​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បាត់បង់​វរសេនីយ៍​ទី​៣៨​របស់​លោក​នៅក្នុង​សង្គ្រាម​នៅ​អ៊ុ​យក្រែន នៅពេល​រុស្ស៊ី​កាន់តែ​បាត់បង់​មេទ័ព​កាន់តែច្រើន​ទៅ​។​

​វរសេនីយ៍ទោ ផ្យូ​ដ័រ ហ្គិន​នី​វីច សូ​ឡូ​វ​យ៉ូវ​(Fyodor Evgenievich Solovyov)​អាយុ​៤៤​ឆ្នាំ បាន​ស្លាប់​ក្នុង​សមរភូមិ​ដុន​បាស នេះ​បើ​តាម​សេចក្តីរាយការណ៍​នៅ​ស្រុកកំណើត​របស់​លោក​។​

​សូ​ឡូ​វ​យ៉ូវ ជា​មេបញ្ជាការ​កងកាំភ្លើងធំ​ទី​១២៧​។​សាកសព​លោក​ត្រូវ​បាន​បញ្ចុះ​ជាមួយនឹង​ការ​ផ្តល់​កិត្តិយស​ទ័ព​និង​ការ​បាញ់កាំភ្លើង​ធំ​បី​ដង​នៅ​ក្នុងភូមិ ជូ​ណា​គី​។​

​របាយការណ៍​រុស្ស៊ី​មួយ​បាន​និយាយថា លោក​បាន​ស្លាប់​ជា​វីរបុរស​នៅលើ​ទឹកដី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ដូណិត​ស​ខ៍​។​ព័ត៌មាន​លម្អិត​អំពី​ការស្លាប់របស់​លោក​មិន​ត្រូវ​បាន​បញ្ចេញ​អោយដឹង​​ទេ​តែ​លោក​ត្រូវបាន​ប្រគល់​មេដាយ​កិត្តិយស​សំរាប់​ភាពក្លាហាន​យោធា​។​

​បើ​តាម​សារព័ត៌មាន​លោកខាងលិច ឧត្តមសេនីយ៍ប្រាំ​បួនរូ​ប​និង​វរសេនីយ៍យោ​ធា​​រុស្ស៊ី៣៨​រូប​ត្រូវបាន​សម្លាប់​គិត​ចាប់តាំងពី​ថ្ងៃ​២៤​កុម្ភៈ ពេលដែល​លោក​ពូ​ទីន​បញ្ជា​ទាហាន​ចូលលុកលុយ​ប្រទេស​ក្បែរ​ខាង​​អ៊ុ​យក្រែន​។​របាយការណ៍​ក៏បាន​និយាយថា អាម៉េរិក​បាន​ផ្តល់​ព័ត៌មាន​ស៊ើបការណ៍​ដល់​អ៊ុយ​ក្រែន​ដើម្បី​ជួយ​កំណត់​មុខសញ្ញា​និង​គោលដៅ​សម្លាប់​ពួក​មេបញ្ជាការ​រុស្ស៊ី ក្នុង​បំណង​បំផ្លាញ​ទឹកចិត្ត​ពលទាហាន​​រុស្ស៊ី​។​

​ការស្លាប់​របស់​សូ​ឡូ​វ​យ៉ូវ ត្រូវ​បាន​បញ្ចេញ​អោយដឹង​នៅ​បួន​ថ្ងៃក្រោយ​វរសេនីយ៍​ទី​៣៧​ត្រូវបាន​គេ​ដឹង​ថា​ស្លាប់​នៅ​អ៊ុ​យក្រែន គឺ​វរសេនីយទោ អេឌូ​អាដ ឌី​មី​ទ្រី​វ​( Eduard Dmitriev)​។​ឌី​មី​ទ្រី​វ អាយុ​៤៤​ឆ្នាំ​​ជា​មេបញ្ជាការ​ទ័ព​រថក្រោះ និង​សាកសព​របស់លោក​ត្រូវ​បាន​បញ្ចុះ​នៅ​តំបន់​គី​រ៉ូវ​។​

​ក្នុងពេល​ជាមួយគ្នា ជើងឯក​ពិភពលោក​សញ្ជាតិ​រុស្ស៊ី​ក្នុង​ការប្រកួត​សង្គ្រាម​រថក្រោះកាលពីឆ្នាំមុន ត្រូវបាន​សម្លាប់​នៅ​ពេល​លោក​ត្រូវបាន​បញ្ជូន​ទៅ​កាន់​សម​រ​ភូមិ​ជាក់ស្តែង​នៅ​អ៊ុ​យក្រែន​។​បា​តូ បា​សាណូ​វ (Bato Basanov)​អាយុ​២៥​ឆ្នាំ បាន​ប្រកួត​ជាប់​ជើងឯក​កាលពី​ឆ្នាំ​មុន​ក្នុង​សមយុទ្ធ​នៅ​ចំពោះមុខ​រដ្ឋមន្ត្រី សឺ​ហ្គេ សយហ្គូ (Sergei Shoigu)​និង​នាយសេនាធិការ​កងទ័ព វ៉ា​ឡេរី ហ្គេ​រ៉ា​ស៊ីម៉ូ​វ​(Valery Gerasimov) តែ​លោក​បាន​បញ្ចប់​ជីវិត​នៅពេល​រថក្រោះ​របស់លោក​ត្រូវ​គ្រាប់​របស់​កងកម្លាំង​អ៊ុ​យក្រែន​៕

​នាយ​ទោ បា​តូ បា​សាណូ​វ បាន​ជាប់​ជើងឯក​ក្នុង​សមយុទ្ធ​រថក្រោះ​កាលពី​ឆ្នាំមុន តែ​ស្លាប់​ក្នុង​សមរភូមិ​ជាក់ស្តែង​នៅ​អ៊ុ​យក្រែន​