​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជំទាវ​ទី​មួយ​របស់​សហរដ្ឋ​អាម៉េរិក​លោកស្រី ជី​ល បៃ​ដិន​(Jill Biden) បាន​ធ្វើ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ថ្ងៃអាទិត្យ​ទី​៨​ឧសភា ដោយ​បាន​ជួប​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែន​គឺ​លោកស្រី អូ​ឡេ​ណា ហ្សេ​លេន​ស្កា (Olena Zelenska) នៅឯ​សាលារៀន​មួយ​កន្លែង​សម្រាប់​ជន​ស៊ីវិល​ដែល​ផ្លាស់​ទីលំនៅ​ដោយសារ​សង្គ្រាម​។​

​លោក​ស្រីបៃ​ដិនបាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​ខ្ញុំ​ចង់​មក​នៅ​ទិវា​អ្នក​ម្ដាយ​។ ខ្ញុំ​គិតថា វា​ជា​រឿង​សំខាន់​ដើម្បី​បង្ហាញ​ប្រជាជន​អ៊ុយ​ក្រែនថា សង្គ្រាម​នេះ​ត្រូវតែ​បញ្ឈប់​។​សង្គ្រាម​នេះ​គឺ​ឃោរឃៅ​ហើយ​ប្រជា​​ជន​អាម៉េរិក​ឈរ​ជាមួយ​ប្រជាជន​អ៊ុ​យក្រែន​”​។

​ជំទាវ​អាយុ ៧០ ឆ្នាំ​រូប​នេះ​បាន​ពាក់​ឡូហ្គោ​ធំ​មួយ​នៅក្នុង​ទម្រង់​នៃ​ទង់ជាតិ​អ៊ុយ​ក្រែន​ពណ៌​ខៀវ​និង​ពណ៌​លឿង​។​

​លោកស្រី​បាន​ធ្វើដំណើរ​ទៅកាន់​អ៊ុយ​ក្រែន​ពី​ស្លូ​វ៉ា​គីជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​ដែល​រួម​បញ្ចូល​រូ​ម៉ា​នី​ហើយ​វា​មានន័យថា​ជា​ការបង្ហាញ​ពី​ការគាំទ្រ​របស់​អាម៉េរិក​សម្រាប់​អ៊ុយ​ក្រែ​ន​និង​បណ្តា​​ប្រទេស​នានា​ដែល​ជួយ​អ៊ុ​យក្រែន បន្ទាប់​ពី​ការ​លុកលុយ​របស់​រុស្ស៊ី​។​

​មន្ត្រី​អាម៉េរិក​ម្នាក់​ដែល​ធ្វើដំណើរ​ជាមួយ​ភរិយា​របស់​ប្រធានាធិបតី​ចូ បៃ​ដិ​ន​ក៏​និយាយ​ផងដែរ​ថា វា​ជា​ការ​បង្ហាញខ្លួន​ជា​សាធារណៈ​លើកដំបូង​របស់​លោកស្រី​ហ្សេ​លេន​ស្កា​ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លានពាន​​អ៊ុយ​ក្រែន​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

​លោកស្រី​ហ្សេ​លេន​ស្កា​បាន​ថ្លែងអំណរគុណ​ដល់​លោក​ស្រីបៃ​ដិន “​សម្រាប់​ទង្វើ​ដ៏​ក្លាហាន​នេះ​”​។​

​លោកស្រី​បាន​ប្រាប់​លោក​ស្រីបៃ​ដិនថា “​ពីព្រោះ​យើង​យល់​ពី​អ្វី​ដែល​វា​ត្រូវការ​សម្រាប់​ជំទាវ​ទី​មួយ​របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​ការ​មក​ទី​នេះ​ក្នុង​អំឡុង​ពេល​សង្គ្រាម​នៅពេល​ដែល​សកម្មភាព​យោធា​កំពុង​កើត​​ឡើង​ជា​រៀងរាល់ថ្ងៃ នៅ​កន្លែង​ដែល​ស៊ី​រ៉ែ​ន​កើត​ឡើង​ជា​រៀងរាល់ថ្ងៃ សូម្បី​តែ​ថ្ងៃនេះ​”​។​

​លោកស្រី​ហ្សេ​លេន​ស្កា​បាន​សង្កត់ធ្ងន់​លើ​ដំណើរ​ទស្សនកិច្ច​ជា​និមិត្តរូប​របស់​លោក​ស្រីបៃ​ដិន​ចំ​ទិវា​អ្នក​ម្តាយ​កាលពី​ថ្ងៃអាទិត្យ​ថា​”​យើង​ក៏​មាន​អារម្មណ៍​ទទួលបាន​ក្តីស្រឡាញ់​និង​ការគាំទ្រ​ពី​អ្នក​ក្នុងអំឡុង​​ថ្ងៃ​ដ៏​សំខាន់​បែបនេះ​ដែរ​”៕

​លោក​ស្រីបៃ​ដិ​ន​និង​លោកស្រី​ហ្សេ​លេន​ស្កា (​ស្តាំ​) ជួប​គ្នា​នៅ​ទីក្រុង​គៀវ​កាលពី​ថ្ងៃអាទិត្យ