ដោយ៖ សុវណ្ណកុម្ភៈ /ភ្នំពេញ៖ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរ អប់រំកាយ និងកីឡា ទាំង២៥ រាជធានី ខេត្ត និងតំណាងសហព័ន្ធកីឡាជាតិទំាងអស់ បានអញ្ជើញចូលរួមសិក្ខា សាលា ស្តីពីការប្រមូលធាតុចូល សេចក្តីព្រាងច្បាប់ស្ដីពី វិស័យអប់រំកាយ និងកីឡា នៅវិទ្យាស្ថានជាតិអប់រំ ។

លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់ ក្នុងការចូលរួមផ្តល់មតិយោបល់ ពីមន្ទីរអប់រំ យុវជន និងកីឡា ទាំង២៥ រាជធានី-ខេត្ត អង្គការសង្គមកីឡា ភាគីពាក់ព័ន្ធ ព្រមទាំងនាយកដ្ឋានជំនាញ ក្រោមឱវាទក្រសួងអប់រំ យុវជននិងកីឡា ដែលជាការបំពេញបន្ថែម នូវធាតុចូល ឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ។

លោកបានបន្តថា: ជាក់ស្តែង សេចក្តីព្រាងច្បាប់ស្ដីពី វិស័យអប់រំកាយ និងកីឡានេះ ក៏ត្រូវការពេលវេលាច្រើនហើយកំពុងស្ថិតនៅក្នុងការម្រមូលធាតុចូល និងពិភាក្សា ក្នុងកម្រិតគណៈកម្មការជំនាញ ផ្នែកអប់រំកាយនិងកីឡានៅឡើយ។ ចំពោះនីតិវិធី នៃសេចក្តីព្រាងច្បាប់នេះ នៅពេលបញ្ចប់ ក្នុងកម្រិតជំនាញ ផ្នែកអប់រំកាយ និងកីឡា ហើយត្រូវឆ្លងបន្ត ទៅគណៈកម្មការ កំណែទម្រង់យុត្តិធម៌ នៃក្រសួងអប់រំ យុវជន និងកីឡា ហើយត្រូវឆ្លងកាត់ការឯកភាពពី លោករដ្ឋមន្ត្រីក្រសួងអប់រំ រួចបន្តស្នើសុំទៅពិភាក្សា នៅក្នុងក្របខណ្ឌក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី មុនពេលស្នើសុំការពិភាក្សាពីសភា៕/V