ដោយៈ​សុផល​/​ភ្នំពេញ​៖សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក បួ​កែវ ភុំ​វង្ស​សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជួប​សម្តែង​ការគួរសម នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២​។​

​ក្នុងឱកាស​នៃ​ជំនួប លោក បួ​កែវ ភុំ​វង្ស​សាយ បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​ជូន សម្តេច​ប្រធានរដ្ឋសភា ពី​សំណាក់​ថ្នាក់ដឹកនាំ​បក្ស រដ្ឋ រដ្ឋសភា​នៃ​ប្រទេស​ឡាវ​។ លោក​បានលើកឡើង​ពី​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ ជា​លក្ខណៈ​បងប្អូន​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​តាំងពី​យូរ​មក​។ តំណាងឱ្យ​ប្រទេស​ឡាវ​លោក​ឯកអគ្គរដ្ឋទូត បាន​អរគុណ​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ដែល​បាន​ផ្តល់ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩ និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត​ជូន​ដល់​ប្រទេស​ឡាវ​នាពេល​កន្លងមក​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប សម្តេច​ប្រធានរដ្ឋសភា​ថា នៅក្នុងពេល​ចាប់ផ្តើម​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​នេះ ក្រោយពី​បាន​ជូន​សារតាំង​ដល់​ប្រមុខរដ្ឋស្តីទី​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ រួចមក លោក​បាន​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ភាគី​កម្ពុជា​ជាច្រើន ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​បេសកកម្ម​ការទូត​របស់​លោក​ទទួលបាន​ជោគជ័យ​បម្រើ​ផលប្រយោជន៍​ប្រទេស​ទាំង​ពីរ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ស្វាគមន៍​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម​ការទូត​របស់​លោក​នៅ​ម្ពុ​ជានា​ពេលនេះ ពិត​ជាមាន​សារសំខាន់ ក្នុង​ការបន្ត​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ដែលមាន​ស្រាប់​នេះ ឱ្យ​កាន់តែ​ប្រសើរ​ថែម​មួយកម្រិត​ទៀត ទាំង​ក្នុង​ក្របខណ្ឌ បក្ស រដ្ឋាភិបាល និង​រដ្ឋសភា ។​

​សម្តេច​បាន​មានប្រសាសន៍​បន្តថា ទោះបី​នៅក្នុង​កាលៈទេសៈ​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​ជាង​២​ឆ្នាំ​មកនេះ​យ៉ាងណាក្តី តែ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​នៅតែ​បន្តធ្វើ​ឡើងជា​ប្រក្រតី ហើយ​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច និង​ការជួប​សន្ទនា​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​បានធ្វើ​ឡើងជា​ប្រចាំ​។ ជាក់ស្តែង ដូចជា​ជំនួប សម្តេច​និង​លោក ប្រធានរដ្ឋសភា តាម​ប្រព័ន្ធ​វីដេអូ និង​ដំណើរ​ទស្សនកិច្ច​របស់​លោក នាយករដ្ឋមន្ត្រី​ឡាវ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ជាដើម ។​

​សម្តេច​ប្រធាន​បាន​លើកឡើងថា នៅ​ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងឋានៈ​ជា​ប្រធាន​ប្តូរ​វេន នឹង​រៀបចំ​មហាសន្និបាត​អាយ​ប៉ា និង​ជំនួប​កំពូល​អាស៊ាន​។ កម្ពុជា​ជឿជាក់ថា ប្រទេស​ឡាវ​និង​មាន​វត្តមាន​នៅក្នុង​មហាសន្និបាត​និង​ជំនួប​ដ៏​សំខាន់​នោះ​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​គូសបញ្ជាក់ថា រដ្ឋសភា និង​រដ្ឋាភិបាល​ឡាវ នឹង​បន្ត​គាំទ្រ​តួនាទី​លើ​ឆាក​អន្តរជាតិ​ដ៏​មាន​សារៈសំខាន់​នេះ​របស់​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​នាំមក​នូវ​ជោគជ័យ និង​វិបុលភាព ប្រជាជាតិ​ទាំងពីរ និង​តំបន់​អាស៊ាន​ទាំងមូល​ផងដែរ​៕​សរន​-PC