ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: លោក​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ក្រុង​បាវិត បាន​មាន​ប្រសា​ន៍​ថា យើង​ជា​សិស្ស​ជា​វ័យ​មួយ​សំរាប់​សិក្សា​មានកំ​លាំង​ថាមពល​ដែល​យើង​កំពុងដំណើរការ​នៃ​ជីវិត ដោយ​ត្រូវ​យកចិត្តទុកដាក់​ត្រងត្រាប់​ស្តាប់​គ្រូ ពីព្រោះថា ពេលវេលា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ពិតជា​មាន​សារៈសំខាន់​សំរាប់​អាយុជីវិត​របស់​យើង​។

​លោក​ទេសរដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ​និង​ក្មួយៗ សិស្សានុសិស្ស​សាលាបឋមសិក្សា​ព្រៃ​ទប់ ស្ថិតក្នុង​សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២២​​។

​លោក លី ធុជ បាន​មានប្រសាសន៍​បន្តទៀតថា ក្មួយៗ​ត្រូវមាន​គោលដៅ​សំរាប់​ជីវិត​របស់​យើង ការគោរព​ដឹងគុណ ឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ ដើម្បី​ក្លាយខ្លួន​ទៅជា​ពលរដ្ឋ​ល្អ​រស់នៅ​ក្នុងសង្គម​។ ម្យ៉ាងទៀត​សូម​ក្មួយៗ​ទាំងអស់ ត្រូវ​ឧស្សាហ៍​រៀនសូត្រ​ជាប្រចាំ ពីព្រោះថា យុវវ័យ​ជា​ពេល​មួយ​ដែលជា​អំណោយ​សំរាប់​ជីវិត ជា​វ័យ​សិក្សា​រៀនសូត្រ​ដោយ​មិនត្រូវ​សេព​គ្រឿងញៀន លេងល្បែង​ស៊ីសង​អំពើ​អបាយមុខ​នោះឡើយ យើង​ជា​ទំពាំង​ស្នង​ឫស្សី ដើម្បី​កសាង បំរើ​ប្រទេសជាតិ ជា​ក្តីសង្ឃឹម​របស់​ប្រទេស​ដោយ​ចាប់ផ្តើម​ពី​ការសិក្សា​រៀនសូត្រ​។

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមការងារ​ខ្មៅ​ដៃ​ស្ម័គ្រចិត្ត ដែល​បាន​យក​ពេលវេលា​យ៉ាង​មានតម្លៃ ដើម្បី​បង្កើត​នូវ​កម្មវិធី​នេះ​ឡើង​សំរាប់​ក្មួយៗ សិស្សានុសិស្ស​ដើម្បី​ទទួលបាន​ចំណេះដឹង​ថ្មីៗ បន្ថែមទៀត ហើយ​នៅពេល​ខាងមុខនេះ សូម​លោកគ្រូ អ្នកគ្រូ​ទាំងអស់គ្នា​កុំ​ភ្លេច​អញ្ជើញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅ​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២២​ខាងមុខនេះ ឲ្យ​បាន​គ្រប់គ្នា គឺ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេសជាតិ សំរាប់​កសាង និង អភិវឌ្ឍន៍​ជា​បន្តទៅទៀត​៕​