ដោយៈ​ទេព​មង្គល / សៀមរាបៈ ក្មេងស្រី​ម្នាក់ បាន​ត្រូវ​ជនសង្ស័យ ល្បួង​ដើរ​ឆ្លុះ​កង្កែប ហើយ ចាប់រំលោភ រួច​សម្លាប់​បោះចោល ក្នុង​ទឹក​ស្រែ ។ ប៉ុន្តែ​ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ បានកំណត់​មុខសញ្ញា ឈានទៅ ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្ដង​។ ហេតុការណ៍​នេះ បានកើត ឡើង នៅ​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២២ នៅ​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​នគរបាល​ជំនាញ​ខេត្តសៀមរាប បានឱ្យដឹងថាៈ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន ឃើញ​សាកសព នៅក្នុង​ទឹក​ស្រែ ពិតប្រាកដ​មែន និង​បាន​ពិនិត្យ​សាកសព និង​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញា ជនសង្ស័យ​។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ បើតាម​ការបំភ្លឺ​ពី​ឈ្មោះ ខ្វាវ លំ ភេទ​ស្រី អាយុ ៦៨ ឆ្នាំ ត្រូវជា​ជីដូន​សព (​ក្មេងស្រី​រងគ្រោះ​) មាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល ៩​និង​៣០ នាទី​យប់ ចៅស្រី​របស់គាត់ ឈ្មោះ ផ​.​ឃ អាយុ​១៣​ឆ្នាំ បាន​ចេញទៅ ឆ្លុះ​កង្កែប​តែម្នាក់ឯង នៅក្នុង​ភូមិ ។ ប្រហែល​មួយ ស​ន្ធុះ ចៅស្រី​របស់គាត់ បាន​យក​កង្កែប មក​ទុក​នៅផ្ទះ ។ ពេលនោះ ចៅស្រី របស់គាត់ បាន​សុំ​គាត់​ទៅ​ឆ្លុះ​កង្កែប​ទៀត ហើយ​បាន​និយាយថាៈ ឈ្មោះ វឿ ភេទ​ប្រុស បាន​ប្រាប់ថា នៅ​ខាងលិច​ភូមិ មាន​កង្កែប​ច្រើនណាស់ ។ ពេលនោះ ចៅស្រី​របស់គាត់ បាន​ទៅ​ឆ្លុះ​កង្កែប​ទៀត​។ លុះដល់​ម៉ោង​ប្រហែល ៣ ទៀបភ្លឺ គាត់​ក៏បាន​ក្រោក រក​ចៅ តែ​មិនឃើញ ។ ពេលនោះ គាត់​ក៏បាន​ស្រែកហៅ កូនចៅ ឲ្យ​ជួយ​តាមរក តែដោយសារ​យប់ ងងឹត​ពេក រក​មិនឃើញ ។ លុះដល់​ម៉ោង ៥ ទៀបភ្លឺ (​ថ្ងៃទី​៩ ឧសភា​) ទើប​រកឃើញ គឺ​ចៅស្រី​របស់ខ្លួន ដេកស្លាប់ នៅ​វាលស្រែ​។​

​ករណីនេះ កម្លាំង​នគរបាល​ជំនាញ បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ អុក វឿ ភេទ​ប្រុស អាយុ ៣១ ឆ្នាំ នៅ​ភូមិ​រវៀង ឃុំ​ស្រ​ណា​ល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប យកមក​សួរនាំ​។​

​ជនសង្ស័យ បាន​សារភាពថាៈ ខ្លួន​ពិតជា​បាន​ចាប់​ក្មេងស្រី សង្កត់​ក្នុង​ទឹក​ស្រែ ឲ្យ​សន្លប់ រួច​ក៏​ចាប់ផ្ដើម​រំលោភ បានសម្រេច ហើយក៏​បោះ​ក្មេងស្រី​នោះ ក្នុង​ទឹក​ស្រែ បណ្ដាល​ឲ្យ ស្លាប់​តែម្តង​។​

​កម្លាំង​នគរបាល​ជំនាញ​ខេត្ត កំពុង​រៀបចំ​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ មកកាន់​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕/V​-PC