ដោយ​:​ពៅ​និមល​/​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មកាលពី​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កាតស៊ូ​ហ៊ី​រ៉ូ ហ្សី​ណូ​ហា​រ៉ា (Katsuhiro SHINOHARA) អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​មូលនិធិ​គាំទ្រ​ការអប់រំ​នៅ​កម្ពុជា ព្រមទាំង​គណៈប្រតិភូ​ក្រុមហ៊ុន FORVAL ជប៉ុន ដើម្បី​ស្វែងយល់​បន្ថែម​នូវ​សក្តានុពល​ពាណិជ្ជកម្ម និង​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​។​

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មកាលពី​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កាតស៊ូ​ហ៊ី​រ៉ូ ហ្សី​ណូ​ហា​រ៉ា (Katsuhiro SHINOHARA) អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​មូលនិធិ​គាំទ្រ​ការអប់រំ​នៅ​កម្ពុជា ព្រមទាំង​គណៈប្រតិភូ​ក្រុមហ៊ុន FORVAL ជប៉ុន(រូបថតក្រសួងពាណិជ្ជកម្ម)

​នៅក្នុង​ជំនួប​នេះ​លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ លោក​អតីត​ឯកអគ្គរាជទូត និង​គណៈប្រតិភូ​ក្រុមហ៊ុន​ជប៉ុន ព្រមទាំង​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​លើ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​នាពេល​កន្លងមក​។ លោក​បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា ដើម្បី​សម្រួល​ដល់​ធុរជន និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន ពិនិត្យ​លទ្ធភាព​ពង្រីក​ប្រតិបត្តិការ​ធុរកិច្ច​នៅ​កម្ពុជា និង​វិនិយោគ​លើ​វិស័យ​ដែលមាន​សក្តានុពល​នានា​បន្ថែមទៀត​។​

​ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី បានស្នើ​ឱ្យ​លោក​អតីត​ឯកអគ្គរាជទូត ក៏ដូចជា​វិស័យ​ឯកជន​ជប៉ុន​ជួយ​គាំទ្រ​ឱ្យមាន​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ជប៉ុន ដូចដែល​បានលើកឡើង​នៅក្នុង​ជំនួប រវាង​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ជាមួយ​លោក ហ្វូ​មី​អូ គី​ស្ស៊ី​ដា (Fumio Kishida) នាយករដ្ឋមន្ត្រី​ជប៉ុន ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​វិស័យ​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​។​

 

​ជាការ​ឆ្លើយតប លោក​អតីត​ឯកអគ្គរាជទូត បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ក្រសួង ពាណិជ្ជកម្ម ដែល​ធ្វើឱ្យ​ធុរជន​មាន​ទំនុកចិត្ត និង​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។ ឆ្លៀត​ក្នុងឱកាស​នេះដែរ លោកនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន FORVAL ជប៉ុន ក៏បាន​ជម្រាប​ពី​គោលបំណង​ក្នុង​ការជួយ​គាំទ្រ និង​រួមចំណែក​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា ព្រមទាំង​ប្តេជ្ញា​ពង្រីក​សកម្មភាព​ធុរកិច្ច​នៅ​កម្ពុជា ក៏ដូចជា​កៀគរ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​ឱ្យ​កាន់តែច្រើន ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ​។​

​នៅ​កិច្ចបញ្ចប់ ភាគី​ទាំងពីរ​បាន​សម្តែង​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​បន្ត​កិច្ចសហការ​សម្របសម្រួល និង​ជំរុញ​សកម្មភាព​ធុរកិច្ច និង​វិនិយោគ ជាពិសេស​លើ​វិស័យ​ដែលមាន​សក្តានុពល​នានា​នៅ​កម្ពុជា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​-​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត​៕​សរន

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មកាលពី​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២២ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កាតស៊ូ​ហ៊ី​រ៉ូ ហ្សី​ណូ​ហា​រ៉ា (Katsuhiro SHINOHARA) អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​មូលនិធិ​គាំទ្រ​ការអប់រំ​នៅ​កម្ពុជា ព្រមទាំង​គណៈប្រតិភូ​ក្រុមហ៊ុន FORVAL ជប៉ុន(រូបថតក្រសួងពាណិជ្ជកម្ម)