រាជធានីភ្នំពេញ ថ្ងៃទី ០៦ ឧសភា ២០២២ – អ៊ីម៉ាន់នី (eMoney) ដែលជា​ក្រុមហ៊ុន​ផ្ដល់សេវា​ហិរញ្ញវត្ថុ​ចល័ត និង​ជាក្រុមហ៊ុនបុត្រសម័្ពន្ធ​របស់ Viettel Cambodia (មិត្តហ្វូន) ទើបតែទទួលបាន​ពានរង្វាន់​មាស Gold Globee® Winner ពីស្ថាប័ន Globee Awards ដែលរៀបចំកម្មវិធី ផ្ដល់ពានរង្វាន់​ដល់អាជីវកម្ម​ និងដាក់​​ចំណាត់ថ្នាក់អាជីវកម្ម​​របស់បណ្ដា​ក្រុមហ៊ុនធំៗលើពិភពលោក ។

អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន អ៊ីម៉ាន់នី លោក វុ ទួន ឡុង (Vu Tuan Long) មានប្រសាសន៍ថា ក្រុមហ៊ុន​បានទទួលការ​អបអរ​សាទរ និងការ​​ប្រកាសពានរង្វាន់មាស Gold Globee® Winner នៅក្នុង​ផ្នែក ជោគជ័យ​កំណើន​ការ​លក់ប្រចាំឆ្នាំ ២០២២ លើកទី ៩ (9th Annual 2022 Sales Growth Achievement) ដែលពិធីប្រកាស និង​ប្រគល់រង្វាន់​នោះត្រូវបានរៀបចំឡើងតាមរយៈវីដេអូពីចម្ងាយ និង​មានការ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុនដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមហ៊ុន​ឈ្នះពានរង្វាន់ គណៈកម្មការ ក៏ដូចជា​អ្នកពាក់ព័ន្ធ​នៅ​ក្នុងឧស្សាហកម្ម​ពាណិជ្ជកម្ម​មកពីជុំវិញពិភព​លោក។

លោក វុ ទួន ឡុង មានប្រសាសន៍ថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដ៏មានតម្លៃ ក្រុមការងារ និងដៃគូសហការទាំងអស់ ដែលបានជួយឲ្យអ៊ីម៉ាន់នី​សម្រេចបាននូវសមិទ្ធផល​នេះឡើង”។

លោក វុ ទួន ឡុង បានមានប្រសាសន៍បន្តទៀតថា៖ “ពានរង្វាន់ដ៏មានកិត្យានុភាពទាំងអស់នេះ សបញ្ជាក់ឲ្យឃើញ​ពីភាពឈានមុខគេរបស់អ៊ីម៉ាន់នី និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងបេសកកម្មត្រួសត្រាយផ្លូវនៃការបង្កើតសង្គមឌីជីថល និងវិស័យ FINTECH នៅកម្ពុជា”។

គណៈកម្មការ​កាត់សេចក្ដីក្នុងកម្មវិធីពានរង្វាន់នេះ មានសមាសភាពជា​ថ្នាក់នាយកប្រតិបត្តិ និងអ្នកជំនាញមកពីបណ្ដា​វិស័យ​ផ្សេងៗ ​ជាង ៥០ រូប មកពីជុំវិញពិភព​លោក ហើយបានចូលរួម​ដើម្បី​ផ្ដល់ពិន្ទុ និង​មតិយោបល់ផ្សេងៗ​ដើម្បីកំណត់ជ្រើស​រើស​ជ័យលាភី​សម្រាប់ពានរង្វាន់​ក្នុង​ឆ្នាំ ២០២២ នេះ។

ក្រុមហ៊ុន អ៊ីម៉ាន់នី ផ្ដល់សេវា​ហិរញ្ញវត្ថុ​​ជា​ច្រើន​ប្រភេទ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ក្នុងនោះ​រួមមាន សេវា​វេរលុយ សេវាទូទាត់វិក្កយបត្រ​ទឹកភ្លើង បញ្ចូលលុយទូរស័ព្ទ ទូទាត់តាមកូដ QR សេវា​ដក​ប្រាក់ និងដាក់ប្រាក់ និង​សេវា​វេរ​លុយទៅវៀតណាម ដែលសេវាទាំងអស់នេះ​មានផ្ដល់តាមរយៈភ្នាក់ងារ​របស់អ៊ីម៉ាន់នី​ប្រមាណជាង ៨០០០ ភ្នាក់ងារ​ទូទាំង​ប្រទេស៕