​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ គ្រាន់តែ​ក្របី​ចូល​ស៊ី​ស្មៅ ក្នុង​ដី​របស់ខ្លួន មន្ត្រីនគរបាល​ការិយាល័យ កិច្ចការ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ​ម្នាក់ បាន​បាញ់​អ្នក​ស៊ីឈ្នួល ឃ្វាល​សត្វ ឱ្យ​របួសធ្ងន់ ។ សមត្ថកិច្ច​មូលដ្ឋាន បានចាត់ទុក​ករណីនេះ​ថា ជា​ករណី​ប៉ុនប៉ង មនុស្សឃាត កើតឡើង កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ១​និង​៣៥​នាទី នៅ​ចំណុច​ដី​ចាក់ ស្ថិតនៅ​ភូមិ​-​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​បី​ជាន់ និង​អធិការដ្ឋាន ស្រុក​អូរជ្រៅ បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា នេះ​ថាៈ ជនរង​គ្រោះ មានឈ្មោះ ឃាង វណ្ណា អាយុ ៥៥ ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ថ្នល​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ មុខរបរ សុ​ី​ឈ្នួល​ឃ្វាលក្របី ។​

​ប្រភព​បាន​បញ្ជាក់ថាៈ រីឯ​ជនសង្ស័យ​គឺ វរសេនីយ៍ទោ រ៉ា ទឹម​ច័ន្ទ​ពិសី អាយុ ៤២ ឆ្នាំ ភេទ​ប្រុស តួនាទី នាយរង​ការិយាល័យ កិច្ចការ​ផ្ទៃក្នុងក្រសួងមហាផ្ទៃ មក​ស្នាក់នៅប​ណ្តាះ​អាសន្ន នៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។​

​លោក​វរសេនីយ៍ អ៊ឹម សុភា​រៈ អធិការនគរបាល​ស្រុក​អូរជ្រៅ បាន​ប្រាប់​កាសែត រស្មី​កម្ពុជា នៅ​ថ្ងៃទី​៨ ខែឧសភា នេះ​ថាៈ មុនពេល​កើតហេតុ សត្វ​ក្របី​របស់​ជនរងគ្រោះ បាន​ចូលសុ​ី​ស្មៅ ក្នុង​ដី​របស់​ជនសង្ស័យ​។​

​លោក​បាន​បន្តថាៈ មិនដឹង​ជា​ខឹងច្រឡោត ឬ​ទឹក​ចិត្តឃោរឃៅ​យ៉ាងណា ទើប​ជនសង្ស័យ បាន​យក​កាំភ្លើង ម៉ាក​វាំង​ដឺ​ឡុង (​ប្រភេទ​កាំភ្លើង​បាញ់​សត្វ​) បាញ់​ជនរងគ្រោះ ចំនួន ១​គ្រាប់ បណ្តាល​ឲ្យ​ចំ រងរបួស​ធ្ងន់ កំភួនជើង​ខាងឆ្វេង នៅ​កន្លែង​កើត​ហេតុ​។ ចំណែក ដី និង​វាលស្មៅ ជាប់​ព្រំដែន​កម្ពុជា ថៃ ដែល​ជនសង្ស័យ​ទើប​ទិញ​នោះ ក៏​ពុំមាន​របង ហើយ​ស្មៅ​នោះ ក៏​ជា​ស្មៅ​ដុះ​ឯង គ្មាន​នរណា ដាំ​ឡើយ​។​

​សមត្ថកិច្ច បាន​បន្តថាៈ ជនសង្ស័យ​ដៃដល់ បាញ់​រួច ឃើញ​ជនរងគ្រោះ រងរបួស​ដួល ដេក​លើដី ក៏បាន​រត់គេចខ្លួន​បាត់​ទៅ​។​

​ភ្លាមៗ​នោះ អ្នកជិតខាង និង​សមត្ថកិច្ច បាន​នាំ​ជនរងគ្រោះ យកទៅ​សង្គ្រោះ​ព្យាបាល នៅ​មណ្ឌល​សុខភាព អូរ​បី​ជាន់ មុននឹង​បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ។​

​ករណីនេះ កម្លាំង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ខេត្ត ស្រុក និង ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ បាន​នឹង​កំពុង ស្រាវជ្រាវ តាមរក​ចាប់​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង តាម​នីតិវិធី​ច្បាប់​៕/V​