ដោយៈមុនីរ័ត្ន,តារារិទ្ធ/​ភ្នំពេញ​៖ប្រសិនជាពុំមានអ្វីប្រែប្រួលទេសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងនាម​ជា​ប្រធាន​អាស៊ាននឹង​អញ្ជើញ​ទៅ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាម៉េរិក នៅ​សហរដ្ឋអាម៉េរិកនៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២​ស្អែកនេះ។វត្តមានរបស់សម្តេចតេជោ ក៏តបតាមសេចក្តីអញ្ជើញរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិកផងដែរ។

កាលពីថ្ងៃទី១៦ខែមេសាកន្លងទៅ​ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ក្នុងសេចក្តីប្រកាស ព័ត៌មានថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន និង​សហរដ្ឋអាម៉េរិក នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​ទឹកដី​អាមេរិក នា​ថ្ងៃទី​១២-១៣ ខែឧសភា ឆ្នាំ​២០២២ ដើម្បី​អបអរសាទរ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាម៉េរិក ដែលមាន​វ័យ ៤៥​ឆ្នាំ​មកហើយ​។ កិច្ចប្រជុំ​កំពូល​ពិសេស​នេះ គឺជា​កិច្ចប្រជុំ​កំពូល​ពិសេស លើក​ទី​២ គិតពី​ឆ្នាំ​២០១៦​។​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំំពូលេះក្នុងនាម​ជា​ប្រធាន​អាស៊ាន។

​ក្រសួងការបរទេសបានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី ចូ បៃ​ឌិន នឹង​ពិភាក្សាគ្នា​អំពី​មធ្យោបាយ និង​វិធីសាស្ត្រ​នានា ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការក្នុង​វិស័យ​ជាច្រើនរួមមាន ការឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩ សន្តិសុខ សុខភាព​សកល ការផ្លាស់ប្តូរ​បញ្ហា​អាកាសធាតុ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព កិច្ចសហប្រតិបត្តិការ​លំហ​សមុទ្រ ការអភិវឌ្ឍ​ធនធានមនុស្ស ការអប់រំ និង​ចំណងទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន ក៏ដូចជា​ការតភ្ជាប់​ទំ​នាក់​ទំនង​សេដ្ឋកិច្ច ជាដើម​។ ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាម៉េរិក នឹង​ផ្លាស់ប្តូ​យោបល់​គ្នា​ទៅវិញទៅមកអំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ផលប្រយោជន៍ និង​កង្វល់​រួម​ផងដែរ​។​

នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​ជា​ប្រវត្តិសាស្ត្រ​នេះ ថ្នាក់ដឹកនាំ​អាស៊ាន និង​សហរដ្ឋអាម៉េរិក នឹងដាក់​ចេញ​នូវ​ទិសដៅ​អនាគ​តនៃ​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហរដ្ឋអាម៉េរិក​។ បន្ថែម​ពីនេះ នឹង​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ សម្រាប់​ផលប្រយោជន៍​រួម​ទៅវិញទៅមក នៃ​ប្រជាជន​អាស៊ាន និង​ប្រជាជន​សហរដ្ឋអាម៉េរិក ដើម្បី​បង្កើន​ជំនឿ និង​ទំនុកចិត្ត​គ្នា​ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង​តំបន់​។​

​គួររំលឹកដែរថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាម៉េរិក មុននេះត្រូវបានគ្រោង​ប្រារព្ធកាលពី​ថ្ងៃទី​២៨-២៩ ខែមីនា ។ប៉ុន្តែឮកិច្ចប្រជុំនេះត្រូវបានលើកពេលដោយសារតែថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានមួយចំនួនជាប់កិច្ចការសំខាន់នៅក្នុងប្រទេសមិនអាច​អញ្ជើញ​ទៅ​ប្រជុំ​ដោយផ្ទាល់​នៅ​សហរដ្ឋអាមេរិក​បាន ទើបកិច្ចប្រជុំនេះត្រូវបានលើកពេលមកធ្វើនាពេលនេះ៕សរន