ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: កីឡាករ​ប្រណាំង​រទេះ វ៉ាន​ ​វ៉ុ​ន អតីត​ម្ចាស់​មេដាយមាស​បី​គ្រឿង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៧ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បាន​ប្តេជ្ញា​ប្រឹងប្រែង​ហ្វឹកហាត់​បង្កើន​សមត្ថភាព​អោយ​ខ្លាំង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២២ នៅ​ឥណ្ឌូនេស៊ី និង​នៅ​កម្ពុជា ឆ្នាំ​២០២៣ បន្ទាប់ពី​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(Camsoc) ផ្ដល់​ទីលាន​ស្តង់ដារ​ក្នុង​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​សម្រាប់​ហ្វឹកហាត់​។​

កីឡាករ​ប្រណាំង​រទេះ​រូបនេះ​បានអោយដឹងថា​កាល​ហ្វឹកហាត់​នៅ​បឹង​ស្នោរ សិទ្ធ ផល ហាក់​មិន​កើនឡើង​ហើយ​សម្ភារៈ​​ហ្វឹកហាត់ ដូចជា រទេះ កង់ ស្រោមដៃ ក៏​ឆាប់​ខូច រាំងស្ទះ​ដល់​កីឡាករ​ជនពិការ​ប្រណាំង​រទេះ​គ្រប់រូប​។

​វ៉ាន់ វ៉ុ​ន បន្តថា ដោយ​មើលឃើញ​ពី​ការលំបាក លោក យី វាសនា អគ្គលេខាធិការ​គណ​:​ក​ម្មា​ធិ​ការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ស្នើសុំ​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់​ថា Camsoc បានអនុញ្ញាត​អោយធ្វើ​កា​រ​ហ្វឹកហាត់ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ មាន​អត្តពលកម្ម ហែល​ទឹក ក្នុងចំណោម​១១​ប្រភេទ​កីឡា​ផ្សេងទៀត​។

​បន្ទាប់ពី​មាន​កន្លែង​ហ្វឹកហាត់​ល្អ​និង​ទទួលបាន​ការឧបត្ថម្ភ​ជួយ​ទិញ​សម្ភារ ដូចជា រទេះ កង់ ស្រោមដៃ ពី​លោក ផល សុ​ផេង និង​សប្បុរសជន​ជាច្រើន​ទៀត​កីឡាករ​ប្រណាំង​រទេះ​ជនពិការ​រូបនេះ អះអាងថា អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ឥណ្ឌូនេស៊ី នឹង​ដណ្តើមបាន​មេដាយ​ជាក់​ជាមិនខាន ប៉ុន្តែ​គេ​មិន​សន្និដ្ឋាន​ជាមុន​ថា តើ​មេដាយ​កម្រិតណា នោះទេ​។​

​ដោយឡែក​លោក​យី​វាសនា​អគ្គលេខាធិការ​គណ​:​ក​ម្មា​ធិ​ការ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ធ្លាប់បាន​បញ្ជាក់ថា អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី គឺជា​ឱកាស​ដ៏​ល្អ​មួយ និង​ចាំបាច់​ដែល​កម្ពុជា ត្រូវ​រៀបចំ​កីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រី​បច្ចេកទេស​អោយមាន​សក្តានុពល​ដើម្បី​ចូលរួម​ដុសខាត់​យុទ្ធសាស្ត្រ​ចិត្តសាស្ត្រ​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ជា​ព្រឹត្តិការណ៍​ចុងក្រោយ​មុននឹង​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២​ដើម្បី​យកចំណេះ​ដឹង​មក​ដឹកនាំ​ធ្វើ​នៅ​ឆ្នាំ​២០២៣​ជា​គន្លឹះ​និង​ចំនុចខ្លាំង​អោយទទួល​បាន​ជោគជ័យ​ទាំង​ការរៀបចំ​និង​ការដណ្តើម​មេដាយ​ជូន​កម្ពុជា​។​

​សូមបញ្ជាក់ថា​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ ត្រូវបាន​ប្រទេស​ឥណ្ឌូនេស៊ី ស្នើសុំ​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួស ក្រោយ​វៀតណាម​សម្រេច​លុបចោល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៣​ដល់ទី​៣១ ខែកក្កដា ឆ្នាំ​២០២២ ក្នុងនោះ​កម្ពុជា​ត្រៀម​បញ្ជូន​១១​ប្រភេទ​កីឡា មាន អត្តពលកម្ម ហែល​ទឹក វាយ​កូនឃ្លី​លើ​តុ បាល់ទះ​អង្គុយ បាល់បោះ​ជនពិការភ្នែក វាយ​សី លើក​ទម្ងន់ បាញ់​ធ្នូ អុក បាល់ទាត់​៧​ម្ខាង និង​បាល់បោះ​រទេះ​។​

​កាលពី​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​៩ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​ដណ្តើមបាន​មេដាយ​សរុប​១០​គ្រឿង ប្រាក់​៥ និង​សំរិទ្ធ​៥៕​