ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំ គណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅព្រឹកថ្ងៃទី១០ ខែឧសភានេះដើម្បីចូលរួមកិច្ចប្រជុំនៅថ្ងៃទី ១២- ១៣ ខែឧសភា ឆ្នាំ២០២២នារដ្ឋធានីវ៉ាស៊ីន តោនតបតាមការអញ្ជើញពីប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០២២ បានចេញលិខិតមួយអញ្ជើញសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាទៅចូល រួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១២-១៣ ខែឧសភាឆ្នាំ២០២២ខាងមុខនេះនៅសហរដ្ឋអាមេរិក។លោក ចូ បៃដិន បានថ្លែង ថាលោកមានសេចក្ដីសោមនស្សរីករាយដែលមានឱកាសចែករំលែកទស្សនៈគ្នានៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិកនិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាកាលពីឆ្នាំមុន។

ប្រធានាធិបតីអាមេរិកបានបន្តថាក្នុងនាមប្រជាជនអាមេរិកទាំងអស់សូមផ្ញើនូវការដឹងគុណយ៉ាងស្មោះអស់ពីចិត្តជូនចំពោះអាស៊ាននិងប្រទេសសមាជិកនូវភាពជាដៃគូដ៏យូរអង្វែងដែលមានអាយុកាលបួនទសវត្សរ៍មកនេះ។នៅចំពោះមុខនៃការប្រឈ មដែលពុំធ្លាប់មានពីមុនមកនិងកាលានុវត្តភាពដ៏ចម្បងដែលកើតចេញពីការប្រឈមនេះសហរដ្ឋអាមេរិកនិងអាស៊ានបានរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩និងពង្រឹងប្រព័ន្ធសុខាភិបាលតំបន់បង្កើនមហច្ឆិតារបស់យើងក្នុងការដោះស្រាយបញ្ហាអាកាសធាតុលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ពន្លឿននវានុវត្តន៍និងរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រជាជនយើងទាំងពីរដែលបូករួមគ្នាមានចំនួនមួយប៊ីលាននាក់ ។

លោក ចូ បៃដិន បានបន្តថាការធ្វើបែបនេះអាស៊ាននិងសហរដ្ឋអាមេរិកបានលើកកម្ពស់ចក្ខុវិស័យរួមសម្រាប់តំបន់មួយដែលសេរី និងបើកចំហដូចដែលបានគូសបញ្ជាក់រួច ហើយនៅក្នុងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធ សាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ។

ប្រធានាធិបតីអាមេរិក ចូ បៃដិន មានសេចក្ដីសោមនស្សរីករាយសូមអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្រ្តីចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអា មេរិកនៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី១២-១៣ ខែឧសភាឆ្នាំ២០២២។ ក្នុងឱកាសកិច្ចប្រជុំកំពូលនោះយើងនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូយូរ អង្វែង និងលើកឡើងអំពីមហិច្ឆតារួមរបស់យើងសម្រាប់សករាជថ្មីនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។ ប្រធានាធិបតីទន្ទឹងរង់ចាំជួបសម្ដេចតេជោនា យករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអាស៊ានដទៃទៀត នៅសេតវិមាន ។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២២នេះបានផ្ញើលិខិតមួយទៅកាន់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកដើម្បីថ្លែងអំណរ គុណនិងឆ្លើយតបចំពោះការអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ។ តាមរយៈសារ លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំសូមអរគុណឯកឧតុ្តមប្រធានាធិបតី ដែលបានផ្ញើលិខិតអញ្ជើញខ្ញុំចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន -សហរដ្ឋ អាមេរិកដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២។ ខ្ញុំមានសេចក្តីសោមនស្សរីករាយនឹងចូលរួមកិច្ចប្រជុំនេះ។

ខ្ញុំជឿជាក់ថាការបញ្ជាក់ជាថ្មីនូវប្ដេជ្ញាចិត្តរបស់ឯកឧត្ដម ដើម្បីពង្រឹងថែមទៀតនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអា ស៊ានជាពិសេសក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនឹងជាជំហានឆ្ពោះទៅមុខមួយឈានទៅរកការតម្លើងភាពជាដៃគូរបស់យើងឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មី ទៀត។ ក្នុងន័យនេះកម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ខ្ញុំសូមបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នាដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀតដើម្បីពង្រីកកិច្ច សហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។

ខ្ញុំជឿជាក់ថាកិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើង ពិភាក្សាពីការជម្រុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហានានាដែលជាក្តី បារម្ភនិងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋ អាមេរិក។

ខ្ញុំទន្ទឹងជួបជាមួយឯកឧតុ្តមដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការ ជិតស្និទ្ធជាមួយឯកឧត្តម។សូមឯកឧតុ្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ»។

តាមគម្រោងប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញចាកចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ១០ ខែ ឧសភា ២០២២ និងវិលត្រឡប់មកវិញនៅថ្ងៃទី ១៥ ខែ ឧសភា ២០២២ នាវេលាម៉ោង​១៦ ល្ងាច ៕