ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការសិក្សាថ្មីមួយបានព្រមានថា កង្វះខាតទឹកនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនៅក្នុងផ្ទៃដីដាំដុះរបស់ពិភពលោកប្រមាណ ៨០ភាគរយដោយសារតែការប្រែប្រួលអាកាសធាតុ។
ពួកអ្នកស្រាវជ្រាវបានពិនិត្យមើលតម្រូវការទឹកបច្ចុប្បន្ននិងអនាគតសម្រាប់កសិកម្មពិភពលោកដើម្បីកំណត់ថាតើកម្រិតទឹកត្រូវការនឹងអាចរកបាននៅឆ្នាំ ២០៥០ ឬអត់។
ក្រុមអ្នកស្រាវជ្រាវមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិននៅទីក្រុងប៉េកាំងបានពិនិត្យមើលកម្រិតអតិបរមានៃទឹកដែលអាចកើតចេញពីទឹកភ្លៀង និងប្រព័ន្ធធារាសាស្ត្រនៅក្នុងតំបន់ដំណាំនីមួយៗ។ពួកគេបានបង្កើតសន្ទស្សន៍មួយដើម្បីវាស់ស្ទង់និងព្យាករណ៍ពីកង្វះទឹកនៅក្នុងប្រភពកសិកម្មសំខាន់ៗ រួមមានដី ទឹកភ្លៀង ប្រព័ន្ធធារាសាស្ត្រ និងទន្លេ ដោយរកឃើញថា ៨០ភាគរយនៃផ្ទៃដីដំណាំទាំងអស់នៅជុំវិញពិភពលោកនឹងមិនមានទឹកគ្រប់គ្រាន់នៅត្រឹមឆ្នាំ ២០៥០ នោះទេ។
ក្នុងរយៈពេល ១០០ ឆ្នាំចុងក្រោយនេះ តម្រូវការទឹកនៅទូទាំងពិភពលោកបានកើនឡើងពីរដងលឿនស្មើនឹងចំនួនមនុស្សដែរ ដោយកង្វះទឹកគឺជាបញ្ហាកើនឡើងខ្ពស់នៅក្នុងតំបន់ដែលរងគ្រោះដោយគ្រោះរាំងស្ងួត ដូចជាបណ្តារដ្ឋនៅភាគខាងលិចសហរដ្ឋអាម៉េរិក ដោយសារអាងទន្លេខូឡូរ៉ាដូខ្សត់ទឹក។
កាលពីដើមសប្តាហ៍នេះ ក្រុមមន្ត្រីអាម៉េរិកបានប្រកាសពីអ្វីដែលពួកគេហៅថាជំហានវិសាមញ្ញលើការរក្សាទឹករាប់រយពាន់លានហ្គាឡុងដែលត្រូវរក្សាទុកនៅក្នុងអាងស្តុកទឹកឡេកផូវែល (Lake Powell)។
រឿងនេះត្រូវបានធ្វើឡើងដើម្បីការពារទឹកកុំឱ្យថយចុះបន្ថែមទៀតចំពេលមានគ្រោះរាំងស្ងួតយូរនិងការប្រែប្រួលអាកាសធាតុ ដែលឃើញអាងស្តុកទឹកនៅក្នុងតំបន់ស្រកទឹកដល់កម្រិតទាបមិនធ្លាប់មាន។
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា “បច្ចេកទេសកសិកម្មដែលរក្សាទឹកភ្លៀងនៅក្នុងដីកសិកម្មអាចជួយកាត់បន្ថយការខ្វះខាតទឹកនៅក្នុងតំបន់ស្ងួតបែកក្រហែងបាន”៕
កង្វះខាតទឹកនឹងកើនឡើងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនៅក្នុងផ្ទៃដីដាំដុះរបស់ពិភពលោកប្រមាណ ៨០ ភាគរយដោយសារតែការប្រែប្រួលអាកាសធាតុ