ដោយ:សុផល/ភ្នំពេញ៖ អាស៊ានបានដាក់ចេញរួចហើយនូវស្មារតីជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ានឱ្យបានខ្លាំងក្លាឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវី១៩រយៈពេលជាងពីរឆ្នាំមកនេះក្នុងនោះកម្ពុជាបានបង្ហាញអំពីគោលបំណងចង់ឱ្យស្មារតីនេះពង្រីកឱ្យបានដល់ប្រទេសទីម័រឡេស្ដេខណៈភ្ញៀវទេសចរក្នុងប្រទេសនេះក៏និយមចេញដើរលេងក្រៅប្រទេសច្រើនដែរ។
ក្នុងជំនួបពិភាក្សាជាមួយភាគីទីម័រឡេស្ដេ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «សព្វថ្ងៃនេះទោះបី យើងកំពុងជំរុញចលនាទេសចរផ្ទៃក្នុងអាស៊ានតាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏ពិតមែនតែដោយសារទីម័លេស្តក៏ស្ថិតក្នុងតំបន់តែមួយហើយកន្លងមកនេះក្នុងនាមកម្ពុជាជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ក៏បាននិងកំពុងជំរុញកិច្ចសហប្រតិការយ៉ាងសកម្មផងដែរនោះ»។ លោករដ្ឋមន្ត្រីក៏ចង់ឃើញមានលំហូរទេសចរទីម័រឡេស្តេក្នុងតំបន់អាស៊ានផងដែរ។
ជំនួបពិភាក្សានេះធ្វើឡើងកាលពថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍។ភាគីកម្ពុជាដឹកនាំ ដោយលោករដ្ឋមន្ត្រី ថោង ខុន រីឯខាងភាគីទីម័រឡេស្ដេ លោក អាហ្គីអូ ពែរ៉េអ៉ីរ៉ា (Agio Pereira) ទេសរដ្ឋមន្ត្រីទីម័រឡេស្ដេ និងលោក អេរម៉េណេឈីលដូ គូប៉ា ឡូបប៉េស (Ermeneglido Kupa Lopes) ឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំកម្ពុជា។
លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ពីគោលបំណងចង់សម្រួលការធ្វើដំណើររវាងប្រទេសទាំងពីរ កម្ពុជា-ទីម័រឡេស្ដេ ក្នុងនោះមានការជំរុញឱ្យមានជើងហោះហើរត្រង់ ការលើកលែងទិដ្ឋាការខណៈពេលបច្ចុប្បន្នមិនទាន់មានការលើក លែងទិដ្ឋាការនៅឡើយទេ។ក្រៅពីនេះ គឺចង់ពង្រីក កិច្ចសហប្រតិបត្តិ ការលើការផ្សព្វផ្សាយរួមគ្នា ក្នុងនោះប្រសិនបើកម្ពុជាទៅផ្សព្វផ្សាយនៅប្រទេសទីម័រ ទីម័រក៏ជួយត្រូវផ្ដល់កិច្ចសហការជាមួយកម្ពុជា ហើយប្រសិនបើទីម័រមកផ្សព្វផ្សាយនៅកម្ពុជា កម្ពុជាក៏ត្រូវផ្ដល់កិច្ចសហការទៅវិញផងដែរ។
ភាគីទាំងពីរក៏បានលើកឡើងអំពីកិច្ចសហការជួយគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យមានការអភិវឌ្ឍផលិតផលទេសចរណ៍ផងដែរ។
សូមជម្រាបថា ភាគីទាំងពីរក៏កំពុងជំរុញបញ្ចប់សេចក្តីអនុស្សរណៈជាមួយគ្នាលើវិស័យទេសចរណ៍ ហើយនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕សរន-PC