ប្រែសម្រួលៈបំណង(ស្ពុតនិច)៖ ដុនបាស (Donbass)តំបន់ធ្លាប់តែជាមជ្ឈមណ្ឌលឧស្សាហកម្មនិងរ៉ែធ្យូងថ្មរបស់អ៊ុយក្រែន បានក្លាយជាកន្លែងប្រយុទ្ធបង្ហូរឈាមចាប់តាំងពីនិទាឃរដូវឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋាភិបាលក្រុងគៀវបញ្ជូនទាហានចូលកំទេចការតស៊ូបះបោរក្នុងមូលដ្ឋានរហូតដល់មានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលនិយមរុស្ស៊ីមួយកាលពីឆ្នាំ២០១៤។
ពូទីន ថ្លែងនៅទីលានក្រហមក្នុងទីក្រុងមូស្គូកាលពីថ្ងៃចន្ទ ក្នុងពេលប្រទេសប្រារព្វទិវាជ័យជម្នះរបស់សហភាពសូវៀតលើអាឡឺម៉ង់ណាស៊ី
មនុស្សជាង១៣.០០០នាក់ រួមមានជនស៊ីវិលជាង៣.៣០០នាក់ត្រូវបានសម្លាប់ រាប់ពាន់នាក់រងរបួស និងជាង២លាននាក់ភៀសខ្លួននៅរយៈពេលប៉ុន្មានឆ្នាំក្រោយមក។
បើតាមប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន រុស្ស៊ីមិនត្រូវបានផ្តល់ឳកាសដើម្បីដោះស្រាយបញ្ហាដុនបាសនេះដោយសន្តិវិធីទេ និងថា«បើសិនជាសូម្បីតែមានឳកាសម្តងដើម្បីដោះស្រាយបញ្ហានេះដោយមធ្យោបាយអហិង្សា ពិតណាស់យើងទទួលយកវា តែយើមិនត្រូវបានផ្តល់ឳកាសសោះ»។
លោកបានបន្តថា ទាហានរុស្ស៊ីដែលកំពុងចូលរួមក្នុងប្រតិបត្តិការនៅអ៊ុយក្រែនកំពុងប្រយុទ្ធដោយក្លាហាន វីរភាពនិងប្រកបដោយវិជ្ជាជីវៈយោធា និងថា«ពួកគេនឹងសំរេចបានលទ្ធផលដោយគ្មានអ្វីត្រូវមន្ទិលទេ»។
ការលើកឡើងរបស់ពូទីនកាលពីថ្ងៃចន្ទជាការបញ្ជាក់ជាថ្មីឡើងវិញចំពោះសម្តីដែលលោកបាននិយាយកាលពីថ្ងៃ២៤កុម្ភៈ នៅថ្ងៃដែលរុស្ស៊ីនិងសម្ពន្ធមិត្តតំបន់ដុនបាសរបស់ខ្លួនចាប់ផ្តើមប្រតិបត្តិការយោធារបស់គេនៅអ៊ុយក្រែន។ក្នុងអំឡុងពេលថ្លែងសុន្ទរកថានោះ លោកបាននិយាយថា នៅឆ្នាំ១៩៤០និង១៩៤១ មុនកផ្ទុះមហាសង្គ្រាមស្នេហាជាតិ(រណសិរ្សខាងកើតនៃសង្គ្រាមលោកលើកទីពីរ) សហភាពសូវៀតបានខិតខំរារាំងសង្គ្រាមឬក៏យ៉ាងហោចណាស់បានពន្យារពេលការផ្ទុះសង្គ្រាម ហើយការខិតខំនេះបានធ្វើអោយពួកឈ្លានពានធូរចិត្ត…ដែលវាបង្ហាញកំហុសមួយដោយសារប្រជាជនយើងត្រូវខាតបង់ច្រើន ។យើងនឹងមិនសាងកំហុសនេះជាលើកទីពីរទេ ហើយយើងក៏គ្មានសិទ្ធិធ្វើដូច្នេះដែរ»។
សូមបញ្ជាក់ថា រុស្ស៊ីបានជំរុញអោយមានដំណោះស្រាយដោយអហិង្សាចំពោះជម្លោះនៅដុនបាសនេះកាលពីរដូវក្តៅឆ្នាំ២០១៤ និងបានចូលរួមក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងមីនសខ៍ទី១និងមីនសខ៍ទី២នៅឆ្នាំ២០១៤និង២០១៥។នៅប៉ុន្មានឆ្នាំក្រោយមក រដ្ឋាភិបាលទីក្រុងមូស្គូបានប្រើឋានៈរបស់ខ្លួនជាអ្នកធានាកិច្ចព្រមព្រៀងនេះដើម្បីព្យាយាមជំរុញអោយមានដំណោះស្រាយមួយចំពោះវិបត្តិ ដោយតំបន់ដុនបាសត្រូវធ្វើសមាហរណកម្មចូលជាមួយអ៊ុយក្រែនជាមួយនឹងស្វ័យភាពធំឡើងសំរាប់តំបន់ដូណិតសខ៍(Donetsk)និងលូហ្កានសខ៍(Lugansk)។
សារព័ត៌មានស្ពុតនិចរបស់រុស្ស៊ីបានបន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែនបន្តបន្ទាប់មិនបានបង្កើតលក្ខខណ្ឌចាំបាច់សំរាប់អនុវត្តកិច្ចព្រមព្រៀងទីក្រុងមីនសខ៍ ហើយជម្លោះបានអូសបន្លាយពេលរាប់ឆ្នាំ។
នៅដើមឆ្នាំ២០២២ ជម្លោះដុនបាស ដែលបានស្ងប់មួយរយៈដោយសារបទឈប់បាញ់មិនឋិតថេរមួយ បានចាប់ផ្តើមកញ្ជ្រោលឡើងវិញ ដោយអង្គការសំរាប់កិច្ចសហការសន្តិសុខនៅអឺរ៉ុបបានរាយការណ៍អំពីការរំលោភរាប់ពាន់លើរបបផ្អាកការប្រយុទ្ធគ្នា ក្នុងទំរង់ជាការបាញ់ផ្លោង ការលបលួចបាញ់និងការវាយប្រហារបែបវិច្ឆេទកម្មពីសំណាក់ភាគីអ៊ុយក្រែននៅប៉ុន្មានសប្តាហ៍ដើមខែកុម្ភៈ។នៅថ្ងៃ១៨កុម្ភៈអាជ្ញាធរតំបន់ ដូណិតសខ៍និងលូហ្កានសខ៍បានបញ្ជាអោយជនស៊ីវិលភៀសខ្លួន និងថ្ងៃ២១កុម្ភៈ រុស្ស៊ីទទួលស្គាល់សាធារណរដ្ឋប្រកាសដោយខ្លួនឯងដូណិតសខ៍និងលូហ្កានសខ៍ថាជារដ្ឋឯករាជ្យនិងមានអធិបតេយ្យ។
នៅថ្ងៃ២៤កុម្ភៈ នៅពេលការបាញ់ផ្លោងនិងការលបលួចបាញ់នៅតែបន្ត លោកពូទីនបានប្រកាសចាប់ផ្តើមប្រតិបត្តិការពិសេសមួយចូលអ៊ុយក្រែន ក្នុងបំណងបន្ថយកម្លាំងយោធានិងកំទេចចោលពួកណាស៊ីនិយមនៅក្នុងប្រទេសក្បែរខាងមួយនេះ៕