ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ តារារ៉ុកជនជាតិអៀរឡង់ឈ្មោះ បូណូ (Bono) បានសរសើរការប្រយុទ្ធរបស់អ៊ុយក្រែនសម្រាប់ “សេរីភាព”ក្នុងអំឡុងពេលការសម្តែងនៅក្នុងស្ថានីយរថភ្លើងក្រោមដីក្នុងទីក្រុងគៀវកាលពីថ្ងៃអាទិត្យ ទី៨ ឧសភា កន្លែងដែលប្រធានក្រុមចម្រៀង U2 រូបនេះក៏បានបួងសួងផ្ទាល់ខ្លួនដើម្បីសន្តិភាពផងដែរ។
ពីវេទិកានៃស្ថានីយរថភ្លើងក្រោមដីទីក្រុងគៀវ តារាចម្រៀងរ៉ុកអាយុ ៦១ ឆ្នាំរូបនេះបានច្រៀងបទពីដើមរបស់ក្រុម U2 ដូចជាបទ Sunday Bloody Sunday, Desire និង With Or Without You។
លោកបូណូបាននិយាយអំឡុងពេលសម្រាកថា “ប្រជាជននៅអ៊ុយក្រែនមិនគ្រាន់តែប្រយុទ្ធដើម្បីសេរីភាពផ្ទាល់ខ្លួនរបស់អ្នកទេ អ្នកកំពុងប្រយុទ្ធដើម្បីយើងទាំងអស់គ្នាដែលស្រឡាញ់សេរីភាព”។
តារាចម្រៀងរូបនេះក៏បានលើកឡើងពីជម្លោះកន្លងមកនៅប្រទេសអៀរឡង់របស់ក្រុមនេះផងដែរ និងបញ្ហាដែលខ្លួនមានជាមួយនឹងប្រទេសជិតខាងដែលមានអំណាចជាង។
លោកបូណូបាននិយាយថា “យើងសូមបួងសួងឱ្យអ្នកទទួលបាននូវសន្តិភាពក្នុងពេលឆាប់ៗនេះ”។
ការបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកបូណូ ដែលជាអ្នកមនុស្សធម៌ជាយូរមកហើយ ដែលជារឿយៗផ្តល់សំឡេងរបស់គាត់ចំពោះបុព្វហេតុជាច្រើនរួមទាំងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនិងជំងឺអេដស៍ បានកើតឡើងនៅពេលដែលសំឡេងស៊ីរ៉ែនបន្លឺឡើងលាន់ពេញមេឃនៅក្នុងរដ្ឋធានីអ៊ុយក្រែន និងការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅភាគខាងកើតរបស់ប្រទេស៕
លោកបូណូនៃក្រុមចម្រៀង U2 សម្តែងនៅស្ថានីយរថភ្លើងក្រោមដីទីក្រុងគៀវកាលពីថ្ងៃអាទិត្យ