​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការកាត់ក្តី​ករណី​ឃាតកម្ម​នៅ​ប្រទេស​ឥណ្ឌា​ត្រូវ​ផ្អាក​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ក្រោម​កាលៈទេសៈ​ដ៏​ចម្លែក​បន្ទាប់​ពី​ស្វា​មួយ​ក្បាល​បាន​លួច​យក​ភស្តុតាង​សំខាន់​​ៗ​ជាច្រើន មុន​ពេល​សំណុំរឿង​ឈាន​ដល់​តុលាការ​។​

​យោង​តាម​កាសែត Times of India សត្វ​ស្វា​បាន​កញ្ឆក់​យក​កញ្ចប់​ភស្តុតាង​ចំនួន ១៥ ករណី រួម​ទាំង​ករណី​ឃាតកម្ម​ដោយ​កាំបិត​និង​កាំភ្លើង​។​

​ក្នុងអំឡុងពេល​មុន​ស​វនា​ការ ប៉ូលិស​ក្រុង​ចៃ​ពួ (Jaipur)​បាន​សារភាព​ចំពោះ​តុលាការ​ថា ចាប់ពី​ឃាតកម្ម​ក្នុង​ឆ្នាំ ២០១៦ មក សត្វ​ស្វា​មួយ​ក្បាល​បាន​ឆក់យក​ភស្តុតាង​អស់រលីង​ហើយ ខណៈ​ភស្តុតាង​កំពុង​ដឹកជញ្ជូន​ចេញ​ទៅ​កន្លែង​សុវត្ថិភាព​។​

​ចម្លើយសារភាព​របស់​ប៉ូលិស​បាន​ធ្វើឡើង​ក្នុង​កំណត់ហេតុ​ជា​លាយលក្ខណ៍អក្សរ​ទៅកាន់​តុលាការ បន្ទាប់ពី​ប៉ូលិស​ត្រូវបាន​បញ្ជា​ឱ្យ​កសាង​ភស្តុតាង​ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុង​សំណុំរឿង​នេះ​។​

​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​ប៉ូលិស​និយាយថា អ្នកការពារ​ភស្តុតាង ដែល​ទទួលខុសត្រូវ​ចំ​ពោះ​ការការពារ​ភស្តុតាង ខណៈ​វា​កំពុង​ដឹក​ទៅ​រក្សាទុក​នៅ​កន្លែង​សុវត្ថិភាព​នៅក្នុង​ភូមិ​ម៉ា​ល់ខា​ណា (Malkhana) ត្រូវបាន​បញ្ឈរជើង​ពី​ការងារ ហើយ​ក្រោយមក​បាន​ចូលនិវត្តន៍ រួចហើយ​ក៏​ស្លាប់​បាត់​ទៅ​។​

​ករណី​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក សា​ស៊ី​កាន់ សា​ម៉ា (Shashikant Sharma) ដែល​សាកសព​របស់គាត់​ត្រូវបាន​រកឃើញ​នៅ​ជិត​ប៉ុស្តិ៍​ប៉ូលិស​ឆាន​វ៉ា​ជី (Chandwaji) ក្នុង​ទីក្រុង​ចៃ​ពួ រដ្ឋ​រ៉ា​ចា​ស្ថាន​៕

​ស្វា​បាន​លួច​យក​ភស្តុតាង​ចំនួន ១៥ ករណី រួម​ទាំង​ករណី​ធ្វើឃាត​លោក សា​ស៊ី​កាន់ សា​ម៉ា​