ដោយ​៖ ទូច វ​ណ្ណេ​ត បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​ខេត្តកំពង់ចាម​/ភ្នំពេញ៖​ខ្ញុំ​កើត​នៅ​ឆ្នាំ​១៩៦០ នៅ​ភូមិ​ចំការ​សាមសិប ឃុំ​គគរ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ ខ្ញុំ​គឺជា​កូន​ទី​៥​ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​ទាំងអស់​ចំនួន​៦​នាក់​។ ខ្ញុំ​រៀន​នៅ​សាលាបឋមសិក្សា​គគរ​។

បន្ទាប់ពី​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ បាន​មួយខែ ក៏មាន​បាតុកម្ម​កើតឡើង​។ ក្នុងស្ថានភាព​ច្របូកច្របល់​បែបនេះ ខ្ញុំ​សម្រេចចិត្ត​ឈប់រៀន​នៅត្រឹម​ថ្នាក់​ទី​១០​ចាស់ ហើយ​នៅផ្ទះ​ជួយ​ធ្វើ​ការងារ​ឪពុកម្តាយ​វិញ​។ ក្រោយមកទៀត កងទ័ព​រំដោះ​ខ្មែរក្រហម​បាន​ចូល​មកដល់​ក្នុងភូមិ​។ បន្ទាប់មក មានការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន លន់ នល់ និង​កងទ័ព​រំដោះ​ខ្មែរក្រហម ជា​ញឹកញាប់​។ គ្រួសារ​របស់ខ្ញុំ រត់​ភៀសខ្លួន​ចេញពី​ភូមិ​ដើម្បី​ស្វែងរក​ទីកន្លែង​សុវត្ថិភាព នៅ​ជី​ហែ​ដែលជា​តំបន់​រំដោះ​ខ្មែរក្រហម​។

ប៊ុន ចាន់ថុល​៖ ការងារ​កងចល័ត​ក្នុង​របប​ខ្មែរក្រហម​(រូបថតបណ្ណសាមជ្ឈមណ្ឌលឯកសារកម្ពុជា)

នៅពេលនោះ ខ្ញុំ​មាន​អាយុ​ប្រហែល​១២​ឆ្នាំ​។ ខ្ញុំ​បន្ត​រៀនសូត្រ​នៅ​តំបន់​រំដោះ​ខ្មែរក្រហម​។ សម​មិត្ត ប៊ូ បង្រៀន​សិស្ស​ប្រហែល​២០​នាក់​នៅក្រោម​ផ្ទះ​របស់​អ្នកភូមិ​។ សិស្ស​ទាំងអស់​រៀនអក្ស​រ និង​លេខ​នៅពេល​ព្រឹក ហើយ​នៅពេល​រសៀល​មិនមាន​ការបង្រៀន​ឡើយ​។ នៅ​ចុងឆ្នាំ​១៩៧៣ គ្រួសារ​របស់ខ្ញុំ​វិល​ត្រឡប់មក​រស់នៅ​ភូមិ​ចំការ​សាមសិប​វិញ​។ ភូមិ​ចំការ​សាមសិប ត្រូវបាន​ទាហាន លន់ នល់ ទម្លាក់​គ្រាប់បែក​ជាច្រើន​។ នៅពេលដែល​កងទ័ព​រំ​ដោះ​ខ្មែរក្រហម​វាយយក​បាន​ទី​រួម​ខេត្តកំពង់ចាម​នៅ​នៅ​ចុងឆ្នាំ​១៩៧៣ អ្នកភូមិ​ជាច្រើន​បាន​វិល​ត្រឡប់មកផ្ទះ​វិញ​។ នៅ​ឆ្នាំ​១៩៧៤ ខ្ញុំ​រស់នៅ​ផ្ទះ និង​ធ្វើស្រែ​ចម្ការ​។

​បន្ទាប់ពី​កងទ័ព​រំដោះ​ខ្មែរក្រហម​វាយ​ចូលកាន់​កាប់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​ឃើញ​ប្រជាជន​ថ្មី​ជាច្រើន​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ ដើរ​តាមផ្លូវ​នៅខាងមុខ​ផ្ទះ​។ ប្រជាជន​ជម្លៀស​ខ្លះ​បាន​សុំ​អ្នកភូមិ​ស្នាក់នៅ​មួយ​យប់ ខណៈដែល​ប្រជាជន​ជាច្រើន​ផ្សេងទៀត​បន្តដំណើរ​ទៅមុខ​។ នៅ​ចុងឆ្នាំ​១៩៧៥ ខ្ញុំ​មាន​អាយុ​១៣​ឆ្នាំ​។ ខ្ញុំ​ត្រូវបាន​ចាត់​ឲ្យ​ធ្វើការ​នៅ​កងចល័ត​ស្រុក ដែលមាន​មនុស្ស​ប្រហែល​៣០០​នាក់​។ សម​មិត្ត នី​ន គឺជា​ប្រធាន​កងចល័ត​ស្រុក ចំណែក​សម​មិត្ត ផា គឺជា​ប្រធាន​កង​តូច​។

​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៧៦ ដល់​ចុងឆ្នាំ​១៩៧៨ ខ្ញុំ​បាន​ត្រូវ​ផ្ទេរ​ទៅធ្វើ​ការ​នៅ​ការដ្ឋាន និង​លើក​ទំនប់ រួមមាន ៖ ល្ពា​ក​, ត្រួយ​ចេក និង​ព្រៃទទឹង​។ ខ្ញុំ​ចងចាំ​ការងារ​ដែល​ខ្ញុំ​បានធ្វើ​នៅ​អំឡុង​របប​ខ្មែរក្រហម​គឺ នៅវេលា​ម៉ោង​៣​ព្រឹក សម​មិត្ត ផា ផ្លុំ​កញ្ចែ​ដាស់ និង​ឲ្យ​ក្រោកឈរ​តម្រង់​ជួរ​។ នៅក្នុង​កង​តូច មាន​សម​មិត្ត​៣០​នាក់​។ ម៉ោង​៣:៣០​នាទី​ព្រឹក សម​មិត្ត ផា ណែនាំ​ឲ្យ​ខ្ញុំ និង​អ្នក​គ្រប់គ្នា​ទៅយក​សម្ភារ​ធ្វើការ និង​ដាក់​ផែនការ​សម្រាប់​មនុស្សម្នា​ក់​ឲ្យ​ជីកដី​ឲ្យ​បាន​៣​ម៉ែត្រការ៉េ​ក្នុង​មួយថ្ងៃ​។ ម៉ោង​៣:៤០​នាទី​ព្រឹក យើងទាំងអស់គ្នា​ដើរទៅ​ការដ្ឋាន​ធ្វើការ​។

នៅ​យប់​ខ្លះ​ខ្ញុំ​មើលមុខ​គ្នា​មិន​ស្គាល់​នោះឡើយ​។ នៅ​ម៉ោង​៤​ព្រឹក ខ្ញុំ​ចាប់ផ្ដើម​កាប់​ដី​និង​រែក​ដី​។ នៅ​ម៉ោង​៦​ព្រឹក ខ្ញុំ​កាប់​ដី​បាន​ប្រហែល​កន្លះ​ម៉ែត្រការ៉េ​។ ម៉ោង​៦:៤៥​នាទី​ព្រឹក សម​មិត្ត ផា ផ្លុំ​កញ្ចែ​ដើម្បី​ឲ្យ​កងចល័ត​សម្រាក​។ បន្ទាប់ពី​សម្រាក​រួចហើយ សម​មិត្ត ផា ផ្លុំ​កញ្ចែ​ម្តងទៀត ដើម្បី​ឲ្យ​សញ្ញា​ដល់​កងចល័ត​បន្ត​ការងារ​រហូត​ដល់ពេល​សម្រាក​បាយ​ថ្ងៃត្រង់​។ នៅវេលា​ម៉ោង​១១​ព្រឹក ខ្ញុំ​ហូប​បបរ​រាវ​មួយ​ចាន បន្ទាប់មក​សម្រាក​។ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ កងចល័ត​ត្រូវ​ត្រឡប់មក​ទីតាំង​ធ្វើ​ការងារ និង​ធ្វើការ​រហូត​គ្រប់​ផែនការ​កំណត់​ត្រឹម​ម៉ោង​៥​ល្ងាច​។ បើ​មិនទាន់​គ្រប់​ផែនការ​កំណត់​ទេ ខ្ញុំ​ត្រូវ​បន្ត​ធ្វើការ​រហូតដល់​ម៉ោង​៦​ឬ​៧​ល្ងាច​។ អ្នក​ដែល​បាន​កាប់ និង​លើកដី​គ្រប់​តាម​ផែនការ​កំណត់​អាច​ទទួលបាន​របប​អាហារ​។ ចាប់ពី​ម៉ោង​៩​ដល់​ម៉ោង​១០​យប់​ខ្ញុំ​ត្រូវ​យាម​នៅ​ការដ្ឋាន​។ បន្ទាប់ពី​យាម​រួចរាល់​ទើប​ខ្ញុំ​អាច​ចូលដេក​បាន​។ សកម្មភាព​ការងារ​ពេញ​មួយថ្ងៃ គឺ​នៅតែ​ស្ថិតក្នុង​ការចងចាំ​រប​ស់​ខ្ញុំ​។

​គ្រាមួយ ដែល​ខ្ញុំ​យល់ថា​បាត់បង់​អ្វីៗ​គ្រប់យ៉ាង​នោះ​គឺ​នៅពេលដែល​ឪពុក​របស់ខ្ញុំ​ត្រូវបាន ខ្មែរក្រហម​ចាប់​យកទៅ​សម្លាប់​។ សម​មិត្ត ស្រ៊ុន បាន​ប្រាប់​ខ្ញុំ​ថា ឪពុក​របស់ខ្ញុំ​ត្រូវបាន​បណ្ដើរ​ទៅ​កន្លែង​សម្លាប់​នៅ​ខាង​ទួល​ស្រែ​។ ខ្ញុំ​បានរ​ត់ទៅ​ជួប​គាត់​ជា​លើកចុងក្រោយ​។ ខ្ញុំ​ឃើញ​គាត់​ត្រូវបាន​បណ្ដើរ​ដោយ​កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​ទៅខាង​ទួល​ស្រែ​។ ពេលនោះ​គឺជា​លើកចុងក្រោយ​ដែល​ខ្ញុំ​បានឃើញ​គាត់​។

​នៅពេលដែល​កងទ័ព​វៀតណាម​ជិត​មកដល់ ខ្ញុំ​បាន​រត់គេចខ្លួន​ត្រឡប់មក​ភូមិ​វិញ​។ ខ្ញុំ​បាន​បន្តធ្វើ​ស្រែចម្ការ ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​មិនមាន​កម្លាំង​ធ្វើស្រែ​ចម្ការ​ទៀត​ទេ​៕សរន