​ប្រែ​សម្រួលៈ បំណង​(​បាងកក​ប៉ុស្តិ៍​)៖​តារា​សម្តែង ពិធីករ​និង​ជា​អ្នកចំរៀង លោក ច​ន​នី អាន់​ហ្វូន​(Johnny Anfone)​បានបង្ហាញ​ការត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ឈរឈ្មោះ​ជា​សមាជិក​សភា​នៅ​មណ្ឌល​ក្រុង​​បាងកក​ក្រោម​ឆត្រ​នៃ​គណបក្សនយោបាយ ថៃ​សាង​ថៃ​(Thai Sang Thai)​សំរាប់​ការបោះឆ្នោត​សកល​នា​ពេលខាងមុខ​។​

​គណបក្ស​ថៃ​សាង​ថៃ ត្រូវបាន​បង្កើតឡើង​ដោយ​លោកស្រី ស៊ូ​ដា​រ៉ា​ត កេ​យូរ៉ា​ផាន​(Sudarat Keyuraphan) ដែល​ជា​អតីត​ប្រធាន​ក្រុម​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រឆាំងភឿ​ថៃ​(Pheu Thai)​។​ចាប់​​តាំង​ពេល​បង្កើត​វា​កាលពី​ឆ្នាំមុន​មក គណបក្ស​នេះ​ហាក់​ទទួលបាន​ការគាំទ្រ​យ៉ាង​ខ្លាំង​ជា​ពិសេស​នៅ​ក្រុង​បាងកក​។​

​លោកស្រី ស៊ូ​ដា​រ៉ា​ត ដែល​ជា​ប្រធាន​បក្ស​ថ្មី​នេះ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានប្រកាសថា​លោកចននី ជា​សមាជិក​ថ្មី​ម្នាក់​។​លោកស្រី​បាន​និយាយ​ថា​លោកចននី​ចង់​ដោះស្រាយ​បញ្ហា​របស់​ប្រជាជន​នៅក្នុង​ទីក្រុង​​នេះ គឺ​លោក​ស្ម័គ្រចិត្ត​បំរើប្រជាជន​នៅក្នុង​សង្កាត់ មីន ប៊ូ​រី​,​កាន់​ណា​យ៉ាវ​និង ក្ល​ង សាម​វ៉ា​។​

​តារា​ជើងចាស់​វ័យ​៥២​ឆ្នាំ​រូប​នេះ បាន​និយាយថា លោក​តាមដាន​និង​ដឹង​បញ្ហា​បច្ចុប្បន្ន​នៅ​ថៃ​ហើយលោក​ចង់​ឃើញ​វិបុលភាព​និង​ការអភិវឌ្ឍ​។​លោក​ថា «​នៅ​ប្រាំពីរ ប្រាំបី​ឆ្នាំ​មកនេះ ខ្ញុំ​បាន​ដឹងថា​រដ្ឋ​ប្រ​​ហារ​និង​ការដណ្តើម​អំណាច​មិន​ជា​ផ្លូវ​ដោះស្រាយ​បញ្ហា​ទេ​។​មានតែ​លទ្ធិប្រជាធិបតេយ្យ​និង​ការចូលរួម​របស់​សាធារណជន​នឹង​ជួយ​ប្រទេស​យើង​អោយ​រស់​»​។​

​លោក​ថា​លោក​បាន​សំរេចចិត្ត​ចូលប្រឡូក​ក្នុង​នយោបាយ​ពេញលេញ និង​ចុះ​ទៅ​ជួប​ប្រជាជន​នៅ​បី​បួន​ខែ​មកនេះ​ដើម្បី​ស្វែងយល់​អំពី​ស្ថានភាព​រស់នៅ​របស់​គេ​។​លោក​បាន​សំរេច​ចូលរួម​ក្នុង​គណបក្ស​​ថៃ​សាង​ថៃ​ក្រោយ​ដឹងថា លោកស្រី​ស៊ូ​រ៉ា​ដា​ត ព្យាយាម​និង​តាំងចិត្ត​ស្ថាបនា​គណបក្ស​នេះ​អោយ​ក្លាយទៅជា​ស្ថាប័ន​មួយ​ដែល​បំរើ​ប្រជាជន​៕

​តារា​សម្តែង ពិធីករ​និង​ជា​អ្នកចំរៀង លោក ច​ន​នី អាន់​ហ្វូន​និង​ប្រធាន​បក្ស​លោកស្រី ស៊ូ​ដា​រ៉ា​ត កេ​យូរ៉ា​ផាន​

​ច​ន​នី​បាន​និយាយថា​លោក​នឹង​យក​បទពិសោធន៍​ក្នុង​វិស័យ​សម្តែង​អស់​ពេល​៣៦​ឆ្នាំ​របស់​លោក​ដើម្បី​ធ្វើអោយ​ថៃ​ក្លាយជា​មជ្ឈមណ្ឌល​មួយ​របស់​ពិភពលោក​