ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ផ្តល់​ឱ្យ​សុនខ​ហិត​មីន​ពូជ ជែក រូស​សែ​ល ធឺ​រៀ (Jack Russell Terrier)​នូវ​មេដាយ​សម្រាប់​សេវា​យោធា​​កាលពី​ថ្ងៃអាទិត្យ​ទី​៨​ឧសភា​។​

​លោក​ហ្សេ​លេន​ស្គី​បាន​ផ្តល់​រង្វាន់​ដល់​ឆ្កែ​នេះ​សម្រាប់​ការរកឃើញ​គ្រឿងផ្ទុះ​ជាង ២០០ គ្រាប់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​សង្គ្រាម​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

​លោក​បាន​ផ្តល់​រង្វាន់​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ទីក្រុង​គៀវ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កាណាដា​លោក ចា​ស្ទីន ទ្រូ​ដូ​។​

​ផា​ត្រុន (Patron) ជា​សុនខ​មាឌ​ល្អិត​ដែល​ឈ្មោះ​របស់​វា​មានន័យថា “​គ្រាប់កាំភ្លើង​” បាន​ក្លាយ​ជា​និមិត្តរូប​សុនខ​ស្នេហា​ជាតិ​របស់​អ៊ុយ​ក្រែន​យ៉ាង​ឆាប់រហ័ស​។​

​សុនខ​អាយុ​ពីរ​ឆ្នាំ​នេះ​បាន​ព្រុស​និង​គ្រវី​កន្ទុយ​ពេល​ទទួល​រង្វាន់ ជាហេតុ​ធ្វើឱ្យ​ទស្សនិកជន​ផ្ទុះសំណើច​សើច​ចុកពោះ​។ លោក​ទ្រូ​ដូ​បាន​លូក​ហោប៉ៅ​របស់គាត់​ធ្វើ​ហាក់ដូចជា​កំពុង​រាវរក​ចំណី​ឱ្យ​វា​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បន្ទាប់​ពី​ពិធី​នោះ​ថា “​ថ្ងៃនេះ ខ្ញុំ​ចង់​ផ្តល់​រង្វាន់​ដល់​វីរបុរស​អ៊ុយ​ក្រែន​ទាំងនោះ ដែល​កំពុង​បោសសម្អាត​មីន​ចេញពី​ដី​របស់​យើង​”​។​

“​ហើយ​រួមគ្នា​ជាមួយនឹង​វីរបុរស​របស់​យើង សុនខ​តូច​ផា​ត្រុន​ដ៏​អស្ចារ្យ មិន​ត្រឹមតែ​ជួយ​ដោះ​គ្រឿងផ្ទុះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្រៀន​កូនៗ​របស់​យើង​អំពី​ច្បាប់​សុវត្ថិភាព​ចាំបាច់​នៅក្នុង​តំបន់​ដែល​មាន​ការគំរាមកំហែង​ពី​គ្រាប់មីន​ទៀតផង​”​។​

​រង្វាន់​នេះ​ក៏​បាន​ទៅ​ម្ចាស់​របស់​ផា​ត្រុន​ផងដែរ គឺ​លោក មី​ហា​អ៊ី​ឡូ អ៊ី​ល​លីវ (Myhailo Iliev) ដែល​ជា​ផ្នែក​សំខាន់​មួយ​នៅក្នុង​សេវា​ការពារ​ជន​ស៊ីវិល​៕

ផា​ត្រុន​ទទួល​មេដាយ​ពី​លោក​ហ្សេ​លេន​ស្គី​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​ស្នាដៃ​ដោះមីន