ដោយៈ សុផល / ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី​៤ ខែឧសភា បាន​ជួបពិភាក្សា​ការងារ ជាមួយ គណៈប្រតិភូ​នៃ ក្រុមប្រឹក្សា​ធុរកិច្ច សហរដ្ឋអាមេរិក​-​អាស៊ាន (US-ABC) ដឹកនាំ​ដោយ​លោក ឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​គ្រប់គ្រង ប្រចាំ​តំបន់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច អាស៊ាន​-​សហរដ្ឋអាមេរិក (US-ABC) ។​

​កិច្ចប្រជុំ​នេះ ក៏មាន​វត្តមាន​ពី​លោក Jack Myint នាយក​គ្រប់គ្រង​ជាន់ខ្ពស់ នៃ​ក្រុមប្រឹក្សា​ធុរកិច្ច សហរដ្ឋអាមេរិក​-​អាស៊ាន ប្រចាំ​នៅ​កម្ពុជា មី​យ៉ាន់​ម៉ា និង ឡាវ លោក Benjamin V. Wohlauer អនុប្រធាន​បេសកកម្ម នៃ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា និង​គណៈប្រតិភូ​របស់​ក្រុមហ៊ុន Amazon ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Ford ក្រុមហ៊ុន Meta ក្រុមហ៊ុន Visa ក្រុមហ៊ុន Pernod Ricard និង​ក្រុមហ៊ុន RMA Group ដោយមាន ការចូលរួម​ពី​ថ្នាក់ដឹកនាំ ក្រសួង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មកពី​អង្គភាព​ក្រោម​ឱវាទ ក្រសួង​ផងដែរ​។​

​ថ្លែង​ក្នុងជំនួប​នោះ លោក​ទេសរដ្ឋមន្ត្រី បានធ្វើ​បច្ចុប្បន្នភាព អំពី​វឌ្ឍនភាព នៃ​គម្រោង​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដែល​សម្រេចបាន​គម្រោង កំពុង​អនុវត្ត​បន្ត និង​គម្រោង​សាងសង់ នាពេល​អនាគត ដែល​រួមមានៈ គម្រោង​ពង្រីក និង​លើកកម្ពស់​គុណភាព ផ្លូវជាតិ​លេខ​៥ ពី​ពីរ​គន្លង ទៅ​បួន​គន្លង ជា​ផ្នែក​មួយ​នៃ​អាស៊ាន​ហាយវ៉េ ដើម្បី​ត​ភ្ជាប់​កម្ពុជា​ជាមួយ បណ្ដា​ប្រទេសជិតខាង គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ ដែល​គ្រោង នឹង​បញ្ចប់ នៅក្នុង​ឆ្នាំនេះ ការបញ្ចប់​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ នៃ​គម្រោង សាងសង់ ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ ទៅ​បាវិត គម្រោង​កសាង​ចំណត​ផែ កុងតឺន័រ​ថ្មី ដំណាក់កាល​ទី​១ ដំណាក់កាល​ទី​២ និង​ដំណាក់កាល​ទី​៣ ដែល​អនុញ្ញាតឱ្យ​នាវា​ធំៗ លើ​ពិភពលោក ចូល​ចត និង​ដឹកជញ្ជូន​ទំនិញ ទៅកាន់​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ជាពិសេស​សហរដ្ឋអាមេរិក​។​

​ជាមួយគ្នា​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន អំពី​គម្រោង​ពង្រីក និង​លើកកម្ពស់ គុណភាព​ផ្លូវជាតិ​លេខ​៤ ក្រោម​ហិរញ្ញប្បទាន ពី​ធនាគារ ពិភពលោក ដើម្បី​សម្រួល​ដល់​លំហូរ ពាណិជ្ជកម្ម គម្រោង​សិក្សា អំពី​ការធ្វើ ទំនើបកម្ម​ផ្លូវដែក ដែលមាន​ស្រាប់ ឱ្យទៅជា​ផ្លូវដែក ល្បឿន​លឿន ត​ភ្ជាប់​ពី​ភ្នំពេញ ទៅកាន់​ប្រទេស​ថៃ និង​ទៅកាន់​កំពង់ផែ សមុទ្រ​ទឹក​ជ្រៅ ឬ​សិក្សា​ប្រព័ន្ធ​ផ្លូវដែក​ថ្មី តាម​អនុសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី គម្រោង​សិក្សា​សមិទ្ធិ លទ្ធភាព​នៃ​គម្រោង​ដឹកជញ្ជូន តាមផ្លូវ​ទឹក ត្រង់​ពី​ទន្លេបាសាក់ រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​កំពង់ផែ ឆ្នេរសមុទ្រ ខេត្ត​កែប ដែល​អាចឱ្យ​កម្ពុជា ដឹកជញ្ជូន​ទំនិញ ទៅ​ក្រៅប្រទេស និង​ជួយ​កាត់បន្ថយ ថ្លៃដើម​ទំនិញ និង​ចំណេញ​ពេលវេលា​។

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ផងដែរ អំពី​គម្រោង​សាងសង់ កំពង់ផែ​កំពត មួយ​បន្ថែមទៀត ដែល​បាន​បើក​ការដ្ឋាន​សាងសង់ នៅ​ថ្ងៃទី​៥ ឧសភា ដើម្បី​ជួយ​បំពេញបន្ថែម ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​, ការចុះហត្ថលេខា លើ​អនុស្សរណៈ​យោគយល់ រវាង​ក្រុមហ៊ុន YCH Group និង​ក្រុមហ៊ុន World Bridge Group ក្នុងការ​អភិវឌ្ឍ​មជ្ឈមណ្ឌល ភ​ស្ភុ​ភារ​កម្ម​ភ្នំពេញ (PPLC) ដើម្បី​ជួយ​ធ្វើឱ្យ​ប្រសើរឡើង ដល់​ប្រព័ន្ធ​ភស្តុភា​រកម្ម និង​ការដឹកជញ្ជូន របស់​កម្ពុជា​។​

​ជាងនេះទៅទៀត លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ ពី​សារសំខាន់ នៃ​ការដឹកជញ្ជូន តាមផ្លូវ​ទឹក ជាពិសេស ប្រព័ន្ធ​ផ្លូវទឹក​របស់​កម្ពុជា ដែល​រួមមានៈ ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ទន្លេស្រែពក ទន្លេសេសាន ដែលជា ប្រភពធនធាន​ធម្មជាតិ ប្រកបដោយ​សក្កា​នុ ពល របស់​កម្ពុជា ហើយ​រហូត មកទល់ពេលនេះ កម្ពុជា​នៅ​មិនទាន់​ទាញយក​អត្ថប្រយោជន៍ ឱ្យអស់​លទ្ធភាព នៅឡើយ​។​

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង អំពី​សារសំខាន់ នៃ​ការរៀបចំ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ផ្តល់​សេវាសាធារណៈ ដើម្បី​គាំទ្រ​ដល់ ការផ្ដល់​សេវាសាធារណៈ ឱ្យស្រប​ទៅនឹង​បច្ចុប្បន្នភាព នៃ​បដិវត្តន៍​ឧស្សាហកម្ម ជំនាន់ ៤.០ ឬ​ហៅថា ឌីជីថល​ភា​វូប នីយកម្ម (Digitalization) ប្រព័ន្ធ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានជំនិះ ការប្រឡង​យក បណ្ណ​បើកបរ និង​ប្រព័ន្ធ គ្រប់គ្រង​ពិន័យ អំពើ​ល្មើសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ការដក​ពិន្ទុ​លើ បណ្ណ​បើកបរ​ផងដែរ​។

​ទន្ទឹម​ជាមួយគ្នា​នោះ តំណាង​ក្រុមហ៊ុន ចូលរួមបាន​បង្ហាញ​ចំណាប់អារម្មណ៍ របស់ខ្លួន លើ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែល​ផ្ដោតលើ​ចំណុច​សំខាន់ បី រួមមាន​៖ ១) ការចែករំលែក​ចំណេះដឹង ពាក់ព័ន្ធ​នឹង​ហានិភ័យ​ខ្ពស់ បង្កឡើង​ដោយ​គ្រោះថ្នាក់ ចរាចរណ៍ និង​យាន យន្ត​ធំៗ បើកបរ នៅពេល​យប់ ២) ការធ្វើឱ្យ​ប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​សុ​វត្តិភាព​ចរាចរណ៍ និង ៣) សុវត្ថិភាព ចរាចរណ៍​នៅតាម​តំបន់ ដែលមាន​និស្សិត សិស្ស​ឆ្លងកាត់​។​

​ដោយឡែក ទាក់ទង​នឹង​ការប្រើប្រាស់ យានយន្ត​អគ្គិសនី តំណាង​ក្រុមហ៊ុន បាន​ស្នើឱ្យ​ក្រសួង ពិនិត្យ​លទ្ធភាព​បង្កើត គោលនយោបាយ និង​យុទ្ធសាស្ត្រ ថ្នាក់ជាតិ ដើម្បី​កំណត់​ស្តង់ដារ លើ​ការប្រើប្រាស់​រថយន្ត ថាមពល​អគ្គិសនី ក៏ដូចជា ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ផងដែរ​។​

​បន្ថែម​ពីលើ​នេះ តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក បាន​សំដែង​នូវ​ការគាំទ្រ របស់ខ្លួន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន សន្យា​ជំរុញ ឱ្យ​ក្រុមហ៊ុន ក៏ដូចជា វិនិយោគិន​របស់​អាមេរិក មក​ដាក់ទុន​វិនិយោគ នៅ​កម្ពុជា ឱ្យបាន​ច្រើន​ថែមទៀត ដើម្បី​ផ្ទេរ ក៏ដូចជា ចែករំលែក​ចំណេះដឹង និង​បច្ចេកវិទ្យា​ថ្មីៗ សំដៅ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច កម្ពុជា ឱ្យ​កាន់​តែមាន ការរីកចម្រើន ថែមទៀត​។​

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ថាៈ ក្រសួង បាន​នឹង​កំពុង​សហការ​ជាមួយ ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ រួមមាន​ដូចជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងសុខាភិបាល ដើម្បី​ឈានទៅ ដល់​ការពិចារណា លើ​ការកំណត់​អាយុ អនុញ្ញាតឱ្យ​ទទួលទាន​គ្រឿង​ស្រវឹង សម្រាប់​មនុស្ស ពេញវ័យ ដើម្បី​លើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​សន្យា ជួយ​សម្របសម្រួល ដល់​ក្រុមហ៊ុន​ទាំងនោះ ដែល​មានបំណង​ដាក់ទុន​វិនិយោគ នៅ​កម្ពុជា និង​បាន​ស្នើសុំ​ការគាំទ្រ លើ​ការកសាង​សមត្ថភាព របស់​មន្ត្រី រាជការ​ក្រសួង ជាពិសេស​មន្ត្រី​ជំនាញ​បច្ចេកទេស ទាក់ទង​នឹង​ភាព ជា​អ្នកដឹកនាំ​ក៏ដូចជា ជំនាញ​បច្ចេកទេស ផ្សេងៗ ដើម្បី​ជួយ​ឱ្យ​ពួកគាត់ អាចបំពេញ​ការងារ​រ​បស់​ខ្លួន កាន់​តែមាន​ប្រសិទ្ធភាព ថែមទៀត​៕/V​-PC