ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតរបស់គាត់ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ូល (Yoon Suk Yeol)បានបញ្ចេញសម្តីថ្លោសដាក់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយនិយាយថាគាត់នឹងបង្រៀនគូប្រជែងរបស់គាត់នូវសុជីវធម៌និងដោះស្រាយយ៉ាងម៉ឺងម៉ាត់ចំពោះការសាកល្បងកាំជ្រួចបង្កហេតុរបស់កូរ៉េខាងជើងក្រោមកិច្ចសហការជាមួយនឹងសម្ពន្ធភាពដ៏រឹងមាំជាមួយសហរដ្ឋអាម៉េរិក។
ប៉ុន្តែខណៈដែលគាត់ត្រៀមចូលកាន់តំណែងនៅថ្ងៃអង្គារទី១០ឧសភាសម្រាប់អាណត្តិរយៈពេលប្រាំឆ្នាំពេលនេះលោកយូនដែលជាអ្នកអភិរក្សនិយមត្រូវតែប្រឈមមុខនឹងលោកគីមដែលមានកំហឹងកាន់តែខ្លាំងឡើង និងដែលបានគំរាមប្រើគ្រាប់បែកបរមាណូដោយបើកចំហ ហើយតាមដឹងកំពុងត្រៀមសាកល្បងអាវុធនុយក្លេអ៊ែរលើកដំបូងរបស់គាត់ចាប់តាំងពីឆ្នាំ ២០១៧ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតក្បាលគ្រាប់ដែលផ្តោតគោលដៅជាពិសេសទៅលើកូរ៉េខាងត្បូង។
កូរ៉េខាងជើងមានប្រវត្តិព្យាយាមធ្វើឱ្យរង្គោះរង្គើរដ្ឋាភិបាលថ្មីនៅទីក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនដើម្បីទទួលបានឥទ្ធិពលនៅក្នុងការចរចានាពេលអនាគត។ប៉ុន្តែប្រសិនបើលោកគីមបញ្ជាឱ្យធ្វើសាកល្បងនុយក្លេអ៊ែរ នោះលោកយូននឹងនៅមានជម្រើសតិចតួចណាស់ដើម្បីដោះស្រាយជាមួយលោកគីម នៅពេលចាប់ផ្តើមកាន់តំណែងជាប្រធានាធិបតី។
មានការសង្ស័យក្នុងចំណោមអ្នកជំនាញជុំវិញថាតើលោកយូន ទោះបីជាមានវោហាសាស្ត្រខ្លាំងៗ អាចសម្រេចបាននូវអ្វីដែលមានន័យខុសពីប្រធានាធិបតីដែលត្រៀមចាកចេញ មូន ជែអ៊ីន ដែរឬអត់ ខណៈកូរ៉េខាងជើងនៅតែបន្តបដិសេធកិច្ចពិភាក្សា ហើយផ្តោតលើការពង្រីកកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន បើទោះបីជាមានធនធានតិចតួចនិងការលំបាកផ្នែកសេដ្ឋកិច្ចក្តី។
លោក ផាក វ៉ុន គុន (Park Won Gon)សាស្ត្រាចារ្យនៅសាកលវិទ្យាល័យអេវ៉ាវ៉ូមែន (Ewha Womans) នៃទីក្រុងសេអ៊ូលបាននិយាយថា “កូរ៉េខាងជើងមានគំនិតផ្តួចផ្តើមបែបនេះ។មិនថាអ្នកអភិរក្សនិយម ឬអ្នកសេរីនិយមកំពុងកាន់អំណាចនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ កូរ៉េខាងជើងនឹងបន្តជំរុញការសាកល្បងកាំជ្រួច ក្រោមតារាងពេលវេលាអភិវឌ្ឍន៍អាវុធរបស់ខ្លួនមុនពេលដែលខ្លួនព្យាយាមផ្តល់តុល្យភាពនៅពេលក្រោយ។ ឥឡូវនេះ កូរ៉េខាងជើងនឹងបន្តការបង្កហេតុរបស់ខ្លួន ប៉ុន្តែគ្មានមធ្យោបាយណាអាចបញ្ឈប់រឿងនេះបានឡើយ”៕
លោកយូន ស៊ុកយ៉ូល (ឆ្វេង) ចុះពិនិត្យជំរំកងទ័ពអាម៉េរិក-កូរ៉េនៅខេត្តព្យឹងថែកកាលពីថ្ងៃទី៧ខែមេសាឆ្នាំ២០២២