ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ បុរស​ម្នាក់ បាន​រងរបួស ព្រមទាំង​បាត់បង់ ទ្រព្យសម្បត្តិ ជាង​ប្រាំ​ម៉ឺន​ដុល្លារ ដោយសារតែ​ភ្លើង​ឆេះ​ផ្ទះ កាលពី​វេលា​ម៉ោង ១០​និង​១០​នាទី យប់​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២២ ស្ថិតក្នុង​ភូមិ​តាំង​បន្ទាយ ឃុំ​វាល​ពន់ ស្រុក​ថ្ពង ។​

​នគរបាល​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថាៈ ផ្ទះ​ដែល​រងគ្រោះ ដោយសារ គ្រោះ​អគ្គិភ័យ​នោះ មាន​ម្ចាស់​ឈ្មោះ ផន ខន ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ (​រងរបួស​ស្រាល​) រស់នៅ​ភូមិ ឃុំ កើតហេតុ ខាងលើ ។ ផ្ទះ​ដែល​ឆេះ មាន​ទំហំ ៦ ម៉ែត្រ គុណ​នឹង ៨ ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​ក្បឿង ថ្ម​ក្រោម ឆេះ​ទាំងស្រុង​។​

​ប្រភព​បាន​បន្តទៀតថាៈ គ្រោះ​អគ្គិភ័យ​នេះ បណ្ដាលឱ្យ​ឆេះ​អស់ទ្រព្យ​សម្បត្តិ រួមមាន មាស​ចំនួន ៣ តំឡឹង , ប្រាក់​អាម៉េរិក​ចំនួន ៨.០០០ ដុល្លារ​, ប្រាក់​ខ្មែរ ចំនួន ១០.០០០.០០០ រៀល​, ស្រូវ ចំនួន ១ តោន​, អង្ក​ចំនួន ១០០ គីឡូក្រាម​, ឯកសារ​មួយចំនួន មាន​សៀវភៅ​ស្នាក់នៅ (​ក​២) ១​ក្បាល​, សំបុត្រ​បញ្ជាក់​កំណើត ៧ សន្លឹក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ៧ សន្លឹក និង​សម្ភារៈ ប្រើប្រាស់​មួយចំនួនទៀត​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​នេះ គឺ​បណ្ដាលមកពី ទុស្សេ ចរន្តអគ្គិសនី​។ សមត្ថកិច្ច បាន​ប្រើប្រាស់​កម្លាំង ចំនួន​១២​នាក់ រថយន្ត ពន្លត់​អគ្គិភ័យ ចំនួន ១ គ្រឿង ប្រើ​ទឹក​អស់​ចំនួន ១ រថយន្ត​៕/V​-PC