ដោយ​៖​ក្រុមហ៊ុន​/​ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បានរៀបចំ​សន្និសីទ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ប៊ែ​ល​ធី លើក​ទី​៥ ឆ្នាំ​២០២២ BICC2022-​ប៊ី អាយ ស៊ី ស៊ី ២០២២ (The 5th BELTEI International Collaboration Conference 2022) តាមរយៈ Video Conference ក្រោម​ប្រធានបទ “​ឱកាស​អាហារូបករណ៍ និង​ការរៀបចំ​ជីវិត​សិក្សា​នៅក្រៅ​ប្រទេស​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩” ក្រោម​អធិបតីភាព លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក​-​អគ្គនាយក ប៊ែ​ល​ធី គ្រុបនិង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យប៊ែ​ល​ធីអន្តរជាតិ​។

​សាកលវិទ្យាល័យ​ដៃគូ​ចំនួន ៤៥ មកពី ១៩​ប្រទេស​ជុំវិញ​ពិភពលោក បាន​ចូលរួម និង ធ្វើ​បទ​បង្ហាញជូន​ដល់​និស្សិត​សាកលវិទ្យាល័យ និង​សិស្សសាលា ប៊ែ​ល​ធី អន្តរជាតិ ថ្នាក់​ទី​១១ និង​ទី​១២ សរុប​ជាង ៦,០០០​នាក់​។​

​លោក​លី ណា​វុ​ឌ្ឍ សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ បាន​មានប្រសាសន៍ថា​៖ BICC គឺជា​សន្និសីទ​លក្ខណៈ​អន្តរជាតិ ដែល​រៀបចំ​ដោយ​សាកល វិទ្យា ល័យ​ប៊ែ​ល​ធី​អន្តរជាតិ​ក្នុង​គោលបំណង​ពង្រឹង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ដៃគូ​នៅឯ​ក្រៅប្រទេស​ដែល​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MoU) ដើម្បី​រួមចំណែក​លើកកម្ពស់​គុណ​ភាព​វិស័យ​អប់រំ​នៅ​កម្ពុជា​ឱ្យមាន​ការទទួលស្គាល់​ជា​អន្តរជាតិ ដែលមាន ៧​ចំណុច​សំខាន់ៗ​៖
១- ផ្សព្វផ្សាយ​អំពី​វប្បធម៌ ការរីកចម្រើន​លើ​វិស័យ​អប់រំ និង​សេដ្ឋកិច្ច ក៏ដូចជា​វិស័យ​ផ្សេងៗ​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​
២- បង្កើន និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​ជាមួយ​គ្រឹះស្ថាន​អប់រំ​ឯកជន និង​សាធារណៈ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​
៣- ផ្សព្វផ្សាយ​ពី​គ្រឹះស្ថាន​ដៃគូ​ល្បីៗ​នៅតាម​ប្រទេស​នានា​ជូន​ដល់​សិស្ស​-​និស្សិត​កម្ពុជា ជាពិសេស​សិស្ស​-​និស្សិត​ប៊ែ​ល​ធី​
៤- បង្កើត​នូវ​វេទិកា​ទំនាក់ទំនង​សម្រាប់​គ្រឹះស្ថាន​ទាំងអស់​ដែល​បាន​ចូលរួម​
៥- ជំរុញ និង​បង្កើន​ចំនួន​សិស្ស​-​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​ឱ្យបាន​កាន់តែច្រើន​
៦- ផ្សព្វផ្សាយ​ពី​ឱកាស​ទទួលបាន​អាហារូបករណ៍​ជូន​ដល់​សិស្ស​-​និស្សិត​ប៊ែ​ល​ធី ក៏ដូចជា​សិស្ស​-​និស្សិត​ទូទាំងប្រទេស​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​
៧- ចូលរួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ជាមួយ​រាជរដ្ឋាភិបាល ដែលមាន​ក្រសួង​អប់រំ យុវជន​និង​កីឡា​ជា​សេនាធិការ​។​

​នៅក្នុង​ពិធី​បើក​សន្និសីទ​នេះ ក៏មាន​តំណាង​សាកលវិទ្យាល័យ​ដៃគូ ៣​រូប បាន​ថ្លែង​ចំណាប់អារម្មណ៍​ពី​ក្រៅប្រទេស តាមរយៈ Video Conference ផងដែរ ក្នុងនោះ​៖
១-​លោក​បណ្ឌិត ដូ​ណា​ល់ ថប​លី​ហ្វ នាយក និង​ជា​សាកលវិទ្យាធិការរង​ទទួលបន្ទុក​កិច្ចការ​សិក្សា​នៃ Angelo State University មកពី​សហរដ្ឋអាមេរិក បាន​ថ្លែង អំណរគុណ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ដែល​បានរៀបចំ​សន្និសីទ​នេះ​ឡើង និង​បាន​លើកទឹកចិត្ត​ដល់​សិស្ស​-​និស្សិត​កម្ពុជា​ឱ្យខិត​ខំ​សិក្សា​រៀនសូត្រ ដើម្បី​មាន ឱកាស​អាច​ទទួលបាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​។
២-​លោក ធី​ម ប៊ូ​ឡូ នាយក​ប្រតិបត្តិ​នៃ Minor Education នៃ​ព្រះរាជាណាចក្រ​ថៃ បាន​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ​ដែល​បាន​ចូលរួម​និង​ចែករំលែក​ព័ត៌មាន​សិក្សា​អំពី​សាកលវិទ្យាល័យ​រប​ស់​ខ្លួន​ជូន​ដល់​សិស្ស​-​និស្សិត​ប៊ែ​ល​ធី ក្នុង​សន្និសីទ​អន្តរជាតិ​នេះ​។​
៣-​លោក​សាស្ត្រាចារ្យ​បណ្ឌិត ជូ​អន ម៉ា​ទីន សាកលវិទ្យាធិការ​នៃ​សាកល​វិទ្យា​ជាតិ​របស់​ប្រទេស​ទី​ម័​រ​ខាងកើត បាន​កោតសរសើរ​អំពី​ការរៀបចំ​សន្និសីទ​អន្តរជាតិ BICC ជាពិសេស​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​។​

​ជាមួយគ្នា​នោះដែរ ក៏មាន​ការចែករំលែក​បទពិសោធន៍​អំពី​ជីវិត​សិក្សា​នៅក្រៅ​ប្រទេស​របស់​អតីត​សិស្ស​និទ្ទេស​-A ដែលជា​និស្សិត​អាហារូបករណ៍​ឧកញ៉ា លី ឆេង ចំនួន ២​រូប គឺ​លោក ប៉េង គីមហេង កំពុង​សិក្សា​នៅ​សាកលវិទ្យាល័យ San Francisco State សហរដ្ឋអាមេរិក និង​លោក កែវ ពិទូរ្យ បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ Hult នៃ​ប្រទេស​សិង្ហ​បុរី​។​

​ក្នុងឱកាស​នោះ​លោក​បណ្ឌិត លី ឆេង បាន​ជម្រាបជូន​អង្គ​សន្និសីទ​អំពី សន្តិភាព ស្ថិរភាព​នយោបាយ និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា រួមទាំង​វិស័យ​អប់រំ និង​សេដ្ឋកិច្ច ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ដែលមាន សម្តេច​អគ្គ​-​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ព្រមទាំង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់ និង ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ដែល​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​-១៩​។ ជាពិសេស​ជោគជ័យ​នៃ​ការគ្រប់គ្រង​វិបត្តិ​កូ​វីដ​-១៩ និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​តាមរយៈ យុទ្ធសាស្ត្រ​ផ្កា​រីក របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បង្កើតបាន​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍ និង​បាន​បើក​ដំណើរការ​សកម្មភាព​ស​ង្គ​ម សេដ្ឋ កិច្ច​លើ​គ្រប់​វិស័យ​ទូទាំងប្រទេស​ឡើងវិញ​។លោក​បណ្ឌិត ក៏បាន​អញ្ជើញ​ដៃគូ​ទាំងអស់​ឲ្យ​មក​ទស្សនា​នៅ​កម្ពុជា ព្រោះ កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិ ភាព និង​ភាពកក់ក្តៅ​។​

​លោក​បណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រឹះស្ថានសិក្សា​ទាំង​៤៥ មកពី ១៩​ប្រទេស ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ចូលរួម​សន្និសីទ​ដ៏​មាន​សារៈសំខាន់​នេះ និង​បានធ្វើ​បទ​បង្ហាញ​ចែករំលែក​ព័ត៌មាន​សិក្សា​របស់​សាកលវិទ្យាល័យ​ខ្លួន​ជូន​ដល់​សិស្ស​និស្សិត​កម្ពុជា​តាមរយៈ​VideoConference​។​ឯកឧត្តម​បណ្ឌិត​បាន​បន្ថែមថា​សន្និ សីទ​BICC2022​នេះ​ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការបង្កើន​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​នៅ​កម្ពុជា​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជា​សេនាធិការ​។​

​លោក​បណ្ឌិត ក៏បាន​លើកទឹកចិត្ត​ដល់​គណៈ​គ្រប់គ្រង​នៃ​សាកលវិទ្យាល័យ​ដៃគូ​នៅក្រៅ​ប្រទេស​ទាំងអស់ បន្ត​ចូលរួម​សន្និសីទ BICC 2023 ខាងមុខនេះ ដើម្បី​រួមគ្នា​ពង្រឹងគុណភាព​អប់រំ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ ជាពិសេស​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​ឱ្យបាន​កាន់តែ​ប្រសើរ​បន្ថែមទៀត​៕​Ph