ដោយ​៖​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ​ថ្ងៃទី​០៩​ខែឧសភា​នេះ​លោក លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​រដ្ឋបាល​និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​ព័ត៌មាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​គណៈប្រតិភូ​ក្រសួងពត៌មាន​កម្ពុជា​បានស្នើ​ដល់​ភាគី​វៀតណាម​ឱ្យជួយ​ចែករំលែក​បទ ពិសោធន៍​ជុំវិញ ការរៀបចំ​ព្រឹត្តិការណ៍ SEAGAMES​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​វៀតណាម បាន​ធ្វើជា​ម្ចាស់ផ្ទះ​ចំនួន ២​លើក រាប់ទាំង​ឆ្នាំ ២០២២​នេះ ដោយសារ​នៅ ឆ្នាំ​២០២៣ ខាង មុខ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍ SEA GAMES​លើក​ទី​៣២​។​

​ការស្នើសុំ​នេះ​ក្នុងឱកាស​ដែល​ឯកឧត្តម​ដឹកនាំ​ប្រតិភូ​ក្រសួងពត៌មាន នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម PHAM ANH TUAN អនុរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ទូរគមនាគមន៍​នៃ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម នា​ព្រឹក​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២​។​

​ក្នុងឱកាស​នោះ លោក លី វ៉ាន់​ហុង បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន​វៀតណាម ដែល​បានរៀបចំ​ដំណើរ​ទស្សនកិច្ច​ជូន​គណៈប្រតិភូ ក្រសួងពត៌មាន​កម្ពុជា​និង​ផ្ដល់នូវ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​នាពេលនេះ​ដើម្បី​ចូលរួម​ដកស្រង់​បទពិសោធន៍​អំពី​ការរៀបចំ​ព្រឹត្តិការណ៍​SEA GAMES​និង​ASEAN PARA GAMES​របស់​ប្រទេស​វៀតណាម​ដែល​នឹង​ចាប់ផ្ដើម ជា​ផ្លូវការ​នៅ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​ប្រតិភូ​ក្រសួង​ព័ត៌មាន​កម្ពុជា បាន​ជម្រាបជូន​នូវ​ការ​ផ្ដាំផ្ញើ​រសាក​សួរសុខទុក្ខ​របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា ជូន លោក NGUYEN MANH HUNG​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​វៀតណាម​។

​លោក​លី វ៉ាន់​ហុង បាន​ថ្លែងអំណរគុណ​ដល់​ភាគី​វៀតណាម​ដែល​ក្នុង រយៈកាល​កន្លង​ទៅបាន​ជួយ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ជូន​មន្ត្រី​វ័យក្មេង​ក្រសួងពត៌មាន​ក៏ដូចជា​អ្នកកាសែត​កម្ពុជា​បាន​ជាច្រើនរូប​នាពេល​កន្លងទៅ​។​លោក​បានលើកឡើង​ថាបើ​ទោះបីជា​សកម្មភាព​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ទាំងពីរ​ត្រូវបាន​អាក់ខាន​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ជា​សកល​ក៏ពិតមែន​ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្ដីពី​ផែនការ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០២១​ដល់​២០២៥​ហើយក៏​សង្ឃឹមថា​ក្រោយពី​ប្រទេស​ទាំងពីរ​ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​១៩ នោះ ក្រសួង​ទាំងពីរ នឹង​បន្ត​ឡើងវិញ​នូវ​សកម្មភាព និង​កិច្ច​សហ ប្រតិបត្តិការ​ផ្លាស់ប្ដូរ​គណៈប្រតិភូ និង​បើក​វគ្គ​បណ្ដុះបណ្ដាល​នានា ពិសេស​គឺ​ការពង្រឹង​មិត្តភាព កិច្ច​សហ ប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ថែមទៀត​។ ដោយឡែក ពាក់ព័ន្ធ​នឹង​បទ ពិសោធន៍​ការងារ​រៀបចំ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍ SEA GAMES ភាគី​វៀតណាម​ក៏បាន​សន្យា​ជួយ​ចែករំលែក​បទពិសោធន៍​ដែល​ធ្លាប់មាន​កន្លងមក​ ​ទាំង​ផ្នែក​បច្ចេកទេស និង​ធនធានមនុស្ស ជាមួយ​កម្ពុជា សម្រាប់​ត្រៀម ខ្លួន ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍ SEAGAMES នា​ឆ្នាំ​២០២៣​ខាងមុខនេះ​។​

​លើសពីនេះ​ទៀត​លោក​អនុរដ្ឋមន្ត្រី​ពត៌មាន​វៀតណាម​ក៏បាន​សន្យាថា​នឹង​ពិនិត្យ​លទ្ធភាព​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​សម្រាប់​ឌីជីថល​ភាវូបនីយកម្ម​ក្នុង​វិស័យ​ព័ត៌មាន និង​ផ្សព្វផ្សាយ​ជូន​មន្ត្រី​ក្រសួង​ព័ត៌មាន​ទៀតផង​។​

​លោក​អនុរដ្ឋមន្ត្រី​ពត៌មាន​ក៏បាន​បន្ថែមទៀតថា​ដោយសារ​បច្ចុប្បន្ន​ប្រទេស​វៀតណាម​ក៏​កំពុងធ្វើការ​បណ្ដុះ បណ្ដាល​មន្ត្រី​ឌីជីថល​ប្រមាណ​ពី ៣ ០០០ ទៅ ៥ ០០០ នាក់ ព្រោះថា​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​ទៅជា​ឌីជីថល​ទៅបាន​ដោយ ជោគជ័យ​គឺ​អាស្រ័យទៅលើ​កត្តា​ធនធានមនុស្ស​ជា ចម្បង​៕​/PC