ដោយ៖ ដេប៉ូ / ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចេញសេចក្តី ប្រកាសព័ត៌មាន ពីការបិទបញ្ចប់សិក្ខាសាលា រយៈពេលបីថ្ងៃ ស្តីពី «ជនរងគ្រោះ និងការផ្សព្វ ផ្សាយរបាយការណ៍ប្រឹក្សា ស្តីពីសកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះ របស់ អ.វ.ត.ក នៅអំឡុងដំណាក់កាល ដែលនៅ សេសសល់»។
សូមរំលឹកថា សិក្ខាសាលានេះ បានរៀបចំឡើង អស់រយៈពេល បីថ្ងៃ ចាប់ពីថ្ងៃទី៣ រហូតដល់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះ បានប្រារព្ធធ្វើឡើង ដោយមានវត្តមាន យ៉ាងសកម្មរបស់ ដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះ ដែលជាអ្នកនៅរស់រាន មានជីវិត ពីរបបកម្ពុជាប្រជាធិបតេយ្យ ចំនួន ១៩ នាក់។ ពួកគាត់បានចូលរួម យ៉ាងទៀង ទាត់ ក្នុងកិច្ចពិភាក្សាក្រុមការងារ ជាមួយអ្នកចូលរួមដទៃទៀត ហើយពួកគាត់ បានចែករំលែកគំនិត យ៉ាងច្រើន នៅវគ្គពេញអង្គ បិទបញ្ចប់នាថ្ងៃនេះ។
នៅក្នុងកម្មវិធីបិទសិក្ខាសាលា ពួកគាត់ត្រូវបានតំណាង ដោយដើមបណ្តឹង រដ្ឋប្បវេណី លោក ចាន់ សាត និងលោកស្រី ពេជ្រ ស្រីផល ដែលពួកគាត់ បានកត់សម្គាល់ ដោយសង្ខេប ហើយបានស្នើសុំឱ្យក្រសួងស្ថាប័ន នៅក្នុងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិនានា ផ្តល់ការគាំទ្របន្ថែមទៀត ដល់ជនរងគ្រោះ ដែលជាអ្នកនៅរស់រានមានជីវិត ដែលមានវ័យ ចំណាស់ នៅពេលខាងមុខ ហើយឲ្យពួកគាត់ អាចចែករំលែក បទពិសោធន៍របស់ពួកគាត់ ជាមួយសាធារណជនទូទៅ ដើម្បីធានាថា មិនមានការកើតឡើងសារជាថ្មី នូវជម្លោះបែបនេះ ឡើយ។
សិក្ខាសាលា បីថ្ងៃនេះ ក៏ទទួលបាននូវចំណាប់អារម្មណ៍ និងការចូលរួមរបស់ សហគមន៍ ការទូតអន្តរជាតិ ផងដែរ។ សិក្ខាសាលានេះ បានប្រារព្ធឡើង កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដោយមានសុន្ទរកថាបើក ដ៏គួរឱ្យចាប់ អារម្មណ៍របស់ លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅ ប្រទេសកម្ពុជា និងលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋបាល ជួយ អ.វ.ត.ក ហើយត្រូវបានបិទបញ្ចប់ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយសុន្ទរកថា ដ៏កក់ក្តៅ ស្តីពីការគាំទ្រពីលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា។
ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមផងដែរ ពីសំណាក់ឯកអគ្គរាជទូតចក្រភព អង់គ្លេស ប្រចាំនៅប្រទេសកម្ពុជា គឺលោកស្រី Tina REDSHAW ។ តំណាងស្ថានទូត ការិយាល័យការទូត ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក អាល្លឺម៉ង់ សហភាពអឺរ៉ុប ស្វីស តួកគី ថៃ និង វៀតណាម ក៏បានចូលរួមផងដែរ។ ការិយាល័យសន្តិភាពស៊ីវិល GIZ របស់ប្រទេសអាល្លឺម៉ង់ ក៏បានបញ្ជូន សិក្ខាកាមធម្មតាយ៉ាងច្រើន ដែលពួកគេបានចូលរួមចំណែក យ៉ាងលើសលប់ ជាយោបល់ និងការគាំទ្រ នៅក្នុងកម្មវិធីសិក្ខាសាលាទាំងមូល។ អង្គសិក្ខា សាលា សូមថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមទាំងអស់នេះ ព្រមទាំងការប្តេជ្ញាចិត្ត ជាមួយ អ.វ.ត.ក ក្នុងពេលដែល អ.វ.ត.ក ឈានដល់ ដំណាក់កាល នៅសេសសល់របស់ខ្លួន។
អ្វីដែលជាការសំខាន់នោះ គឺអង្គសិក្ខាសាលា មានការចូលរួមយ៉ាងសកម្ម និងដោយយកចិត្ត ទុកដាក់ ពីសិក្ខាកាមជាង ៩០ នាក់ ដែលក្នុងនោះ រួមមាន តំណាងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក អង្គការអន្តរជាតិ ស្ថាប័នរដ្ឋ និងសារមន្ទីរ មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណី អ្នកសិក្សាឯករាជ្យ មេធាវី និងអ្នកស្រាវជ្រាវ ព្រមទាំងភាគីនានា នៃ អ.វ.ត.ក និងបុគ្គលិក អ.វ.ត.ក ផងដែរ ដែលពួកគាត់ទាំងអស់ បានចូលរួមរយៈពេល បីថ្ងៃ ហើយបានចូលរួមចំណែក នូវព័ត៌មានលម្អិត យ៉ាងច្រើន និងសំបូរបែប សម្រាប់ក្របខណ្ឌ និងកម្មវិធីនៃ ដំណាក់កាល នៅសេសសល់ ដែលនឹងឈានចូលមកដល់របស់ អ.វ.ត.ក ។
ដូចដែល លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក Knut ROSANDHAUG អនុប្រធានការិយាល័យរដ្ឋបាល នៃ អ.វ.ត.ក បានបញ្ជាក់ យ៉ាងច្បាស់ នៅក្នុងសុន្ទរកថាបើកនិង សុន្ទរកថាបិទ របស់ពួកគាត់ ហើយថា សិក្ខាសាលារយៈពេល បីថ្ងៃនេះ គឺជាជំហានដំបូងបំផុត ដែល អ.វ.ត.ក ជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី និងអ្នកតំណាងរបស់ពួកគាត់ និងអ្នក ពាក់ព័ន្ធនានា ចាប់ផ្តើមធ្វើការពិចារណា និងអនុវត្តនូវអាណត្តិការងារ នៅសេសសល់៕ /V-PC