​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បុរស​នេ​ប៉ាល់​ជនជាតិដើម​ភាគតិច​សឺ​ប៉ា (Sherpa) ម្នាក់​បាន​ឡើង​ភ្នំ​អេ​វើ​រ៉េស​ជា​លើក​ទី ២៦​ដោយ​ធ្វើ​បាន​លើស​ឯតទគ្គ​កម្ម​ពិភពលោក​ពី​មុន​របស់​គាត់​ដែល​​បាន​បំបែក​កាលពី​ឆ្នាំមុន​។​

​លោក កា​មី រីតា សឺ​ប៉ា (Kami Rita Sherpa)​អាយុ ៥២ ឆ្នាំ​បាន​ឡើង​ដល់​កំពូលភ្នំ​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​ឧសភា ខណៈ​បាន​នាំ​ផ្លូវ​ជនជាតិ​សឺ​ប៉ា ១០​នាក់​ផ្សេង​ទៀត​តាម​បណ្តោយ​ផ្លូវ​តាម​ជួរ​ភ្នំ​ភាគ​​អាគ្នេយ៍​ឡើង​ដល់​កំពូលភ្នំ​កម្ពស់ ៨.៨៤៩ ម៉ែត្រ​នេះ​។​

​លោក ថា​រ៉ា​ណាត អា​ឌី​ការី (Taranath Adhikari) អគ្គនាយក​នៃ​នាយកដ្ឋាន​ទេសចរណ៍​ក្នុង​រដ្ឋធានី​កុដ្ឋ​មណ្ឌូ បាន​និយាយថា “​លោក កា​មី រីតា បាន​បំបែក​ឯតទគ្គ​កម្ម​ផ្ទាល់ខ្លួន​របស់​គាត់ និង​បាន​បង្កើត​ឯតទគ្គ​កម្ម​ពិភពលោក​ថ្មី​ក្នុង​ការឡើង​ភ្នំ​”​។​

​ភរិយា​របស់​អ្នក​បំបែក​ឯតទគ្គ​កម្ម​នេះ​គឺ​លោកស្រី ចាង​មូ (Jangmu) បាន​និយាយថា លោកស្រី​សប្បាយចិត្ត​ចំពោះ​សមិទ្ធផល​របស់​ស្វាមី​។​

​កើត​នៅក្នុង​គ្រួសារ​អ្នក​ឡើង​ភ្នំ​អាជីព លោក​កា​មី រីតា​គឺជា​កូនប្រុស​របស់​មគ្គុទ្ទេសក៍​ជនជាតិ​សឺ​ប៉ា​អាជីព​ដំបូង​គេ ដែល​បាន​ដឹកនាំ​អ្នក​ឡើង​ភ្នំ​បរទេស​ឡើង​កំពូលភ្នំ​អេ​វើ​រ៉េស​បន្ទាប់​ពី​ប្រទេស​នេ​ប៉ាល់​​បាន​បើក​ទូលាយ​ដល់​មនុស្ស​ខាងក្រៅ​ក្នុង​ឆ្នាំ ១៩៥០​។​

​ក្រៅពីនេះ ប្អូនប្រុស​របស់​លោក​រី​តា​ក៏​បាន​ឡើង​លើ​កំពូលភ្នំ​នេះ​បាន ១៧ ដង​ផងដែរ​៕

លោក កា​មី រីតា សឺ​ប៉ា ឡើង​កំពូលភ្នំ​អេ​វើ​រ៉េស​ជា​លើក​ទី​២៦​កាលពី​ថ្ងៃ​សៅរ៍​