ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង​ក្នុងនាម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ នា​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២២ បានស្នើ​សុំ​ឲ្យ អង្គការ​UNESCAP ពិចារណា​គាំទ្រ​លើ​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​វិស័យ សកម្មភាព​នៅ​កម្ពុជា​។​

​លោក លី ធុជ បានលើកឡើង​ដូចនេះ ក្នុងជំនួប​សន្ទនា​ការងារ​ជាមួយ​លោកស្រី អា​មី​ដា សាល​សា​ហ្វ អា​លី​ចា​បា​ណា ( Armida Salsiah Alisjahbana) អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​ជា​ប្រធាន UNESCAP តាម​ប្រព័ន្ធ​វីដេអូរ​។

​លោកស្រី​ប្រធាន UNESCAP បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ​ដ៏​ល្អ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង UNESCAP ព្រមទាំង​បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​នឹង​ផ្តល់​សុន្ទរកថា​ពិសេស​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក នៃ​អង្គការសហប្រជាជាតិ (UN ESCAP) និង​បាន​បញ្ជូន​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ចាប់ពី​ថ្ងៃទី​២២-២៤ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នាពេល​ខាងមុខនេះ​។​

​លោកស្រី បានបញ្ជាក់​ទៀតថា «UNESCAP នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់ តែ​ល្អ ប្រសើរឡើង ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សំខាន់ៗ​ជាច្រើន​រួមមាន វិស័យ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ឌីជីថល បរិស្ថាន និង​ការប្រែប្រួល អាកាសធាតុ ជាដើម​»​។​

​នាឱកាស​នោះដែរ លោក លី ធុជ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ UNESCAP ចំពោះ​កិច្ចសហប្រតិបត្តិការ ព្រមទាំង​បានស្នើ​សុំ​ជាពិសេស​ឲ្យ UNESCAP ពិចារណា​គាំទ្រ​លើ​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​វិស័យ សកម្មភាព​មីន​នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បានដាក់​កំណត់​ជា​គោលដៅ​ទី​១៨ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ​៕​/PC