់​បច្ចុប្បន្ន​៕សរន