ដោយ: មុនីរ័ត្ន/ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែនជាថ្នាក់ដឹកនាំ ដែលមាន សមត្ថភាពលើសលប់ក្នុងការកាន់ចង្កូតដឹកនាំប្រទេសទាំង ក្នុងកាលៈទេសៈ សង្គ្រាម និងសន្តិភាព ប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់និងមានការទទួល ខុសត្រូវខ្ពស់ ព្រមទាំងមានទឹកចិត្តចំហរទូលំទូលាយក្នុងការ ទទួលនូវ មតិយោបល់ ពី គ្រប់ មជ្ឈដ្ឋានប្រយោជន៍ក្នុងការសិក្សា ស្រាវជ្រាវ និងពិចារណាល្អិតល្អន់ប្រកបដោយហេតុផល។ មួយវិញទៀត សម្តេច តែងបានផ្តល់នូវ ការគាំទ្រ គ្រប់បែប យ៉ាងសម្រាប់សកម្មភាពយុវជន សិស្ស-និស្សិតក្នុងការងារសង្គម និងនយោបាយ សំដៅរួមចំណែក ក្នុងការដុសខាត់កម្លាំងបន្តវេនឱ្យមានភាពមុតស្រួច ស័ក្តិសមជាសសរទ្រូង និងអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ។
នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន យុវជនគណបក្សថ្នាក់កណ្តាលក្នុងពិធីប្រកាស ទទួលស្គាល់ និងបញ្ចូល សមាសភាពសាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិតចំនួន ២.៧៥៦រូប ជាមាជិក គណបក្ស ប្រជាជនកម្ពុជា នៅវិមាន ៧ មករា កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាបាន ផ្តល់នូវភាពកក់ក្តៅជូនសមាជិក សមាជិកា ក៏ដូចជាប្រជាពលរដ្ឋទូទាំង ប្រទេស តាមរយៈ ការរក្សានូវគុណតម្លៃកេរ្តិ៍ឈ្មោះរបស់ខ្លួនជាអ្នកដែលប្រជាពលរដ្ឋ ស្រលាញ់ និងជឿជាក់ ចំពោះឆន្ទៈ និងសកម្មភាព ដូចដែលបានអនុវត្តកន្លងមក ក្នុងនាមជាស្ថាបនិកនៃសន្តិភាព អ្នកការពារស្ថិរភាព អគ្គមគ្គទេសក៍នៃការអភិវឌ្ឍ ដែលស្ថិតនៅជាប់នឹងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ទន្ទឹមនឹងនេះ គណបក្ស កំពុងបន្តជំរុញការអភិវឌ្ឍ និងទំនើបកម្មសមត្ថភាពរបស់ខ្លួនឱ្យបានធំធេងលើ មូលដ្ឋាននៃចំណេះដឹង និងបទពិសោធន៍ ដែល មានជាង ៧០ ឆ្នាំកន្លង មកនេះ ដើម្បីធានាក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ថែម ទៀត។ លើសពីនេះគណបក្សប្តេជ្ញាដាច់ខាតបន្តថែរក្សាសន្តិភាព ស្ថិរភាព និងផ្តល់ឱកាស បង្កលក្ខណៈឱ្យគ្រប់គ្នា បានទទួលផល និងក្តីសង្ឃឹមទាំងពេល បច្ចុប្បន្ន និងអនាគត សម្រាប់ប្រយោជន៍ខ្លួនឯង សង្គមគ្រួសារ និងសង្គមជាតិ។
លោក ហ៊ុន ម៉ាណែត បានសម្តែង ការចូលរួមសប្បាយរីករាយជាមួយ សាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិតទាំងអស់ ដែលកំពុង ពាក់អាវគណបក្សដ៏ស្រស់ស្អាត និងឯកភាពគ្នា ដែលជានិមិត្តរូបនៃការ ចូលមករួមរស់ក្នុងជីវភាពជាមួយមហាគ្រួសារ នៃគណបក្ស ប្រជាជន កម្ពុជាជាគណបក្សដែលមានការ អភិវឌ្ឍ រីកចម្រើនរឹងមាំឥតឈប់ឈរ ដោយមានមូលដ្ឋានពីស្មារតីសាមគ្គីភាព, ការតម្កល់ផលប្រយោជន៍ជាតិជាធំ និងមានគោលនយោបាយមុតស្រួច ជាមួយនឹងភាពបត់បែន សំដៅធ្វើយ៉ាង ណារក្សាឱ្យបាននូវបុព្វហេតុតែមួយគត់ និងឥតងាករេពីមួយជំនាន់ទៅមួយជំនាន់ គឺការបម្រើផលប្រយោជន៍ប្រជាជន និង អភិឌ្ឍប្រទេសជាតិ៕/PC