​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ក្រសួងបរិស្ថាន បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “​សៀវភៅ​មគ្គុទេសក៍​ស្ដីពី​គ្រឿងទេស​នៅ​ប្រទេស​កម្ពុជា​” នៅ​ថ្ងៃទី​១១ ខែ ឧសភា​ឆ្នាំ ២០២២​។​
​ ​
​បើ​យោងតាម​សេចក្តីប្រកាស​ចេញផ្សាយ​កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០២២ បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន បាន​ផ្តួច​ផ្តើមគំនិត និង​រៀបចំ​ជា “​សៀវភៅ​មគ្គុទេសក៍​ស្តីពី​គ្រឿងទេស​នៅ​ប្រទេស​កម្ពុជា​” ដំបូង​គេ និង ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២ នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ នៅ​អគារ​ខេមរា​នី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។​

​ក្រសួងបរិស្ថាន​បានឱ្យដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា សៀវភៅ​គ្រឿងទេស​នេះ រៀបចំឡើង​ប្រយោជន៍ ដើម្បី​កំណត់​អត្តសញ្ញាណ ចងក្រង​ទុកជា​ឯកសារ អំពី​លក្ខណៈ​ជីវសាស្ត្រ រូបសាស្ត្រ សារប្រយោជន៍ ចំណេះដឹង​ជា​ប្រពៃណី និង​របៀប​នៃ​ការប្រើប្រាស់ រុក្ខជាតិ​គ្រឿងទេស​នៅ​កម្ពុជា ដែល​ប្រជាជន​តែងតែ​អនុវត្ត​តាំងពី​ដូនតា សម្រាប់​ធ្វើជា​គ្រឿងផ្សំ​ក្នុង ម្ហូបអាហារ​ប្រចាំថ្ងៃ និង​ជា​ឱសថ​ថែរក្សា​សុខភាព និង​ព្យាបាល​ជំងឺ​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នេះ​បានបញ្ជាក់​បន្ថែមថា​សៀវភៅ​ម​គ្គុ​ទេស​ក៏​ស្តីពី​គ្រឿងទេស​នៅ​ប្រទេស​កម្ពុជា នឹងមាន​ចែកជូន​ដល់​សាធារណជន​បណ្ដាញសារព័ត៌មាន តំណាង​ស្ថាប័ន និង​សិស្ស​និស្សិត​ដែល​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​កេសរ​កូ​ល​ជាតិ លើក​ទី​២ និង​ទស្សនា​ពិព័រណ៍​កេសរ​កូ​ល នៅ​អគារ​ខេមរា​នី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ ចាប់ពី​ម៉ោង ៨:៣០​នាទី​ព្រឹក ដល់​ម៉ោង ១៧:០០​នាទី​៕