ដោយៈ បូកគោ / កំពត: អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍន៍ យុវជន បានបញ្ជាក់ថាៈ បច្ចុប្បន្ន កម្ពុជាមានយុវជន ដែលជាកម្លាំងថ្មី ប្រមាណជាង ៣៣ ភាគរយ សម្រាប់ធានាដល់កិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព។ ស្ថាប័នពាក់ព័ន្ធនានាបាន និងកំពុងប្រមូលទិន្នន័យបន្ថែម ដើម្បីជំរុញ និងបង្កើនសមត្ថភាពយុវជន ឱ្យក្លាយជាអ្នកដឹកនាំ ប្រកបដោយគុណភាព នាពេលអនាគត។
នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត មានបើកសិក្ខាសាលា ស្ដីពីការអភិវឌ្ឍប្រព័ន្ធព័ត៌មាន គ្រប់គ្រង ទិន្នន័យយុវជនកម្ពុជា ដែលមានការចូលរួម រវាងក្រសួងពាក់ព័ន្ធ និងសិក្ខាកាម មកពី ២៥ រាជធានី ខេត្ត ប្រមាណជាង ១០០ នាក់។
ថ្លែងក្នុងពិធីខាងលើ លោកស្រី ស្រូយ សុជាតិ អគ្គលេខាធិការ ក្រុមប្រឹក្សា ជាតិកម្ពុជា ដើម្បីអភិវឌ្ឍន៍យុវជន បានមានប្រសាសន៍ថាៈ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីអភិវឌ្ឍយុវជន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការដៃគូ បានយកចិត្តទុកដាក់ សិក្សាស្រាវជ្រាវ ក៏ដូចជា កំពុងធ្វើបច្ចុប្បន្នភាព រួចចងក្រងជា ប្រព័ន្ធព័ត៌មាន គ្រប់គ្រងទិន្នន័យ ដើម្បីជួយពង្រឹង និងបង្កើនសមត្ថភាពយុវជន ឱ្យកាន់តែប្រសើរ ហើយក្លាយ ជាអ្នកបន្តវេនដ៏ល្អ ទៅថ្ងៃអនាគត។ នេះជាកិច្ចឆ្លើយតប ចំពោះពាក្យប្តេជ្ញា របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេស មានប្រាក់ចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៥០។
លោក អ៊ុន ស៊ីវុត្ថា ប្រធានផ្នែកពិនិត្យតាមដាន និងវាយតម្លៃ នៃក្រុមប្រឹក្សា ជាតិកម្ពុជា ដើម្បីអភិវឌ្ឍន៍យុវជន បានបញ្ជាក់ថាៈ រាជរដ្ឋាភិបាល បានដាក់ ចេញនូវគោលនយោបាយ ជាតិ ស្តីអំពីការអភិវឌ្ឍយុវជន តាំងពីឆ្នាំ២០១១ ដោយផែនការសកម្មភាពជាច្រើន បានធ្វើឡើងនៅទូទាំងប្រទេស។ ជាក់ស្តែង សិក្ខាសាលា នាថ្ងៃនេះ គឺមានគោលបំណង ប្រមូលទិន្នន័យយុវជន ទូទាំងប្រទេស គ្រប់និន្នាការ ដើម្បីបានដឹងពីតម្រូវការ និងប្រភពទិន្នន័យ ពិសេសទាក់ទិន ការអប់រំសុខភាព និងការងារ។
លោក អុឹង ឆាយ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ ក្នុងពិធីបើកអង្គ សិក្ខាសាលា ថាៈ វគ្គសិក្សានេះ ពិតជាមានសារសំខាន់ ក្នុងកិច្ចរៀបចំយន្តការ ឧបករណ៍ពិនិត្យតាមដាន និងវាយតម្លៃ អំពីការអភិវឌ្ឍយុវជន។ ទាំងនេះ ដើម្បីឆ្លើយតបនឹងការផ្ដល់អត្ថប្រយោជន៍ ចំពោះយុវជន ស្របតាមគោល នយោបាយជាតិ ស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា៕.V-PC