​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អង្គការ​ឧតុនិយម​ពិភពលោក (WMO) បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៩ ឧសភា ថា ពិភពលោក​ប្រឈមមុខ​នឹង​ឱកាស ៥០ ភាគរយ​នៃ​ការឡើង​កម្តៅ ១,៥ អង្សា​សេ លើស​ពី​កម្រិត​មុន​ឧស្សាហកម្ម​នៅ​ត្រឹម​ឆ្នាំ ២០២៦ ទោះជា​វា​គ្រាន់តែ​ឡើង​កម្តៅ​តែ​មួយ​រយៈ​ខ្លី​ក៏ដោយ​។​

​នោះ​មិន​មានន័យថា​ពិភពលោក​នឹង​ឆ្លង​ហួស​កម្រិត​កម្តៅ​រយៈពេល​វែង ១,៥ អង្សា​សេ ដែល​អ្នកវិទ្យាសាស្ត្រ​បាន​កំណត់​ជា​ពិ​ដាន​សម្រាប់​ការចៀសវាង​ការប្រែប្រួល​អាកាសធាតុ​ដ៏​មហន្តរាយ​នោះ​ទេ​។​

​ប៉ុន្តែ​ការឡើង​កម្តៅ​ថែម ១,៥ អង្សា​សេ​ពេញ​មួយឆ្នាំ​អាច​ផ្តល់​នូវ​រសជាតិ​នៃ​អ្វីដែល​អាកាសធាតុ​ឡើង​ហួស​កម្រិត​កំណត់​រយៈពេល​វែង​នេះ​ផ្តល់​ឱ្យ​យើង​។​

​លោក ភី​ត​ធឺ​រី ថា​ឡាស (Petteri Taalas) អគ្គលេខាធិការ WMO បាន​និយាយ​ដោយ​សំដៅលើ​កិច្ចព្រមព្រៀង​អាកាសធាតុ​ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ ២០១៥ ថា “​យើង​កាន់តែ​ខិត​ទៅជិត​ជា​បណ្តោះអាសន្ន​ដល់​គោលដៅ​ទាប​នៃ​កិច្ចព្រមព្រៀង​ប៉ារីស​”​។​

​លទ្ធភាព​នៃ​ការកើនឡើង​លើសពី ១,៥ អង្សា​សេ​ក្នុង​រយៈពេល​ខ្លី​បាន​កំពុង​កើនឡើង​ចាប់តាំងពី​ឆ្នាំ ២០១៥ មក ដោយ​អ្នកវិទ្យាសាស្ត្រ​នៅ​ឆ្នាំ ២០២០ បាន​ប៉ាន់ប្រមាណ​ថា​មាន​ឱកាស ២០ ភាគរយ និង​បាន​កែប្រែ​កាលពី​ឆ្នាំ​មុន​រហូត​ដល់ ៤០ ភាគរយ​។ សូម្បី​ឡើង​សីតុណ្ហភាព ១,៥ អង្សា​សេ​ពេញ​មួយឆ្នាំ​ក៏​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ ដូច​ជា​ការសម្លាប់​ថ្ម​ប៉ប្រះ​ទឹក​ជាច្រើន​របស់​ពិភពលោក និង​ការ​បង្រួម​គម្រប​ទឹកកក​សមុទ្រ​អា​ក់ទិក​។​

​បើ​និយាយ​ពី​មធ្យមភាគ​រយៈពេល​វែង សីតុណ្ហភាព​ជា​មធ្យមរ​បស់​ពិភពលោក​បច្ចុប្បន្ន​គឺ​ប្រហែល ១,១ អង្សា​សេ​ក្តៅ​ជាង​មធ្យមភាគ​មុន​ឧស្សាហកម្ម​៕

មនុស្ស​ទៅ​ដង​ទឹក​នៅ​កន្លែង​យក​ថ្ម​ដែល​គេបោះបង់​ចោល​នៅក្នុង​ភូមិ​បា​ដា​ម៉ា (Badama) ក្នុង​រដ្ឋ​អ៊ូ​ត​ថា​ប្រា​ដេស​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២២