ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នៅប៉ុន្មានម៉ោងមុនការបោះឆ្នោតជាតិហ្វីលីពីនចាប់ផ្តើមកាលពីព្រឹកថ្ងៃចន្ទទី០៩ឧសភា មនុស្សប្រាំបួននាក់បានរងរបួសនៅពេលគ្រាប់បែកចំនួនប្រាំបានផ្ទុះនៅក្រៅស្ថានីយបោះឆ្នោតមួយក្នុងតំបន់ភាគខាងត្បូងដែលបានការបោះបោររបស់ក្រុមអ្នកកាន់សាសនាអ៊ីស្លាម។
តាមទម្លាប់ការបោះឆ្នោតនៅហ្វីលីពីនជាពេលងាយនឹងមានអំពើហិង្សា នៅក្នុងប្រទេសមួយដែលច្បាប់គ្រប់គ្រងអាវុធមានភាពធូររលុង គួបផ្សំនឹងវប្បធម៌នយោបាយហិង្សា តែប៉ូលិសបាននិយាយថាការបោះឆ្នោតនារដូវនេះមានភាពស្ងប់ស្ងាត់ជាទូទៅ។
ហ្វីលីពីនដាក់ពង្រាយកងកម្លាំងសន្តិសុខ រួមមានទាហាននិងប៉ូលិសរាប់ពាន់នាក់ដើម្បីធានាសន្តិសុខសំរាប់ការបោះឆ្នោតនាថ្ងៃ០៩ឧសភា
ការវាយប្រហារបានកើតឡើងកាលពីយប់ថ្ងៃអាទិត្យ ក្នុងទីប្រជុំជន ដាទុ អ៊ុនសាយ(Datu Unsay)លើកោះមីនដាណាវដែលជាតំបន់ធ្វើសកម្មភាពរបស់ក្រុមប្រដាប់អាវុធជាច្រើនចាប់ពីពួកបះបោរកុំម្មុយនីស្ត ដល់ពួកសកម្មប្រយុទ្ធអ៊ីស្លាម ។
នៅប៉ុន្មាននាទីក្រោយមកទៀត គ្រាប់បែកដៃមួយបានផ្ទុះនៅក្នុងទីប្រជុំជនសារីហ្វ អាហ្គ័ក(Shariff Aguak) តែមិនមានជនរងគ្រោះទេ។ទីប្រជុំជនកើតហេតុទាំងពីស្ថិតនៅក្នុងខេត្ត ម៉ាហ្គូអ៊ីនដាណាវ(Maguindanao)។
ប៉ូលិសបាននិយាយថា ជនរងគ្រោះបានកំពុងដើរចេញពីភូមិនៅតំបន់ភ្នំទៅបោះឆ្នោតនៅសាលាក្រុងនៅពេលស្ថានីយបោះឆ្នោតបើកនៅម៉ោង៦ព្រឹកថ្ងៃចន្ទនៅទូទាំងប្រទេសប្រជុំកោះនេះ។
សូមរំលឹកថា នៅឆ្នាំ២០០៩ ខេត្តម៉ាហ្គូអ៊ីនដាណាវជាកន្លែងប្រយុទ្ធគ្នាសម្លាប់មនុស្សច្រើនបំផុតមួយរវាងក្រុមឈរឈ្មោះបោះឆ្នោតប្រជែងគ្នា។ពេលនោះមនុស្ស៥៨នាក់ត្រូវបានសម្លាប់នៅពេលខ្មាន់កាំភ្លើងរបស់ស្តេចត្រាញ់មួយបានរារាំងមិនអោយមនុស្សរបស់ក្រុមប្រជែងមួយដាក់ពាក្យឈរឈ្មោះបោះឆ្នោត។អ្នកស្លាប់រួមមានអ្នកកាសែតរាប់សិបនាក់ផងដែលបានទៅយកព័ត៌មានអំពីហេតុការប្រទាំងប្រទើសគ្នានោះ។
ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតបាននិយាយថា គេកំពុងកំណត់ថាតើការផ្ទុះគ្រាប់បែកាលពីយប់ថ្ងៃអាទិត្យមានពាក់ព័ន្ធនឹងការបោះឆ្នោតដែរឬអត់។
សូមបញ្ជាក់ថា មុខតំណែងជាង១៨.០០០ចាប់ពីប្រធានាធិបតី អនុប្រធានាធិបតី រហូតដល់អភិបាលក្រុងនិងសមាជិកក្រុមប្រឹក្សាខេត្តក្រុងកំពុងឈរឈ្មោះសំរាប់ការបោះឆ្នោតនៅថ្ងៃចន្ទទី០៩ឧសភានេះនៅហ្វីលីពីន។កូនប្រុសរបស់អតីតមេដឹកនាំហ្វែរឌីណង់ ម៉ាកូស លោក ម៉ាកូស ជូនៀ ត្រូវគេរំពឹងទូទៅថានឹងឈ្នះការបោះឆ្នោតនេះ៕
លោក ម៉ាកូស ជូនៀ ត្រូវរំពឹងថានឹងយកឈ្នះគូប្រជែងលំដាប់ទីពីរលោកស្រីឡេនី រ៉ូប្រេដូ ដោយងាយ ដោយសារការស្ទង់មតិបង្ហាញថាលោកនាំមុខ៣០ភាគរយ