ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នាយករដ្ឋមន្ត្រី​ស្រីលង្កា​កាលពី​ថ្ងៃ​ចន្ទ​បាន​លាឈប់​ពី​មុខតំណែង​ដើម្បី​បើកផ្លូវ​អោយមាន​ការបង្កើត​រដ្ឋាភិបាល​បង្រួបបង្រួ​ម​ជាតិ​មួយ​ក្នុង​បំណង​ស្វែងរក​ផ្លូវ​ចេញពី​​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស តែ​ពួក​អ្នក​ប្រឆាំង​តវ៉ា​បាន​និយាយថា ពួកគេ​ក៏​ចង់អោយ​ប្អូនប្រុស​របស់​លោក​ចុះចេញ​ពី​តំណែង​ប្រធានាធិបតី​ផងដែរ​។​

​ការលាឈប់​របស់​នាយ​ក​រដ្ឋមន្ត្រី ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា​(Mahinda Rajapaksa)​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោម​មាន​ការ​ប៉ះទង្គិច​គ្នា​ក្នុង​រដ្ឋធានី​កូឡុំបូ​នៅពេល​ដែល​អ្នកគាំទ្រ​គណបក្ស​​កាន់​អំណាច​បាន​សំរុកចូល​ជំរំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​មួយ តែ​ត្រូវ​ប៉ូលិ​វាយ​អោយ​ថយ​ក្រោយ​វិញ​ដោយ​ប្រើ​ឧស្ម័ន​ហៀរ​ទឹកភ្នែក​និង​ការបាញ់ទឹក​។​

​បំរាម​គោចរ​ទូទាំង​ប្រទេស​មួយ​បន្ថែម​លើ​ការ​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​ត្រូវបាន​ពួក​ប្រឆាំង​មិន​គោរព ។​ប្រជាជាតិ​ដែន​កោះ​ដែល​មាន​ប្រជាជន​២២​លាន​នាក់​នេះ​កំពុង​ជួប​ការ​ដាច់​ចរន្ត​​អគ្គិសនី​អូសបន្លាយ​ពេល​ដ៏​យូរ និង​ការខ្វះខាត​ទំនិញ​ចាំបាច់ រួម​មាន​ប្រេងឥន្ធនៈ ហ្គាស​ចំអិន​អាហារ ស្បៀង​និង​ថ្នាំពេទ្យ​ក្នុងពេល​រដ្ឋាភិបាល​សល់​ទុនបំរុង​បរទេស​តែ​ជាង​១​ពាន់​លាន​ខណៈ​ខ្លួន​ជំពាក់​​បំណុល​បរទេស​ដល់​ទៅ​៥០​ពាន់​លាន​ដុល្លារ​។​

​ខឹង​នឹង​ស្ថានភាព​កាន់តែ​អាក្រក់​ទៅ ប្រជាជន​ស្រីលង្កា​បាននាំគ្នា​ចេញ​មក​តាម​ដងផ្លូវ​ដើម្បី​ធ្វើការ​តវ៉ា​ទាមទារ​ដោយ​អហិង្សា​និង​ទាមទារ​អោយ​បងប្អូន​ត្រកូល​រ៉ា​ចា​ប៉ាក់​សា ចុះចេញ​ពី​តំណែង​។​

​នៅក្នុង​លិខិត​លាឈប់ នាយករដ្ឋមន្ត្រី​បាន​និយាយថា លោក​នឹង​លាឈប់​ដើម្បី​ជួយ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​បណ្តោះអាសន្ន​មួយ​។​លិខិត​បាន​និយាយថា «​អ្នក​រួមចំណែក​ជា​ច្រើន​បានបង្ហាញ​​ថា ដំណោះស្រាយ​ល្អ​បំផុត​ចំពោះ​វិបត្តិ​បច្ចុប្បន្ន គឺ​ត្រូវ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ​ដោយ​មាន​ការចូលរួម​មកពី​គ្រប់​គណបក្ស​។​ដូច្នេះ ខ្ញុំ​សុំ​លាឈប់​ហើយ​នឹង​មាន​វិធានការ​បន្ទាប់​ទៀត​ស្របតាម​​រដ្ឋធម្មនុញ្ញ​»​។​

​ណា​ឡា​កា ហ្គោ​ដា​ហេ​វ៉ា (Nalaka Godahewa)​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​និយាយថា សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងអស់​ក៏​លាឈប់ ហើយ​«​ឥឡូវ​ប្រធានាធិបតី​នឹង​អញ្ជើញ​គណបក្ស​នយោបាយ​នានា​មក​​ចូលរួម​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ​។​ប្រធានាធិបតី​នឹង​ជួបប្រជុំ​ជាមួយ​កណ្តាប​ក្សន​យោ​បាន​ប្រឆាំង​និង​គណបក្ស​ឯករាជ្យ ហើយ​យើង​រំពឹង​ថា​រដ្ឋាភិបាល​ថ្មី​មួយ​នឹង​កើត​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​​ខាងមុខ​»​។​

​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​កូឡុំបូ សម្លេង​បង្ហាញ​អារម្មណ៍​រីករាយ​បាន​បន្លឺឡើង​នៅ​ពេល​រថយន្ត​ខ្លះ​ដោត​ទង់ជាតិ​និង​ខ្លះ​ចុច​ស៊ី​ផ្លេ​បើក​ពាសពេញ​ផ្លូវ​តាម​មាត់សមុទ្រ កន្លែង​ដែល​ការ​ប៉ះទង្គិច​គ្នា​បាន​​កើតមាន​កាលពី​ពេលមុន​នេះ​។​

​នៅក្រៅ​គេហដ្ឋាន​នាយករដ្ឋមន្ត្រី លោក​អូ​សា ដឺ ស៊ី​ល​វ៉ា បាន​ស្ថិត​ចំណោម​អ្នក​ប្រឆាំង​តវ៉ា​រាប់រយ​នាក់​ដែល​អបអរ​ការលាឈប់​នេះ តែ​ថា​លោក​ចង់​អោយ​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង​ផងដែរ​។​

​ការលាឈប់​របស់​នាយ​ក​រដ្ឋមន្ត្រី​កើត​ឡើង​មួយ​ថ្ងៃ​ក្រោម​មាន​ចលាចល​និង​អំពើហិង្សា ដោយ​អ្នកប្រឆាំង​និង​គាំទ្រ​រដ្ឋាភិបាល​ប៉ះទង្គិច​គ្នា​ជា​លើកដំបូង​ចាប់តាំងពី​មាន​ការតវ៉ា​ទាមទារ​បន្តបន្ទាប់​ចាប់​​តាំងពី​ចុង​ខែ​មីនា​មក​។​យ៉ាងហោច​ណាស់​មនុស្ស​ប្រាំបួន​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ឬ​ការ​ថប់ដង្ហើម​ដោយសារ​ត្រូវ​ឧស្ម័ន​របស់​ប៉ូលិស​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​រ៉ា​ចា​ប៉ាក់​សា បាន​ថ្កោលទោស​អំពើហិង្សា​និង​ថា​«​អំពើហិង្សា​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​បច្ចុប្បន្ន​បាន​ទេ​»៕

​នាយករដ្ឋមន្ត្រី ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា សុំ​លាឈប់​ដើម្បី​បើកផ្លូវ​អោយមាន​ការបង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​មួយ នៅ​មួយ​ថ្ងៃក្រោយ​អ្នកគាំទ្រ​និង​ប្រឆាំង​រដ្ឋាភិបាល​ប៉ះទង្គិច​គ្នា​នៅ​ទីក្រុង​កូឡុំបូ​