ដោយ​: ពៅ​និមល / ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ឲ្យ​ដឹងថាៈ នៅ​ខែមិថុនា ខាងមុខនេះ សមាគម​អ្នក​នាំចូល​កូរ៉េ នឹង​រៀបចំ​ពិព័រណ៍ ទំនិញ​នាំចូល​កូរ៉េ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ “​ត្រឡប់មក​ធ្វើ​ជំនួញ​វិញ​” ដែល​រៀបចំឡើង នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។​

​នៅក្នុង​សេចក្តីជូនដំណឹង ស្ដីពី​ការរៀបចំ​ពិព័រណ៍ ទំនិញ​នាំចូល​កូរ៉េ ឆ្នាំ​២០២២ នេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ថាៈ ពិធី​នេះ នឹង​ប្រព្រឹត្តទៅ រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ២៣ ដល់ ២៥ ខែមិថុនា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ COEX ទីក្រុង​សេ​អ៊ូ​ល​។
​ក្រសួង​ដដែល បាន​បន្តថាៈ ព្រឹត្តិការណ៍​ពិព័រណ៍​នេះ គឺជា​មូលដ្ឋាន នៃ​ការចាប់ផ្តើម ឡើងវិញ សកម្មភាព​ទីផ្សារ នាំចូល​របស់​កូរ៉េ បន្ទាប់ពី​វិបត្តិ​កូ​វីដ​-១៩ និង​ជាពិសេស ដើម្បី​បង្កើន​ទំនាក់ទំនង រវាង​ក្រុមហ៊ុននាំចេញ​បរទេស និង​ក្រុមហ៊ុន​នាំចូល​កូរ៉េ ដោយ​ជំរុញ​ការនាំចេញ​ទំនិញ របស់​បរទេស ទៅកាន់​ទីផ្សារ​កូរ៉េ​។ ព្រឹត្តិការណ៍​នេះ គឺជា​ចំណែក​មួយ នៃ​ពិពិធ​កម្ម​ទីផ្សារ និង​ភាពជា​ដៃគូ សម្រាប់​អ្នកចូលរួម​ផងដែរ​។​

​តាមរយៈ​សេចក្តីជូនដំណឹង​នេះ ក្រសួងពាណិជ្ជកម្ម ក្នុងនាម​អ្នកសម្របសម្រួល ជូន​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​កូរ៉េ បាន​អំពាវនាវ​ដល់ ម្ចាស់​ក្រុមហ៊ុន សហគ្រាស និង​សាធារណជន​ទូទៅ ដែលមាន​បំណង​ចង់​នាំចូល​ផលិតផល​របស់ខ្លួន ក្នុង​ទីផ្សារ ប្រទេស​កូរ៉េ ឬ​មានបំណង​ចូលរួម ក្នុងជំនួប​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម ជាមួយ​ក្រុមហ៊ុន​កូរ៉េ គឺ​ទំនាក់ទំនង​បាន តាមរយៈ​ក្រសួងពាណិជ្ជកម្ម តាមរយៈ​អ៊ីមែល ឬ​ប្រព័ន្ធ​លេខ​ទូរស័ព្ទ ដូច​មានភ្ជាប់​ជូន ក្នុង​សេចក្តីជូនដំណឹង​៕/V​