ថ្មីៗ​នេះ​មានការ​បែកធ្លាយ​នូវ​ឯកសារ​មួយ​ស្ដីពី ការស្នើ​សុំឱ្យ​លុបចោល​ច្បាប់​រំលូតកូន​នៅ​អាមេរិក​។ នោះ​គឺជា​គម្រោង​សេចក្ដីសម្រេច​ដែល​តាក់តែងឡើង​ដោយ​ចៅក្រម​អភិរក្សនិយម​លោក​Samuel Alito​។ ពុំមាន​ការបញ្ជា​ក់ថា នរណា​ជា​អ្នក​ធ្វើឱ្យ​បែកធ្លាយ​ឯកសារ​នេះ​ទេ ប៉ុន្ដែ​វា​ពិតជា​បាន​ធ្លាក់​ដល់ដៃ​បណ្ដាញសារព័ត៌មាន ហើយ​នេះ​គឺជា​ករណី​កម្រ​បំផុត​ដែល​ព័ត៌មាន​អាច​ធ្លាយ​ចេញពី​ប្រព័ន្ធតុលាការ​កំពូល​អាមេរិក​។​

​ជាការ​ពិតណាស់ថា ផ្អែកលើ​សេចក្ដីសម្រេច​Roe v. Wade តុលាការ​កំពូល​អាមេរិក​បានសម្រេច​ចិ​ត្ដ​ជា​ប្រ​វ​ត្ដិ​សាស្ដ្រ​ក្នុង​ឆ្នាំ​១៩៧៣ អនុញ្ញាតឱ្យ​ស្ដ្រី​មាន​ផ្ទៃពោះ​អាច​ជ្រើស​រើសយក​ការ​រំលូតកូន​ដោយ​គ្មាន​ការហាមឃាត់ ឬ​រឹតបន្ដឹង​នៅ​ទូទាំង​អាមេរិក​។ ប៉ុន្ដែ​តាម​ព័ត៌មាន​ដែល​បែកធ្លាយ​ថ្មីៗ​នេះ កំពុង​ធ្វើឱ្យមាន​មន្ទិល​ថា អាមេរិក​អាច​វិល​ទៅរក​ស្ថានភាព​ដូច​មុន​ឆ្នាំ​១៩៧៣​វិញ​ឬ​យ៉ាងណា​។​

​បើតាម​ចៅក្រម Samuel Alito ចាត់ទុក​ការ​រំលូតកូន​ជា​បញ្ហា​អសីលធម៌ និង​គ្មាន​ធម្មនុញ្ញ​អាមេរិក​ណាមួយ​ចែង​ការពារ​សិទ្ធិ​រំលូតកូន​ទេ​។ លោ​កថា​សេចក្ដីសម្រេច Roe v. Wade ដែល​អ​មុ​ន័ត​កាលពី​ជិត​៥០​ឆ្នាំមុន ការពារ​សិទ្ធិ​រំលូតកូន​របស់​ស្ដ្រី​ដោយ​គ្មាន​មូលដ្ឋាន​តាំងពី​ដំបូង​មកម្ល៉េះ ដូច្នេះ​អាមេរិក​គួរតែ​លុបចោល​សេចក្ដីសម្រេច​នេះ​។ យ៉ាងណាមិញ គម្រោង​សេចក្ដីសម្រេច​ចិ​ត្ដ​បែកធ្លាយ​ប៉ុន្មាន​ថ្ងៃមុន នឹងត្រូវ​ឆ្លងកាត់​ការចរចា​ច្រើន​ជុំ​ទៀត​មុន​អាច​ចេញផ្សាយ​ផ្លូវការ​បាន​។ បើ​តុលាការ​កំពូល​អាមេរិក​សម្រេច​លុបចោល​សិទ្ធិ​រំលូតកូន​មែន នោះ​រដ្ឋ​នីមួយៗ​របស់​អាមេរិក​អាច​ជ្រើសរើស​ដោយ​សេរី ថា​គួរ​ហាមឃាត់​ឬ​អនុញ្ញាតឱ្យ​មានការ​រំលូតកូន​។ ការណ៍​នេះ​ត្រូវបាន​គេ​មើលឃើញថា បណ្ដា​រដ្ឋ​នៅ​ភាគខាងត្បូង​និង​កណ្ដាល ដែល​សុទ្ធសឹង​ជា​អ្នក​អភិរក្សនិយម​និង​មាន​ជំនឿ​ខ្លាំង​លើ​សាសនា ច្បាស់​ជា​នឹង​លែង​ឱ្យមាន​ស្ដ្រី​រំលូតកូន​ទៀតហើយ ឬ​អាច​ចេញ​ច្បាប់​ហាមឃាត់​ទាំងស្រុង​តែម្ដង​។​

​បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​New York Times បានបញ្ជាក់​ពីរ​ដ្ឋ​ចំនួន​១៣​នៅ​អាមេរិក​អាច​នឹង​ហាមឃាត់​ភ្លាមៗ ឬ​យ៉ាង​ឆាប់រហ័ស​នូវ​ការ​រំលូតកូន​។ រដ្ឋ​ទាំង​១៣​មានដូចជា Idaho, Wyoming, North Dakota, South Dakota, Utah, Missouri, Oklahoma, Arkansas, Tennessee, Kentucky, Mississippi, Texas និង Louisiana ដោយបាន​ហៅ​សេចក្ដីសម្រេច Roe v. Wade ឆ្នាំ​១៩៧៣​ថា​ជា​ច្បាប់​បង្កហេតុ ដូច្នេះ​ពួកគេ​នឹង​ហាមឃាត់​ការ​រំលូតកូន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ប្រសិនបើ​តុលាការ​កំពូល​អនុញ្ញាត​។ ក្នុងចំណោម​នោះ​មាន​រដ្ឋ​មួយចំនួន​ដូចជា​Kentucky, Louisiana, Oklahoma, South Dakota អាច​ហាមឃាត់​ការ​រំលូតកូន​ភ្លាមៗ​តែម្ដង ខណៈ​រដ្ឋ​ផ្សេងទៀត​ដូចជា Idaho បម្រាម​អាចមាន​ប្រសិទ្ធភាព​នៅ​រយៈពេល​៣០​ថ្ងៃ បន្ទាប់ពី​តុលាការ​សម្រេច​លុបចោល​សេចក្ដីសម្រេច​Roe v. Wade​។ បណ្ដា​រដ្ឋ​ដទៃ​អាច​ត្រូវការ​ការបញ្ជាក់​ពី​រដ្ឋអាជ្ញា ឬ​ក្រុមប្រឹក្សា​នីតិបញ្ញត្ដិ​សម្រាប់​យក​ការហាមឃាត់​នេះ​ឱ្យ​ក្លាយជា​ច្បាប់​ពេញលេញ ដែល​ដំណើរការ​អាច​ចំណាយពេល​ច្រើន​សប្ដាហ៍​។ ក្នុងចំណោម​រដ្ឋ​ទាំងអស់នេះ ក៏​អាចមាន​ករណី​លើកលែង​ចំពោះ​ការ​រំលូតកូន​ដែរ ប្រសិនបើ​សុខភាព​ស្ដ្រី​ពពោះ​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត ប៉ុន្ដែ​រដ្ឋ​ខ្លះ​ក៏​មិន​ទំនងជា​អនុញ្ញាតឱ្យ​រំលូតកូន​ក្រោយ​មាន​ផ្ទៃពោះ​ដោយសារ​ការចាប់រំលោភ ឬ​ការ​សា​ហាយ​ស្មន់​នោះដែរ​។​

​រីឯ​រដ្ឋ​ចំនួន​៥​ដែលមាន​ការហាមឃាត់​ការ​រំលូតកូន​តាំង​ពីមុន​សេចក្ដីសម្រេច​Roe v. Wade មានដូចជា Arizona, Wisconsin, Michigan, West Virginia និង Alabama អាច​ត្រូវ​អនុវត្ដ​រឿងនេះ​ឡើងវិញ​ម្ដងទៀត​។ មែនទែន​រដ្ឋ​ទាំង​៥​មានច្បាប់​ហាមឃាត់​ការ​រំលូតកូន​ជា​យូរ​មកហើយ ប៉ុន្ដែ​គ្មាន​សុពលភាព​ដោយសារតែ​សេចក្ដីសម្រេច​Roe v. Wade​។ ផ្ទុយទៅវិញ​ច្បាប់​នេះ​អាច​នឹង​រស់រាន​ជាថ្មី មិន​ថា​ការ​អនុវត្ដ​ក្នុង​រដ្ឋ​នីមួយៗ​ស្ថិតក្នុង​ភាពស្រពេចស្រពិល​ក្ដី​។​

​ចំណែកឯ​រដ្ឋ​១៤​ទៀត អាច​រឹតបន្ដឹង​ការ​រំលូតកូន​ដែលមាន​អាយុ​២២​សប្ដាហ៍​ឬ​មុននេះ ហើយ​ភាគច្រើន​អាច​ផ្លាស់ប្ដូរ​ដើម្បី​ហាមឃាត់​នីតិវិធី​ទាំងស្រុង​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​។ សមត្ថភាព​របស់​រដ្ឋ​ក្នុងការ​កំណត់​អាយុ​កូន​ដែល​អាច​រំលូត​បាន គឺ​ប្រហែលជា​នៅ​អាយុ​២៤​សប្ដាហ៍ ត្រូវបាន​បញ្ជាក់​នៅក្នុង​សេចក្ដីសម្រេច​Planned Parenthood v. Casey​ក្នុង​ឆ្នាំ​១៩៩២​រួចទៅហើយ​។ ដូច្នេះ​នៅពេល​គ្មាន​សេចក្ដីសម្រេច​Roe v. Wade ច្បាប់​រដ្ឋ​ដែល​រឹតបន្ដឹង​ការ​រំលូតកូន​នៅ​អាយុ​ប្រហែល​២០​សប្ដាហ៍ ១៥​សប្ដាហ៍ ឬក៏​៦​សប្ដាហ៍ អាច​នឹង​ចូល​ជា​ធរមាន​វិញ​។​

​សរុបមក ការ​រំលូតកូន​អាច​ត្រូវបាន​ហាមឃាត់ ឬ​ត្រូវដាក់​កម្រិត​យ៉ាង​តឹងរ៉ឹង​នៅក្នុង​រដ្ឋ​យ៉ាងហោច​ក៏​២៨​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ និង​ប៉ុន្មាន​ខែ​ខាងមុខនេះ​។ តែ​ទន្ទឹមគ្នា​២២​រដ្ឋ​ក្នុងចំណោម​៥០​រដ្ឋ​របស់​អាមេរិក ទំនងជា​នៅតែ​មិន​ផ្លាស់ប្ដូរ ដោយ​រក្សា​សិទ្ធិ​ទូលំទូលាយ​ក្នុងការ​រំលូតកូន ស្របពេល​រដ្ឋ​ខ្លះ​ដែល​នៅ​សេសសល់​ក៏​កំពុងធ្វើការ​ដើម្បី​ពង្រឹង​ការការពារ​ការ​រំលូតកូន ជាពិសេស​សម្រាប់​អ្នកផ្ដល់​សេវា​វេជ្ជសាស្ដ្រ​។ ចំពោះ​ការសម្រេច​ចុងក្រោយ​របស់​តុលាការ​កំពូល​អាមេរិក​នឹង​ធ្វើឡើង​នៅក្នុង​ខែមិថុនា​ខាងមុខ​។​

​គួរ​រំលេច​ឱ្យដឹងថា សូម្បី​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​លោក​Mike Pence ក៏​ធ្លាប់​បានស្នើ​ទៅ​តុលាការ​កំពូល​ឱ្យ​លុបចោល​ច្បាប់​រំលូតកូន​នេះដែរ ព្រោះ​លោក​យល់ថា​វា​ជាការ​សម្រេច​ចិ​ត្ដ​ខុស​បង្ក​គ្រោះថ្នាក់​ដល់​ទារក​មិនទាន់​កើត​រាប់លាន​នាក់​។ លោក​ដាក់​ក្ដី​រំពឹងថា តុលាការ​កំពូល​នឹង​បង្កើត​ប្រ​វ​ត្ដិ​សាស្ដ្រ​ជាមួយ​ការផ្លាស់ប្ដូរ​ពេញលេញ​នៃ​សេចក្ដីសម្រេច Roe v. Wade ឆ្នាំ​១៩៧៣​។ ប៉ុន្ដែ​គោលបំណង​ចង់​លុបចោល​ច្បាប់​រំលូតកូន ត្រូវបាន​ជំទាស់​ដោយ​ពលរដ្ឋ​អាមេរិក​រាប់លាន​នាក់​។​

​មែនទែនទៅ ភាពចម្រូងចម្រាស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​រំលូតកូន​នៅ​សហរដ្ឋអាមេរិក​មិនមែនជា​រឿង​ថ្មី​នោះទេ ព្រោះ​បាតុកម្ម​ប្រឆាំងនឹង​ការ​លុប​ច្បាប់​នេះ​បានធ្វើ​ឡើងជា​ច្រើនលើកច្រើនសា​មកហើយ​។ ជាក់ស្ដែង​ក្នុង​ខែធ្នូ​ឆ្នាំ​២០២១ ពលរដ្ឋ​អាមេរិក​រាប់ម៉ឺន​នាក់​បាន​ប្រមូលផ្ដុំ និង​នាំគ្នា​ដើរ​ពាសពេញ​ទាំង​៥០​រដ្ឋ​គាំទ្រ​ឱ្យមាន​ច្បាប់​រំលូតកូន​។ បាតុកម្ម​កាលនោះ​ចំពេល​រដ្ឋ​Texas​កំណត់​ច្បាប់​តឹងរ៉ឹង​ប្រឆាំងនឹង​ការ​រំលូតកូន​។ ការតវ៉ា​ក៏បាន​កើតឡើង​ជាថ្មី​ម្ដងទៀត​កាលពី​យប់​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០២២​នេះ ពោល​គឺជា​បាតុកម្ម​ឥត​ព្រាងទុក​នៅមុខ​តុលាការ​កំពូល​តែម្ដង ក្រោយ​មាន​ព័ត៌មាន​លេច​ធ្លាយ​ពី​គម្រោង​សេចក្ដីសម្រេច​លុបចោល​ច្បាប់​រំលូតកូន​។ បាតុករ​ដែល​ភាគច្រើន​ជា​ស្ដ្រី​បាន​ប្រឆាំង​ការលុបចោល​ច្បាប់​រំលូតកូន ដោយ​បារម្ភ​ថាបើ​សិន​ច្បាប់​នេះ​ត្រូវ​លុបចោល​មែន សិទ្ធិសេរីភាព​ពលរដ្ឋ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​អាមេរិក​អាច​នឹង​ដើរ​ថយក្រោយ​។ ជាងនេះទៅទៀត ពួកគេ​ក៏​ចង់​មានការ​សម្រេច​ចិ​ត្ដ​ផ្ទាល់ខ្លួន ពួកគេ​មិន​ចង់​ក្លាយជា​ជនរងគ្រោះ​ដោយសារ​បុរស ហើយក៏​មិន​ចង់ឱ្យ​ជីវិត​និង​ខ្លួនប្រាណ​របស់ខ្លួន​ឯង ត្រូវបាន​កំណត់ដោយ​អ្នកដទៃ​នោះដែរ​។​

​ករណី​រំលូតកូន​នេះ​បើ​ផ្សាភ្ជាប់​មក​ប្រទេស​កម្ពុជា​វិញ ភាពស្របច្បាប់​នៃ​ការ​រំលូតកូន​ដោយ​សុវត្ថិភាព​នៅ​កម្ពុជា​ត្រូវបាន​ណែនាំ​ក្នុង​ឆ្នាំ​១៩៩៧​។ យោងតាម​បញ្ញត្តិ​មាត្រា​៥ មាត្រា​៦ និង​មាត្រា​៨ នៃ​ច្បាប់​ស្តីពី​ការ​រំលូតកូន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាតឱ្យ​ស្ត្រី​ដែល​កំពុង​មានគភ៌​អាច​រំលូតកូន​ដោយ​ត្រឹមត្រូវ មាន​សុវត្ថិភាព និង​ស្របតាម​ច្បាប់​បាន លុះត្រាតែ​គភ៌​(​ទារក​)​នោះ​មាន​អាយុ​ក្រោម​១២​សប្ដាហ៍ និង​ប្រព្រឹត្ដទៅបាន​តែ​នៅ​មន្ទីរពេទ្យ មណ្ឌល​សុខភាព គ្លីនិក មន្ទីរសម្ភព​សាធារណៈ ឬ​ឯកជន ដែល​បានទទួល​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​ប៉ុណ្ណោះ​។ ប៉ុន្តែ​ប្រសិនបើ​គភ៌​មាន​អាយុ​លើសពី​១២​សប្តាហ៍ ការ​រំលូតកូន​អាច​ទទួលបាន​ការអនុញ្ញាត​បាន​លុះត្រាតែ​ក្នុង​ពេលធ្វើ​រោគវិនិច្ឆ័យ​រកឃើញថា គភ៌​នោះ​មាន​ភវនីយភាព​មិន​លូតលាស់​ដូច​ប្រក្រតី ឬ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​ម្តាយ​, កូន​ដែល​នឹង​កើតមក​អាចមាន​ជម្ងឺ​ធ្ងន់ធ្ងរ​ព្យាបាល​ពុំជា​, ក្នុងករណី​ដែល​ត្រូវគេ​រំលោភ​បណ្តាលឱ្យ​មានគភ៌​។​

​ការ​រំលូតកូន​នៅ​កម្ពុជា​អាច​ប្រព្រឹត្តទៅបាន ដោយ​គិតពី​លក្ខខណ្ឌ​ដូច​មាន​រៀបរាប់​ខាងលើ តែ​ត្រូវមាន​ការស្នើសុំ​ពី​សាមីខ្លួន​ផ្ទាល់ ប្រសិនបើ​សាមីខ្លួន​នោះ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​។ ប៉ុន្តែ​ក្នុងករណី​ស្ត្រី​នោះ​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវមាន​ការស្នើសុំ​ដោយ​ទទូច​ពី​ឪពុកម្តាយ ឬ អាណាព្យាបាល និង​សាមីខ្លួន ។ ជាមួយគ្នា​ការសម្រេច​នៃ​បញ្ហា​នេះ ត្រូវមាន​ការឯកភាព​ពី​ក្រុមគ្រួសារ​ចំនួន​២​ឬ​៣​រូប រួមទាំង​សាមីខ្លួន​ផង ។​

​សម្រាប់​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​/​ឆ្មប​មធ្យម ដែលមាន​ភារកិច្ច​ធ្វើការ​រំលូតកូន ត្រូវតែ​ពន្យល់​ណែនាំ​ដល់​ស្ត្រី​ដែលមាន​គភ៌​មកសុំ​ធ្វើការ​រំលូតកូន ពី​គ្រោះថ្នាក់​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​បណ្តាលមកពី​ការ​រំលូតកូន​នេះ និង​ពី​ផលប្រយោជន៍​នៃ​កិច្ច​ពន្យារកំណើត​មុននឹង​ធ្វើការ​រំលូតកូន​។ ប៉ុន្តែ​ប្រសិនបើ​សាមីខ្លួន​នៅតែ​ទទូច​សុំ​ធ្វើការ​រំលូតកូន វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​/​ឆ្មប​មធ្យម​អាចធ្វើ​ការ​រំលូតកូន​បាន តែ​ត្រូវ​ស្ថិតក្នុង​លក្ខខណ្ឌ​ដូច​មាន​រៀបរាប់​ខាងលើ ។​

​ជារួម ការ​រំលូតកូន​មិនមែនជា​អំពើ​ខុសច្បាប់ និង​មាន​សុវត្ថិភាព​ផងដែរ​នៅ​កម្ពុជា ប្រសិនបើ​គោរព​នូវ​លក្ខខណ្ឌ​ដែល​ច្បាប់​បានកំណត់ និង​មានការ​ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជបណ្ឌិត ឬ​ពេទ្យ​មធ្យម ឬ​ឆ្មប​មធ្យម​ដែលមាន​ជំនាញ​ច្បាស់លាស់ តាម​មន្ទីរពេទ្យ មណ្ឌល​សុខភាព គី្ល​និក មន្ទីរសម្ភព​សាធារណៈ ឬ​ឯកជន ដែល​បានទទួល​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។ ផ្ទុយទៅវិញ ក្នុងករណី​ជន​ទាំងឡាយណា​ដែល​មិន​គោរព​នូវ​លក្ខខណ្ឌ ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការ​រំលូតកូន នោះ​ជន​ដែល​បាន​ប្រព្រឹត្ត​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាការ​កត់សម្គាល់ បន្ទាប់ពី​មានការ​អនុញ្ញាតឱ្យ​រំលូតកូន​ដោយ​ស្របច្បាប់​នៅ​កម្ពុជា បន្តិច​ម្តងៗ​ចំនួន​ស្ដ្រី​ដែល​ជ្រើសរើស​ការ​រំលូតកូន​ដោយ​សុវត្ថិភាព​ហាក់​កើនឡើង​ខ្ពស់​។ កន្លងមក​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា ដែលជា​អង្គការ​លើកកម្ពស់​សុខ​ភាព​របស់​ស្ត្រី​បាន​លើកឡើងថា ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បានទទួល​យកគំនិត​នៃ​ការ​រំលូតកូន​ដោយ​សុវត្ថិភាព បើទោះជា​ប្រឈម​និង​ការ​មាក់ងាយ​ពី​សង្គម​ខាងក្រៅ​ក៏ដោយ​។ រីឯ​មន្ដ្រី​នៃ​សមាគម​អាដហុក​ទទួលបន្ទុក​ផ្នែក​ស្ត្រី​និង​កុមារ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា ស្ត្រី​តែងតែ​ត្រូវបាន​គេ​រើសអើង​នៅពេល​ពួកគេ​ជ្រើសរើស​ការ​រំលូតកូន ជាពិសេស​ប្រសិនបើ​ពួកគេ​នៅ​លីវ​។ តែ​យ៉ាងណាមិញ នេះ​គឺជា​ការសម្រេច​ចិ​ត្ដរបស់​ពួកគេ​ក្រោម​ហេតុផល​ផ្សេងៗ​។ យើង​ក៏​មិន​ហ៊ាន​ស្រមៃ​ដែរ​ថា​អាច​នឹងមាន​ប្រតិកម្ម​អ្វីខ្លះ​កើតឡើង បើ​សិទ្ធិ​រំលូតកូន​ស្របច្បាប់​នៅ​កម្ពុជា​ត្រូវបាន​លើកយក​មក​ពិចារណា​លុបចោល​ដូច​នៅ​អាមេរិក​។ ប៉ុន្ដែ​រាជរដ្ឋាភិបាល​កម្ពុជារ​ហូត​មកដល់​សព្វថ្ងៃ ពុំបាន​បង្ហាញ​សញ្ញា​នៃ​ការសើរើ​ច្បាប់​នេះ​ដូច​នៅ​សហរដ្ឋអាមេរិក​ឡើយ​៕​ អត្ថបទផ្តល់ដោយ៖ theothertruth.info